ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល និងលោក ប៉េង ពោធិ៍នា ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក

ខេត្តកណ្តាល៖ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល អញ្ជើញចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ។

លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា គោលបំណងនៃការសាងសង់អាងហែលទឹកនេះ មិនត្រឹមតែផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកោះធំមកហែលទឹកកម្សាន្តដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាកីឡាករ-កីឡាការិនីជម្រើសជាតិបន្តវេន អាចមកហ្វឹកហាត់ពង្រឹងសមត្ថភាពហែលទឹក ដើម្បីឈានទៅប្រកួតដណ្តើមមេដាយនៅកីឡាស៊ីហ្គេម និងកីឡាហែលទឹកផ្សេងៗទៀតលើឆាកអន្តរជាតិជូនជាតិមាតុភូមិនាថ្ងៃអនាគត។

លោករដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា អាងហែលទឹកនេះ ក្រោមគំនិតផ្តួចផ្តើមរបស់លោក ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កីឡដ្ឋានស្រុកកោះធំ ត្រូវបានសាងសង់ មានទំហំសរុប ២៥ ០៧៥ម៉ែត្រការ៉េ និងបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ រួមមានតារាងបាល់ទាត់ស្តង់ដាអន្តរជាតិ ទីលានប្រកួតបាល់បោះ បាល់ទះ និងរត់ប្រណាំង។
ក្រោយមកអាងហែលទឹកនេះ មានសភាពទ្រុឌទ្រោម និងការខូចខាតផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធអាង ដែលតម្រូវឱ្យមានការជួសជុលកែលម្អឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកស្រុកកោះធំនេះ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២៥។

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ នេះក៏បានរៀបចំការប្រកួតកីឡាហែលទឹកជាលក្ខណៈមិត្តភាព រវាងក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបហែលទឹកស្រុកកោះធំផងដែរ លើវិញ្ញាសាចំនួន៥ រួមមាន៖ ១)ហែលសេរី ២)ហែលផ្ងារ ៣)ហែលកង្កែប ៤)ហែលមេអំបៅ និង ៥)ហែលពាក់ជើងទា។

ដោយ៖លី ភីលីព

Most Popular

To Top