ព្រឹត្តិការណ៍

ប្រធានាធិបតីចិន អំពាវនាវឱ្យសកលលោក ធ្វើសង្គ្រាមប្រឆាំង នឹងវីរុស COVID-១៩ ក្នុងកិច្ចប្រជុំកំពូល វិសាមញ្ញប្រទេស G-២០

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ីជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យមានដំណោះស្រាយជាសកល ប្រឆាំងនឹង ការផ្ទុះឡើងនៃវីរុស COVID-១៩ ខណៈមេដឹកនាំនៃក្រុមប្រទេស G-២០ បានកោះប្រជុំកំពូលវិសាមញ្ញមួយ ដើម្បីសម្របសម្រួលការ ឆ្លើយតបពហុភាគី ចំពោះរោគរាតត្បាត។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ី បានថ្លែងទៅកាន់កិច្ចប្រជុំកំពូល តាមរយៈតំណភ្ជាប់វីដេអូ នៅទីក្រុងប៉េកាំងថា “វាជាការចាំបាច់សម្រាប់សហគមន៍អន្តរជាតិ ដើម្បីពង្រឹងទំនុកចិត្ត ធ្វើសកម្មភាពប្រកបដោយសាមគ្គីភាព និងធ្វើការជាមួយគ្នា ក្នុងការឆ្លើយតបរួមគ្នា” ។

ដោយហៅជំងឺឆ្លងធំ ៗ ជាសត្រូវរបស់មនុស្សទាំងអស់ លោកស៊ីបាននិយាយថា សហគមន៍អន្តរជាតិ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងនូវភាពស៊ីចង្វាក់គ្នា ឱ្យកាន់តែប្រសើរឡើង ដើម្បីឱ្យមនុស្សជាតិទទួលបានជ័យជំនះ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។

កិច្ចប្រជុំកំពូលនេះបានកើតឡើង នៅពេលចំនួនអ្នកស្លាប់ជាសកលពីវីរុស ដែលជាជំងឺដែលបណ្តាល មកពីមេរោគឆ្លងថ្មី បានកើនឡើងដល់ ២១.០០០ នាក់ ហើយចំនួន នៃការឆ្លងបានកើនឡើងដល់ ៤៨០.០០០ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការរាប់ របស់សាកលវិទ្យាល័យ Johns Hopkins ។

នេះជាលើកទី ១ ហើយសម្រាប់មេដឹកនាំ នៃប្រទេសមានសេដ្ឋកិច្ចធំ ៗ ទាំង ២០ នៅលើពិភពលោក ដែលបានបើកកិច្ចប្រជុំកំពូល តាមអ៊ិនធរណេត ចាប់តាំងពីយន្តការ ដែលធ្លាប់តែប្រមូលផ្តុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងធនាគារកណ្តាល ត្រូវបានលើកឡើងថា ជាវេទិកាឈានមុខគេសម្រាប់កិច្ច សហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិក្នុងឆ្នាំ ២០០៨ ។

ដោយសង្កត់ធ្ងន់ទៅលើការរីករាលដាល នៃជំងឺនេះកំពុងរីករាលដាលពាសពេញពិភពលោក ហើយស្ថានភាពកំពុងរំខាន និងអសន្តិសុខនោះ លោកស៊ី ដែលជាប្រធានាធិបតីចិន បានអំពាវនាវឱ្យប្រទេសនានា ចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

លោកបានស្នើឱ្យមាន កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាល G20 ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យប្រសើរឡើងនូវការចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការលើថ្នាំ វ៉ាក់សាំង និងការគ្រប់គ្រងជំងឺរាតត្បាត និងកាត់បន្ថយការឆ្លងឆ្លងពីតាមព្រំដែន។

លោកស៊ី ជិនពីង ក៏បានស្នើគំនិតផ្តួចផ្តើម ជំនួយលើវីរុស COVID-19 នៃប្រទេស G20 សម្រាប់ការចែករំលែកព័ត៌មាន និងគោលនយោបាយ និងការសម្របសម្រួល សកម្មភាពកាន់តែប្រសើរឡើង ដោយមានការគាំទ្រពីអង្គការ សុខភាពពិភពលោក។

លោកបាននិយាយថា ដោយដឹកនាំទស្សនវិស័យ នៃ ការកសាងសហគមន៍មួយ ចែករំលែកអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ប្រទេសចិននឹងត្រៀម ខ្លួនជាស្រេចដើម្បីចែករំលែកការ អនុវត្តល្អរបស់ខ្លួន និងផ្តល់ជំនួយនៅក្នុងសមត្ថភាព របស់ខ្លួនដល់ប្រទេស ដែលរងគ្រោះដោយការរីករាលដាល នៃជំងឺនេះ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top