ភ្នំពេញ ៖ ដើម្បីជាកិត្តិយសអបអរសាទរ ដល់ទិវាពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ ឆ្នាំ២០២៥ អង្គការ AHF កម្ពុជា បានរៀបចំព្រឹត្តិការណ៍នៅទីតាំងសួនច្បាវត្តបទុមវតី នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបញ្ជាក់ច្បាស់ថា «ការបញ្ចប់មេរោគអេដស៍ /ជំងឺអេដស៍ មិនទាន់បានចប់នៅឡើយទេ» ជាការជាក់ស្តែងដោយការឆ្លងថ្មីចំនួន ១លាន៣សែនករណីកើតឡើង ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។

ព្រឹត្តិការណ៍នេះ ក៏បានលើកកម្ពស់ ការយល់ដឹង ការបង្ការ ការធ្វើតេស្ត និងការថែទាំ ខណៈពេលដែលបង្ហាញពីការ ចូលរួមជាមួយអ្នកដែលរងផលប៉ះពាល់ដោយមេរោគអេដស៍/ ជំងឺអេដស៍នៅក្នុងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១ខែធ្នូ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងក្រោមវត្តមានលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងសើស្បែកនិងកាមរោគ, លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍កម្ពុជា(AHF) រួមទាំងមានការចូលរួម ពីតំណាងរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សិស្សនិស្សិត និងអ្នកស្វែងរកការគាំទ្រ បណ្តាញក្មេងស្រី អ្នកស្ម័គ្រចិត្ត ប្រមាណ ៣០០នាក់។

ទោះបីជាមានវឌ្ឍនភាពជាច្រើន ទសវត្សរ៍ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ក៏ដោយ ក៏មនុស្សប្រហែល៤០លាននាក់ នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយមេរោគអេដស៍នេះ ដោយជាងពាក់កណ្តាល ដែលជាអ្នករងផលប៉ះពាល់ជាស្ត្រី និងក្មេងស្រី ។ការមាក់ងាយ និងការរើសអើងនៅតែបន្តរារាំងបុគ្គលជាច្រើនពីការទទួលបានការថែទាំចាំបាច់ ខណៈដែលប្រជាជនគោលដៅប្រឈមមុខ នឹងឧបសគ្គជាចំបង ចំពោះទទួលបានការថែទាំ និងការព្យាបាល។ ព្រឹត្តិការណ៍ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះនឹងគូសបញ្ជាក់ពីបញ្ហាប្រឈមជាច្រើនដែលកំពុងបន្ត និងពង្រឹងសារៈសំខាន់ ដែលជាការងារចម្បង នៃការខិតខំប្រឹងប្រែង ក្នុងការឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ ក្នុងការងារសុខភាពសាធារណៈជាតិ និងសកលលោក។

ព្រឹត្តិការណ៍ទិវាអេដស៍ពិភពលោករបស់ AHF កម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការដៃគូនឹងរួមមាន ៖ សន្និសីទសារព័ត៌មាន ការដង្ហែក្បួន ការសំដែងសិល្បៈ ការធ្វើតេស្ត នឹងត្រូវរៀបចំឡើង នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងមានអ្នកចូលរួមជាង ៣០០ នាក់ រួមមាន ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន សហគមន៍ អ៊ីមផស សិស្ស និស្សិត និងអ្នកពាក់ព័ន្ធផ្សេងទៀត។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់ អាស៊ីរបស់ AHF បានមានប្រសាសន៍ថា «តំបន់អាស៊ីជាចំណុចសំខាន់ ក្នុងការឆ្លើយតបទៅនឹងជំងឺអេដស៍ ។ ទោះបីជាមានវឌ្ឍនភាពកន្លងមកក៏ដោយ ការឆ្លងមេរោគអេដស៍កើនឡើង ក្នុងចំណោមប្រជាជនគន្លឹះ បានបង្ហាញថាការប្រយុទ្ធ នៅមិនទាន់ទៅដល់ ការបញ្ចប់មេរោគអេដស៍នៅឡើយទេ»។

លោកវេជ្ជបណ្ឌិត បន្ដថា រដ្ឋាភិបាល ត្រូវតែប្តេជ្ញាចិត្តឡើងវិញ ក្នុងការផ្តល់អាទិភាពដល់ការបង្ការ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ទាំងអស់គ្នា ដោយធានាថាគ្មានសហគមន៍ណា មួយត្រូវបានទុកចោលឡើយ ជាពិសេសនៅក្នុងស្ថានភាព ដែលគម្លាតថវិកា កំពុងលេចឡើង ដោយសារតែការផ្លាស់ប្តូរ ភូមិសាស្ត្រសេដ្ឋកិច្ច។ ទិវាអេដស៍ពិភពលោកនេះរំលឹកយើងថា មេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់នៅឡើយទេ ហើយសកម្មភាពប្រកបដោយចីរភាព គឺមានសារៈសំខាន់ណាស់ ដើម្បីបញ្ចប់ជំងឺអេដស៍ នៅក្នុងតំបន់របស់យើង។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធី AHF ប្រចាំប្រទេស បានមានប្រសាសន៍ថា «យើងមិនអាចបញ្ចប់ មេរោគអេដស៍/ជំងឺអេដស៍ ដោយមិនបានបញ្ឈប់ការឆ្លងមេរោគអេដស៍ថ្មី ដោយគ្មានស្រោម អនាម័យនោះទេ។ ស្រោមអនាម័យមានប្រសិទ្ធភាព ហើយវាមានតម្លៃសមរម្យ ប៉ុន្តែជារឿយៗវាត្រូវបានគេមើលរំលង។ យើងស្វែងរកការគាំទ្រសម្រាប់ការទទួលបានស្រោមអនាម័យ ដោយឥតគិតថ្លៃ ឬដោយតម្លៃសមរម្យ និងការប្រើប្រាស់ត្រឹមត្រូវ ពីព្រោះបើគ្មាន ស្រោមអនាម័យទេ មនុស្សមិនអាចការពារសុខភាព របស់ពួកគេបានទេ ហើយយើងនឹងមិនអាចប្រយុទ្ធនឹងមេរោគអេដស៍ នៅក្នុងប្រទេស និងទូទាំងពិភពលោកបានទេ»។

សូមបញ្ជាក់ថា ទិវាអេដស៍ ពិភពលោកប្រយុទ្ធ នឹងជំងឺអេដស៍ជាវេទិកា ដ៏សំខាន់សម្រាប់អ្នករស់ នៅជាមួយមេរោគ ស្វែងរកការគាំទ្រ ដើម្បីទទួលស្គាល់ វឌ្ឍនភាព ដែលបានធ្វើឡើង ជាការចងចាំអ្នក ដែលបាត់បង់ជិវិតដោយសារជំងឺ ទាក់ទងនឹងជំងឺ អេដស៍ និង អ្នកដែលបន្តការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាល ទូទាំងពិភពលោក ប្តេជ្ញាចិត្តប្រើប្រាស់ ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ នៅក្នុងទិវាអេដស៍ពិភព លោកប្រយុទ្ធនឹងជំងឺអេដស៍ នេះយើងត្រូវបានរំលឹកថា៖ ការប្រយុទ្ធនឹងមេរោគអេដស៍មិនទាន់បញ្ចប់ទេ៕
