ភ្នំពេញ៖ ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Vietjet និង Airbus បានបិទបញ្ចប់ការបញ្ជាទិញយន្តហោះ Airbus A321neo ចំនួន ១០០ គ្រឿង ដែលពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ចំពោះការពង្រីកបណ្តាញ និងការធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយក្រុមហ៊ុន Rolls-Royce ដើម្បីទិញម៉ាស៊ីន Trent 7000 ចំនួន ៩២ គ្រឿង អមដោយសេវាកម្មថែទាំ TotalCare® ដ៏ទូលំទូលាយ ដែលមានតម្លៃសរុបជាទឹកប្រាក់ ៣,៨ ពាន់លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍សំខាន់ៗទាំងនេះ ត្រូវបានប្រកាសក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការរបស់អគ្គលេខាធិការវៀតណាម លោក To Lam ទៅកាន់ចក្រភពអង់គ្លេស ដែលជាឱកាសប្រវត្តិសាស្ត្រមួយដែលបង្ហាញពីការលើកកម្ពស់ទំនាក់ទំនងវៀតណាម-ចក្រភពអង់គ្លេសទៅជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ កិច្ចព្រមព្រៀងទាំងនេះ បង្ហាញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរក្នុងវិស័យអាកាសចរណ៍ បច្ចេកវិទ្យា និងការវិនិយោគ ខណៈដែលក្រុមហ៊ុន Vietjet បន្តពង្រឹងជំហររបស់ខ្លួននៅទូទាំងអាស៊ី និងទីផ្សារសកល រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Nguyen Thi Phuong Thao ប្រធានក្រុមហ៊ុន Vietjetបានមានប្រសាសន៍ថា៖ «កិច្ចព្រមព្រៀងទាំងនេះមិនមែនគ្រាន់តែជាកិច្ចសន្យាពាណិជ្ជកម្មនោះទេ ប៉ុន្តែជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីប្រាថ្នា និងចក្ខុវិស័យរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ទំនាក់ទំនងជាសកល។ Airbus និង Rolls-Royce គឺជាដៃគូដែលគួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការសម្រេចក្តីសុបិន្តហោះហើររបស់មនុស្ស — ដោយផ្តល់នូវការធ្វើដំណើរដ៏មានសុវត្ថិភាព ផាសុកភាព និងរីករាយសម្រាប់អ្នកដំណើររបស់យើង។ យើងរួមគ្នាមិនត្រឹមតែផ្សារភ្ជាប់ទីក្រុង និងប្រទេសនានាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ការទំនាក់ទំនងរវាងមនុស្ស វប្បធម៌ និងអនាគត — ដោយក្លាយជាស្ពាននៃកំណើន កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងចំណោមសេដ្ឋកិច្ចសម្រាប់ពិភពលោកដែលមានសន្តិភាព និងប្រសើរជាងមុន»។

លោក Christian Scherer នាយកប្រតិបត្តិនៃអាជីវកម្មយន្តហោះពាណិជ្ជកម្មនៅ Airbus បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពណាស់ក្នុងការសហការជាមួយ Vietjet — ដែលជានិមិត្តរូបនៃភាពរស់រវើក និងឈរលើចំណុចដែលកំពុងមានការវិវឌ្ឍរីកចម្រើនរបស់ប្រទេសវៀតណាម»។
លោក Ewen McDonald ប្រធានផ្នែកអតិថិជននៃក្រុមហ៊ុន Rolls-Royce Civil Aerospace បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានឃើញ និងអមដំណើរការរីកចម្រើនគួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន Vietjet។ កិច្ចព្រមព្រៀងនេះ បើកឱកាសសំខាន់ៗជាច្រើនសម្រាប់ក្រុមហ៊ុន Vietjetដើម្បីបន្តពង្រីកបណ្តាញរបស់ខ្លួន ដោយផ្តល់ជូនអ្នកដំណើរនូវបទពិសោធន៍ធ្វើដំណើរដែលមានតម្លៃសមរម្យ មានផាសុកភាព និងមិនអាចបំភ្លេចបាននៅទូទាំងពិភពលោក។ ក្រុមហ៊ុន Vietjet ឥឡូវនេះគឺជាអតិថិជនដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Rolls-Royce ហើយយើងមានមោទនភាពក្នុងការគាំទ្រក្រុមហ៊ុនអាកាសចរណ៍នេះលើដំណើរអភិវឌ្ឍន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួន»។

ម៉ាស៊ីនយន្តហោះ Trent 7000 នឹងផ្តល់ថាមពលដល់កងនាវាយន្តហោះ A330neo ដែលមានតួនិងរូបរាងធំទូលាយចំនួន ៤០ គ្រឿងរបស់ Vietjet នឹងគាំទ្រដល់សេវាកម្មហោះហើរដោយត្រង់រវាងប្រទេសវៀតណាម និងអឺរ៉ុបនាពេលអនាគត។ សេវាកម្មថែទាំ TotalCare®របស់ Rolls-Royce នឹងបង្កើនភាពជឿជាក់ និងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀតពេញមួយវដ្តជីវិតយន្តហោះផងដែរ។
ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងសៀមរាប និងហាណូយ អ្នកធ្វើដំណើរកម្ពុជាអាចទស្សនានិងស្វែងអំពីវប្បធម៌ដ៏រស់រវើករបស់រដ្ឋធានីវៀតណាម មុនពេលតភ្ជាប់ទៅកាន់គោលដៅល្បីៗនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។ តាមរយៈការការពង្រីកខ្លួនឥតឈប់ឈររបស់ខ្លួន Vietjet ធានានូវបទពិសោធន៍ធ្វើដំណើរដ៏រលូន និងរីករាយជាមួយនឹងកងនាវាអាកាសចរទំនើប និងសុវត្ថិភាព តម្លៃប្រកួតប្រជែង និងសេវាកម្មដ៏ល្អឥតខ្ចោះសម្រាប់ភ្ញៀវធ្វើដំណើរគ្រប់រូប។
 
													
																							
 
																								
												
												
												 
						 
													 
						 
													 
						 
													 
						 
													 
						