ព័ត៌មានជាតិ

អ្នកឧកញ៉ា ទៀ វិចិត្រ នាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួន និងថវិការបស់សប្បុរជន ទៅជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ

ភ្នំពេញ៖អ្នកឧកញ៉ា ទៀ វិចិត្រ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បាននាំយកអំណោយ មានគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ថវិកាផ្ទាល់ខ្លួនរបស់អ្នកឧកញ៉ា និងថវិការបស់សប្បុរជន​ ដែលចូលរួមតាមរយៈអ្នកឧកញ៉ា ទៅឧបត្ថម្ភជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារ ក្នុងនោះក្រៅពីសម្ភារៈ គ្រឿងឧបភោគបរិភោគ មានថវិកាសរុបចំនួនជាង ២៣៤លានរៀល ដែលអញ្ជើញទទួលផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជំនួយនេះ អញ្ជើញទទួលផ្ទាល់ដោយ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងនោះលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងនាមកងកម្លាំងកងទព័ នាយទាហាន នាយទាហានរងនិងពលទាហាន​ នៅព្រំដែនជួរមុខ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ា ទៀ វិចិត្រ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគជាថវិកា ជាគ្រឿងឧបភោគបរិភោគ ជាសម្ភារៈប្រើប្រាស់ នាំយកមកជូនកងទ័ពជួរមុខ នៅក្នុងខេត្តព្រះវិហារនាពេលនេះ ដែលជាស្មារតីស្នេហាជាតិរួមគ្នា រវាងប្រជាពលរដ្ឋនិងកងទព័ការពារជាតិ។

តាមរយៈលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ជូនពរ​ ដល់នាយទាហាន នាយទាហានរង ពលទាហាននិងកងកម្លាំង នៅព្រំដែនជួរមុខទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជយ័គ្រប់ភារកិច្ច។

អ្នកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បន្ថែមថា ក្នុងនាមពលរដ្ឋដែលនៅខាងក្រោយ គឺមានជំនឿយ៉ាងមុតមាំលើការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី មាតុភូមិកម្ពុជា និងគាំទ្រនូវរាល់ការសម្រេចចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ៕

Most Popular

To Top