ម៉ាឡេស៊ី៖ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា បានប្រាប់តាមអនឡាញពីប្រទេសម៉ាឡេស៊ីថា សន្និសីទអាស៊ានស្ដីពី “សមភាពយេនឌ័រក្នុងវិស័យកីឡាឆ្នាំ២០២៥” នៅប្រទេសម៉ាឡេស៊ីនេះមានសារសំខាន់ណាស់ដោយសំដៅទៅលើកកម្ពស់សមភាពយេនឌ័រ ស្ត្រីក្នុងងវិស័យកីឡា ផ្តល់តម្លៃ និងមានសិទ្ធសម្រេច ផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព។

លោកស្រី ហង់ ស៊ីមន បានបន្តថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនគណៈប្រតិភូជាស្រ្តី ៥ រូបឲ្យចូលរួមសន្និសីទអាស៊ានស្ដីពី “សមភាពយេនឌ័រក្នុងវិស័យកីឡាឆ្នាំ២០២៥” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុង Penang ប្រទេសម៉ាឡេស៊ី ក្នុងនោះកម្មវិធីមានការចូលរួមពីបណ្តាលប្រទេសអាស៊ាន១០ប្រទេស និងប្រទេសទីម័រ។

គណៈប្រតិភូជាស្រ្តី ៥ រូបរួមមាន លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា កញ្ញា អ៊ុក ស៊ីវខេង មន្រ្តីលេខាធិការដ្ឋានអគ្គនាយកដ្ឋានកីឡា លោកស្រី ប្រាក់ សម្ជស្ស អនុប្រធានគណៈកម្មការសមភាពយេនឌ័រ ពិពិធកម្ម និងបរិយាប័ន្ន លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកកីឡាចំបាប់ (កីឡាការិនី) និងលោកស្រី ស្រី ស៊ីវឡេង។


អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាបានបញ្ជាក់ថា ពិធិបើកកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកលោក YB.HANNA YEOH រដ្ឋមន្ត្រីក្រសួង យុវជន និងកីឡា ម៉ាឡេស៊ី ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាកីឡាអូឡាំពិកម៉ាឡេស៊ី ។ កិច្ចប្រជុំ នេះមានសារសំខាន់បំផុត ដោយសំដៅលើកកម្ពស់សមភាពយេនឌ័រ ស្ត្រីក្នងវិស័យកីឡា ផ្តល់តម្លៃ និងមានសិទ្ធសម្រេច ផ្តល់យោបល់ប្រកបដោយប្រសិទ្ធភាព ដោយអញ្ជើញវាគ្មិនដែលមានបទពិសោធន៍និងចំណេះដឹងខ្ពស់ សុទ្ធសឹងជាស្រ្តី មកពីប្រទេស អាមេរិក ញ៉ូវហ្សឺលេន ចក្រភពអង់គ្លេស អូស្រ្តាលី និងម៉ាឡេស៊ី ៕
ដោយ៖ លី ភីលីព
