ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញក្នុងពិធីចម្រើនព្រះបរិត្តឡើងអគារ វិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញ ធ្វើពិធីចម្រើនព្រះបរិត្តឡើងអគារវិមានសាមគ្គីភាព (អគារព្រឹទ្ធសភាថ្មី)។

ពិធីនេះមានការចូលរួមពីអគ្គលេខាធិការព្រឹទ្ធសភា ខុទ្ទកាល័យថ្នាក់ដឹកនាំទាំងបី លោកអ្នកឧកញ៉ា,អ្នកឧកញ៉ា,ឧកញ៉ា បណ្ដាសប្បុរសជនដែលបានចូលរួមក្នុងការកសាងអគារវិមានសាមគ្គីភាពនេះ។

នៅក្នុងឱកាសដ៏ពិសេសវិសាលនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថ្វាយគ្រឿងសក្ការៈបូជាអាសនៈក្រុងពាលី និងពិធីចម្រើនព្រះបរិត្ត ដោយសម្ដេចព្រះសង្ឃចំនួន០៩អង្គ ដោយបានប្រព្រឹត្តទៅ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

បន្ទាប់ពីពិធីសាសនារួច សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងថ្នាក់ដឹកនាំទាំងអស់ បានអញ្ជើញ ពិនិត្យមើលតាមបន្ទប់សំខាន់ៗនៃអគារវិមានសាមគ្គីភាព ព្រឹទ្ធសភា ក្នុងបរិយាកាសរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា អគារថ្មីនេះ មានទំហំ៧៩ម៉ែត្រ x ៤៧ម៉ែត្រ មានកម្ពស់៤ជាន់ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខនេះ។ អគារវិមានសាមគ្គីភាព ព្រឹទ្ធសភាថ្មី នេះ កសាងឡើងដោយថវិកាបណ្ដាសប្បុរសជនដែលជាភស្តុតាងនៃសាមគ្គីភាពដ៏រឹងមាំ ។

អាគារវិមានសាមគ្គីភាព ព្រឹទ្ធសភា មានលក្ខណៈសំខាន់ៗដូចជា៖
-ជាន់ផ្ទាល់ដី មានបន្ទប់ធំមួយរបស់នាយកដ្ឋាន បណ្ណាល័យសម្រាប់រៀបចំសៀវភៅផ្សេងៗ ឃ្លាំងដាក់សៀវភៅបន្ទប់ប្រចាំការ និងបន្ទប់គណៈបញ្ជាការអង្គរក្ស បន្ទប់ Server បន្ទប់បច្ចេកទេស បន្ទប់ទឹក នារី និងបុរស និងសន្តិសុខ និងបន្ទប់ផ្សេងៗទៀត។
-ជាន់ទី១ មានបន្ទប់ Hall ធំ សម្រាប់ត្រួតពល សាលជប់លៀង និងអាចប្រើប្រាស់សម្រាប់កិច្ចប្រជុំធំៗ បន្ទប់សន្និសីទកាសែត បន្ទប់ដាក់វត្ថុអនុស្សាវរីយ៍ បន្ទប់ប្រើប្រាស់ពហុបំណង បន្ទប់រង់ចាំសម្រាប់ភ្ញៀវ បន្ទប់រៀបចំអាហារ បន្ទប់ទឹកនារី បុរស ឆ្វេងស្ដាំ និងបន្ទប់ជាន់ឡៅតឿមានបន្ទប់បកប្រែ និងមានបន្ទប់ផ្សេងទៀត។
-ជាន់ទី២ មានបន្ទប់ការិយាល័យ បន្ទប់ទទួលភ្ញៀវបន្ទប់សម្រាកសម្រាប់ សម្ដេចប្រធានព្រឹទ្ធសភា សាលសម្រាប់ជូនសារតាំង ឬរៀបចំពិធីផ្សេងៗ សាលជប់លៀង ដោយដាក់បានមនុស្ស២២នាក់ បន្ទប់ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងប្រជុំទ្វេភាគី កន្លែងចាប់ដៃ និងថតរូបពេលប្រជុំទ្វេភាគី បន្ទប់ក្រុមសារព័ត៌មាន បន្ទប់ការិយាល័យបេសកជនពិសេស បន្ទប់ការិយាល័យ និងបន្ទប់សម្រាកសម្រាប់នាយកខុទ្ទកាល័យ ការិយាល័យនាយករងខុទ្ទកាល័យ ទីប្រឹក្សា ពិធីការ ជំនួយការ និងមន្ត្រីខុទ្ទកាល័យសម្ដេចតេជោ បន្ទប់ទឹកបុរសនារី និងបន្ទប់ផ្សេងៗទៀត។
-ជាន់ទី៣ មានសាលប្រជុំធំសម្រាប់គណៈអចិន្ត្រៃយ៍ទ្វេភាគី ប្រជុំរួម និងប្រជុំផ្សេងៗ បន្ទប់បច្ចេកទេស បន្ទប់រង់ចាំ បន្ទប់ទឹកបុរស នារី និងបន្ទប់ផ្សេងៗទៀត៕

Most Popular

To Top