ព័ត៌មានជាតិ

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ ៖ សិក្ខាសាលានេះផ្តោតទៅលើកការកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា

ខេត្តស្ទឹងត្រែង៖ លោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាតាមស្តង់ដាសាលារៀនគំរូ នៅខេត្តស្ទឹងត្រែង។

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ បានមានប្រសាសន៍ថា ក្រោយពីបានស្ដាប់របាយការណ៍លម្អិត និងការវាយតម្លៃលើសិក្ខាកាមទាំងអស់របស់លោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និស្សិត រួចមក សិក្ខាសាលានេះ បានចូលរួមក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ ក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របតាមតម្រូវការ។

លោកបានបន្តថា ថែមទំាងជួយក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

លោកបណ្ឌិតបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍិ និងថាមពលខ្ពស់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព អាទិភាពគន្លឹះ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះបញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលរួមមានមុំចំនួន៥ ៖ មុំទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុំទី២ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស មុំទី៣ លើកកម្ពស់សុខភាព និងសុខុមាលភាព មុំទី៤ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងមុំទី៥ ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម។

លោកបណ្ឌិត អ៊ុក ឌីវ៉ង់ បានអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមចូលរួមអនុវត្តន៍ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសថ្នាក់ជាតិឲ្យបានពេញលេញ ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនាកីឡាក្រៅម៉ោងសិក្សាឱ្យបានទូលំទូលាយ។ ជាពិសេស សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀន ដើម្បីជាគោលដៅសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗសិស្សានុសិស្សផង រួមចំណែកលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិផង និងជាពិសេសទៀតនោះ ដើម្បីពង្រីកវិសាលភាព គុណភាពលើវិស័យកីឡាឱ្យកាន់តែរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត៕

ដោយ៖លី ភីលីព

Most Popular

To Top