ព័ត៌មានជាតិ

បដិមាព្រះនរាយណ៍ផ្ទុំ និងបដិមាសំរឹទ្ធ -១២៦ផ្សេងទៀត កំពុងបង្ហាញពី ក្បាច់ក្បូរចម្លាក់ដ៏ប្រណិត របស់ខ្មែរនៅឯទឹកដីបារាំង

បដិមាសំរឹទ្ធខ្មែរ ដ៏ច្រើនចំនួន ១២៦ និងជាពិសេស បដិមាព្រះនរាយណ៍ផ្ទុំធ្វើពីសំរឹទ្ធ ដែលត្រូវបានយកមកជួសជុល នៅប្រទេសបារាំង តាំងពីឆ្នាំ២០២៤ ក៏បានដាក់តាំងបង្ហាញដែរក្នុង ពិព័រណ៍ស្តីពីរាជសំរឹទ្ធខ្មែរ ៖ សិល្បៈនៃអាទិទេព “Angkor Royal Bronzes: Art of Divine” ខណៈបានបើកសម្ពោធជាផ្លូវការ នៅ សារមន្ទីរសិល្បៈអាស៊ី-ហ្គីមេ ប្រទេសបារាំង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ និងរៀបចំសហការ ដោយសាលាបារាំង ចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុល នៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា ផងដែរ។

ពីសម្ភោធនេះ ស្ថិតក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានប្រតិភូ នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងថ្នាក់ ដឹកនាំជាច្រើនរូបទៀត ។ ក្នុងនោះក៏មានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មាន មកពីស្ថាប័នសារព័ត៌មានធំៗ លើពិភពលោកចំនួន៧៤នាក់ផងដែរ។

កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូត ដ៏ធំធេងបំផុត នាំកម្ពុជាទៅលើឆាកអន្តរជាតិ។

ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់តាំងនៅសារមន្ទីរ ហ្គីមេប្រទេសបារាំងរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុង នឹងបន្តទៅដាក់តាំង ផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥ ។ ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧៕

Most Popular

To Top