ព្រឹត្តិការណ៍

ចិនក្តៅស្លឹកត្រចៀក ក្រោយអង់គ្លេស ប្រកាសផ្តល់សិទ្ធិ ពលរដ្ឋ ដល់អ្នកហុងកុង

បរទេស៖ ប្រទេសចិន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការផ្តល់ជូន របស់រដ្ឋាភិបាលអង់គ្លេស ដើម្បីអនុញ្ញាតឱ្យពលរដ្ឋ ហុងកុងទាំងអស់ ដែលមានលិខិតឆ្លងដែន សញ្ជាតិអង់គ្លេស (ក្រៅប្រទេស) មានសិទ្ធិចូល និងរស់នៅក្នុង ចក្រភពអង់គ្លេស និងផ្តល់ផ្លូវភាព ជាពលរដ្ឋអង់គ្លេសបាន ។ ចិនចោទប្រកាន់ថា ការផ្តល់ជូននេះ បានរំលោភសេចក្តី ប្រកាសរួម ចិន – អង់គ្លេសឆ្នាំ ១៩៨៤ ជុំវិញការបន្តអធិបតេយ្យភាពចិន លើហុងកុង។

យោងតាមវែបសាយ The Conversation ចេញផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការផ្តល់របស់រដ្ឋមន្រ្តីក្រសួងការបរទេស អង់គ្លេស គឺលោក Dominic Raab បានអនុវត្ត ក្រោយការអនុម័ត នៃសេចក្តីសម្រេចរបស់សភា ប្រជាជនជាតិចិន ដើម្បីអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុង។

ចំណាត់ការរបស់ប្រទេសចិន លើហុងកុងនេះ បានទទួលការរិះគន់យ៉ាងខ្លាំង ពីប្រទេសប្រជាធិបតេយ្យលោកខាងលិច រួមទាំងសហរដ្ឋអាមេរិក ដែលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមដកហូត ការអនុគ្រោះពាណិជ្ជកម្ម របស់ហុងកុង ខណៈទីក្រុងនេះលែងមានស្វ័យភាព ពីប្រទេសចិន។

យោងតាមការប៉ាន់ស្មានចុងក្រោយ របស់ការិយាល័យក្នុងស្រុក គឺមានមនុស្សហុងកុងជិត ៣៥០.០០០ នាក់ដែលកាន់លិខិតឆ្លងដែន ជាតិអង់គ្លេស ឬហៅកាត់ថា BN (O) ដែលត្រូវបានផ្តល់ទៅឱ្យមនុស្សទាំងអស់ ដែលកើតនៅហុងកុង មុនពេលវាត្រូវបានប្រគល់ ពីចក្រភពអង់គ្លេសទៅប្រទេសចិន ។ ចាប់តាំងពីឆ្នាំ ១៩៩៧ អ្នកកាន់លិខិតឆ្លងដែន BN (O) មានសិទ្ធិស្នាក់នៅក្នុងចក្រភពអង់គ្លេសរយៈពេល ៦ ខែ។ ការផ្តល់ជូន របស់លោក Dominic Raab នឹងផ្តល់ឱ្យពួកគេនូវសិទ្ធិធ្វើការនិងសិក្សា នៅចក្រភពអង់គ្លេស ក្នុងរយៈពេល ១២ ខែ ដែលអាចពង្រីកបាននិងផ្តល់នូវ“ មាគ៌ាឆ្ពោះទៅរកភាពជាពលរដ្ឋ នាពេលអនាគត” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top