ព្រឹត្តិការណ៍

រដ្ឋបាលលោក ត្រាំ ដាក់ក្រុមហ៊ុនចិន ក្នុងបញ្ជីខ្មៅ ពីបទធ្វើការងារជាមួយ ក្រុមហ៊ុនអាកាស ចរណ៍អ៊ីរ៉ង់

បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានប្រកាសទណ្ឌកម្មប្រឆាំង ក្រុមហ៊ុនចិនមួយ ពីបទធ្វើការងារ ជាមួយក្រុមហ៊ុន អាកាសចរណ៍អ៊ីរ៉ង់ ដែលត្រូវបានអាជ្ញាធរ សហរដ្ឋអាមេរិក ចាត់កំណត់ទុក ពាក់ព័ន្ធការគាំទ្រ អំពើភេរវកម្ម។

ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្ដាហ៍នេះថា ខ្លួនកំពុងតែកំណត់ឈ្មោះក្រុមហ៊ុនចិន Shanghai Saint Logistics Limited ពីបទធ្វើជាភ្នាក់ងារលក់ទូទៅ ឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air ដែលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មក្នុងឆ្នាំ២០១១ ពីបទផ្តល់ការគាំទ្រ ផ្នែកសម្ភារៈឲ្យដល់កងកម្លាំង ការពារបដិវត្តន៍ឥស្លាម របស់ប្រទេសអ៊ីរ៉ង់ និងដាក់ទណ្ឌកម្មម្តងទៀត ក្នុងឆ្នាំ២០១៩ ពីបទដឹកជញ្ជូនឧបករណ៍មីស៊ីល និងនុយក្លេអ៊ែ ដែលអង្គការសហប្រជាជាតិ ហាមឃាត់ ទៅឲ្យប្រទេសអ៊ីរ៉ង់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តី ប្រកាសមួយ ក្រសួងរតនាគារ អាមេរិកបាននិយាយថា នេះជាលើកទី៧ហើយ ដែលសហរដ្ឋអាមេរិក ចុះបញ្ជីខ្មៅក្រុមហ៊ុន ពីបទធ្វើការងារជាភ្នាក់ងារលក់ទូទៅ ឲ្យក្រុមហ៊ុនអាកាសចរណ៍អ៊ីរ៉ង់ Mahan Air ចាប់តាំងពីឆ្នាំ២០១៨មក ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top