ព័ត៌មានជាតិ

ណាហ្គាវើលដ៍ បេះដូងសប្បុរស រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត ៥០០ នាក់ ប្រមូលសំណល់ ៤,៧ តោន ក្នុងឱកាសអបអរ ទិវាសម្អាតពិភពលោក

ភ្នំពេញ ៖ ណាហ្គាវើលដ៍ បេះដូងសប្បុរស ដែលជាផ្នែកនិរន្តរភាព និងការងារទំនួលខុសត្រូវ សង្គមរបស់ក្រុមហ៊ុន ណាហ្គាវើលដ៍ រួមជាមួយបុគ្គលិកស្ម័គ្រចិត្ត របស់ខ្លួនប្រហែល ៥០០ នាក់បានប្រមូលសំណល់ប្លាស្ទិក និងសំរាម ៤,៧ តោនដែលស្មើ នឹងការកាត់បន្ថយការ បញ្ចេញចោល នៃឧស្ម័នកាបូនិក ៧០៥ គីឡូក្រាម ។ ត្រូវបានធ្វើឡើងដើម្បីគាំទ្រ ដល់ទិវាសម្អាតពិភពលោក ឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនេះ មានការចូលរួមពីបុគ្គលិកស្ម័គ្រចិត្ត ជាច្រើនដោយពួកគេ បានចំណាយពេលជាង ៣០០០ ម៉ោង ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារបរិស្ថាន ។

បរិស្ថានសាលារៀនស្អាត ធ្វើឱ្យការសិក្សាប្រសើរឡើង និងលើកកម្ពស់សុខុមាលភាពសិស្សានុសិស្ស

ណាហ្គាវើលដ៍បេះដូងសប្បុរស បានរៀបចំសកម្មភាពសម្អាត ជាច្រើននៅទូទាំងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តកែប។ សិស្ស ប្រជាពលរដ្ឋក្នុងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន បានពួតដៃគ្នាប្រមូលសំណល់ប្លាស្ទិក និងសំរាមនៅតាមផ្លូវជាតិ ទីធ្លាសាលារៀន កោះ និងឆ្នេរសមុទ្រ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានប្រែក្លាយទីសាធារណៈ មានសំរាមទៅជាកន្លែងដែលស្អាត និងស្រស់បំព្រងជាងមុន ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស ប្រមូលសំណល់ពីឆ្នេរសមុទ្រក្នុងខេត្តកែប។

លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា ការរក្សាប្រទេសកម្ពុជា ឲ្យស្អាត គឺជាទំនួលខុសត្រូវរួម របស់យើងទាំងអស់គ្នា ។ បុគ្គលិកស្ម័គ្រចិត្តរបស់យើង បានប្រែក្លាយទំនួលខុសត្រូវនេះ ទៅជាសកម្មភាពដោយធ្វើការ ប្រមូលសំរាមជាក់ស្តែង និងផ្តល់សិក្ខាសាលាអប់រំ នៅតាមសាលារៀន ។ ការផ្តោតរបស់យើង មិនត្រឹមតែ កាត់បន្ថយសំណល់ និងលើកកម្ពស់ការ កែច្នៃឡើងវិញ ប៉ុណ្ណោះទេប៉ុន្តែថែមទាំង កាត់បន្ថយសំរាមឲ្យតិចបំផុតហូរចូលទន្លេ ឬកន្លែងចាក់សំរាម ។ បរិស្ថានកាន់តែស្អាត មានន័យថាការរស់នៅ មានសុខភាពល្អជាងមុន និងសហគមន៍ប្រសើរជាងមុន ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមទិវាសម្អាតពិភពលោកលើកទី៨ ដែលត្រូវបានប្រារព្ធនៅទូទាំងប្រទេស។

គួរបញ្ជាក់ថា ទិវាសម្អាតពិភពលោកលើកទី៨ ក្នុងប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាលដែលរៀបចំឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្អាតទន្លេសមុទ្រ ។

ការសម្អាតនៅតាមផ្លូវជាតិក្នុងខេត្តកណ្តាល។

លោក នូ សុវណ្ណ ស្ថាបនិកអង្គការសម្អាតទន្លេសមុទ្រ បានឲ្យដឹងថា ការជួយសង្គ្រោះទន្លេ មានន័យថា ជួយសង្គ្រោះជីវិត។ “ទន្លេ គឺជាសរសៃឈាមរបស់ប្រទេសកម្ពុជា ។ ទន្លេផ្តល់ទឹក អាហារ និងបង្កើនជីវភាពដល់មនុស្សរាប់លាននាក់។ ប៉ុន្តែទន្លេរបស់យើងត្រូវបានបំពុល ហើយតម្លៃរបស់វាត្រូវបានមើលរំលង ដែលនាំទៅរកផលប៉ះពាល់អវិជ្ជមាន ទៅលើសុខភាព សេដ្ឋកិច្ច និងបរិស្ថាន” ។
ចែករម្លែកបទពិសោធន៍ ផ្ទាល់ខ្លួន របស់គាត់ លោក សុវណ្ណ បានបន្ថែមថា “សម្រាប់ខ្ញុំ បេសកកម្មនេះមានរឿងពាក់ព័ន្ធ ជាមួយខ្ញុំច្រើន ។ ធំលូតលាស់បន្ទាប់ពី របបខ្មែរក្រហម គ្រួសារដែលមានគ្នា ៩ នាក់របស់ខ្ញុំ បានរស់រានមានជីវិត នៅលើទឹកបឹង ដែលនៅក្បែរកន្លែងរស់នៅរបស់ខ្ញុំ ។ ក្រោយមក នៅពេលខ្ញុំធ្វើដំណើរទូទាំងប្រទេសកម្ពុជា ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយឃើញទន្លេ និងឆ្នេរមានសំណល់ប្លាស្ទិករាយប៉ាយយ៉ាងច្រើន ។ ឃើញដូចនោះ ខ្ញុំក៏បានអំពាវនាវ ឱ្យមានសកម្មភាព។ ការប្រឹងប្រែងដែលយើងធ្វើ ដើម្បីការពារទន្លេរបស់យើង ផ្តល់លទ្ធផលវិជ្ជមាន យូរអង្វែង ធ្វើឱ្យជីវិតប្រសើរឡើង និងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់ប្រទេសកម្ពុជា” ។

សកម្មភាពប្រមូលសំណល់ប្លាស្ទិក និងសំរាមចេញពីទន្លេ។

គួរដឹងថា ណាហ្គាវើលដ៍ ប្តេជ្ញាលើកកម្ពស់ និរន្តរភាពបរិស្ថាន នៅគ្រប់ប្រតិបត្តិការរបស់ខ្លួន ។ តាមរយៈណាហ្គាវើលដ៍បេះដូង សប្បុរស កិច្ចខិតខំប្រឹងប្រែងទាំងនេះ ត្រូវបានពង្រីកទៅដល់សាលារៀន និងសហគមន៍ ដែលជួយលើកកម្ពស់ការយល់ដឹង អំពីការប្រើប្រាស់ប្រកប ដោយការទទួលខុសត្រូវ និងលើកទឹកចិត្តឱ្យមានការ ផ្លាស់ប្តូរឥរិយាបថជាលក្ខណៈយូរអង្វែង ។ តាមរយៈការបញ្ចូលការអនុវត្ត បែបនិរន្តរភាពទៅ ក្នុងការប្រតិបត្តិការ និងពង្រីកទៅដល់ សាលារៀន និង សហគមន៍ ណាហ្គាវើលដ៍បន្តគាំទ្រដល់គោលដៅការពារ បរិស្ថាន យូរអង្វែងរបស់ ប្រទេសកម្ពុជា ធ្វើការឆ្ពោះទៅ រកអនាគតកាន់តែស្រស់បំព្រង បៃតង និងមានភាពធន់ជាងមុន សម្រាប់ប្រទេសកម្ពុជា”៕

Most Popular

To Top