ព័ត៌មានជាតិ

កម្រិតកំពូលថ្មី នៃទំនាក់ទំនងកម្ពុជា-វៀតណាម ក្រោយមហាសន្និបាតលើកទី១៤ របស់បក្សកុំម្មុយនីស្តវៀតណាម

នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ នៃបក្សនិងរដ្ឋ នៃសាធារណរដ្ឋសង្គម និយម វៀតណាម បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។

ក្រោយពិធីបដិសណ្ឋារកិច្ចផ្លូវការ និងយ៉ាងឧឡារិកនៅក្នុងព្រះបរមរាជវាំង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ អគ្គលេខាធិការបក្ស លោក តូ ឡឹម ដែលបានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងដំណើរ ទស្សនកិច្ចផ្លូវរដ្ឋមកកាន់កម្ពុជាភ្លាមៗ បន្ទាប់ពីបានបញ្ចប់មហាសន្និបាត លើកទី១៤ របស់បក្សកុម្មុយនីស្តវៀតណាម ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ និងដោយបានសង្កត់ធ្ងន់ថាដំណើរទស្សន កិច្ចរបស់ អគ្គលេខាធិការបក្ស និងគណៈប្រតិភូជាប់ខ្ពស់នេះពិតជាបានបង្ហាញពីការផ្តល់នូវកិត្តិយសដ៏ខ្ពស់បំផុតរបស់បក្ស កុម្មុយនីស្ត និងថ្នាក់ដឹកនាំ វៀតណាម ជូនចំពោះទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។

ជាការចែករំលែកជាមួយគណបក្សប្រជាជនកម្ពុជា អំពីភាពជោគជ័យនៃមហាសន្និបាតបក្សលើកទី ១៤ និងទិសដៅ សម្រាប់ ការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលឆ្នាំ ២០២៦-២០៣០ របស់វៀតណាម លោកអគ្គលេខាធិការបក្ស បានសង្កត់ធ្ងន់ថា នៅក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតនៅតែបន្តបញ្ជាក់យ៉ាងច្បាស់ថា បក្ស និងរដ្ឋវៀតណាម នៅតែបន្តអនុវត្ត គោល នយោបាយការបរទេស ឯករាជ្យ ម្ចាស់ការ (ពឹងផ្អែកលើខ្លួនឯង) សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគីនីយកម្ម និងធ្វើពិពិធកម្មទំនាក់ទំនងការបរទេស។ ជាពិសេស បក្ស និងរដ្ឋវៀតណាម នៅតែបន្តយកចិត្តទុកដាក់ និងផ្តល់អាទិភាព ដល់ ការអភិវឌ្ឍទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ជាមួយប្រទេសកម្ពុជា ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងផលប្រយោជន៍ស្របច្បាប់ឱ្យគ្នាទៅវិញទៅមក។

ភាគីទាំងពីរបានសង្កត់ធ្ងន់ផងដែរថា ទំនាក់ទំនងរវាងគណបក្សទាំងពីរ គឺជាមូលដ្ឋានគ្រឹះ នៃការកំណត់ទិសដៅសម្រាប់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជា-វៀតណាម និងបានអះអាងថា កិច្ចប្រជុំរវាងគណបក្សទាំងពីរពិតជាមានសារៈសំខាន់ យ៉ាងខ្លាំង ដោយបង្កើតបានជាមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំសម្រាប់កំណត់ទិសដៅឱ្យទំនាក់ទំនងនិងដើម្បីដោះស្រាយបញ្ហា ជាក់លាក់មួយចំនួនដែលកំពុងកើតមាន រវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានទទួលស្គាល់ថា ស្ថានភាពពិភពលោកនិងតំបន់នាពេលបច្ចុប្បន្ននេះ កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស អស្ថិតស្ថេរនិងមិនអាចទាយទុកជាមុនបានដែលបានជះឥទ្ធិលទៅលើប្រទេសនានា រួមទាំងកម្ពុជានិងវៀតណាមផងដែរ។ បញ្ហា នេះ តម្រូវឱ្យបក្សទាំងពីរនិងប្រទេសទាំងពីរ ចាំបាច់ត្រូវតែពង្រឹងសាមគ្គីភាព ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមក។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ ភាគីទាំងពីរបានប្តេជ្ញាចិត្ត ធ្វើសមាហរណកម្ម ឱ្យកាន់តែ ជិតស្និទ្ធបន្ថែមទៀតលើវិស័យសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន ថាមពល ការផ្លាស់ប្តូរឌីជីថលនិងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងកសិកម្ម ដោយមានគោលបំណងទាញយកអត្ថប្រយោជន៍ជាអតិប្បរមាពីចំណុចសក្តានុពល ដែលមានស្រាប់ដើម្បីជួយ បំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

លើសពីនេះ ការប្តេជ្ញាចិត្តនេះរួមមានការពង្រឹងសកម្មភាពវិនិយោគ ពាណិជ្ជកម្មនិងផ្សព្វផ្សាយទេសចរណ៍ ដោយខិតខំបង្កើន ពាណិជ្ជកម្មទ្វេភាគីឱ្យសម្រចបានដល់ ២០ ពាន់លានដុល្លារអាម៉េរិកនាអនាគតដ៏ខ្លីខាងមុខ។ ការលើកកម្ពស់ទំនាក់ទំនង ឱ្យ កាន់តែជិតស្និទ្ធបន្ថែមទៀតលើវិស័យអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាង ក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការ ថ្មីៗ ដើម្បីជំរុញទំនាក់ទំនង ឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។

ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការគោរព និងការអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ព្រំដែនគោកនិងកិច្ចព្រម ព្រៀងព្រំដែនផ្សេងទៀត រវាងប្រទេសទាំងពីរ ជាពិសេសនឹងខិតខំស្វែងរកដំណោះស្រាយឱ្យបានឆាប់ និងអាចទទួលយកបាន ទាំងសងខាង សម្រាប់ការបោះបង្គោលព្រំដែនគោកដែលនៅសល់ប្រមាណ ១៦% សំដៅកសាងបានព្រំដែន ប្រកបដោយ សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយ ចីរភាព។ លោកអគ្គលេខាធិការបក្ស តូ ឡឹម បានស្នើឱ្យកម្ពុជាបន្តបង្កើតលក្ខខណ្ឌអំណោយផលនិងជៀសវាងការរើសអើង ប្រឆាំងនឹង ជនជាតិខ្មែរដើមកំណើតវៀតណាម ដែលកំពុងរស់នៅ ធ្វើការនិងសិក្សានៅក្នុងប្រទេសកម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នបក្ស និងរដ្ឋសភា ក្រសួង ស្ថាប័នរដ្ឋាភិបាល រណសិរ្ស និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរក៏បានឯកភាពគ្នា បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរ មូលដ្ឋាននៃប្រទេសទាំងពីរ ជាពិសេសបណ្តាខេត្តដែលមានព្រំដែនរួមគ្នា ដោយពង្រីកទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ សំដៅ ជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម រក្សាសន្តិសុខ និងស្ថិរភាពនៅតំបន់ព្រំដែននិងដោះស្រាយបញ្ហា ដែលកើតមានជាបន្ទាន់។

ភាគីទាំងពីរបានឯកភាពគ្នា បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមក និងយ៉ាងជិតស្និទ្ធ ទាំងនៅក្នុងវេទិកាតំបន់ និង អន្តរជាតិ ជាពិសេសនៅក្នុងក្របខ័ណ្ឌអាស៊ាននិងអនុតំបន់មេគង្គ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ធនធាន ទឹកប្រកបដោយចីរភាព និងប្រសិទ្ធភាព ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសក្នុងការឆ្លើយតប និងកាត់បន្ថយ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់ របស់ សាធារណរដ្ឋសង្គមនិយមវៀតណាម មកកាន់ ព្រះរាជាណាចក្រកម្ពុជា នេះពិតជាទទួលបានលទ្ធផលជាផ្លែផ្កាថ្មីៗជាច្រើន និង បានជំរុញទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យឈានចូលទៅដល់ដំណាក់កាលថ្មីមួយ ដែលប្រកបទៅដោយភាពជឿទុកចិត្តគ្នា យ៉ាងរឹងមាំលើវិស័យនយោបាយ កិច្ចសហប្រតិបត្តិការកាន់តែមាន ភាពស៊ីជម្រៅនិងទូលំទូលាយនិងបានផ្តល់ផលប្រយោជន៍ ជាយុទ្ធសាស្ត្រដែលជាប់ទាក់ទងគ្នាក្នុងវិស័យជាច្រើនទៀត។

ដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះបាន គឺបានបង្ហាញជាសារនយោបាយដ៏រឹងមាំមួយ របស់បក្សនិងរដ្ឋវៀតណាម ក៏ដូចជា ពីសំណាក់ លោកអគ្គលេខាធិការបក្ស តូ ឡឹម ផ្ទាល់ផងដែរថា ប្រទេសវៀតណាមតែងតែផ្តល់តម្លៃ និងផ្តល់ អាទិភាពជាពិសេស ដល់ការអភិវឌ្ឍនិងការបីបាច់ថែរក្សាទំនាក់ទំនងក្នុង “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយនិងស្ថិរភាពយូរអង្វែង” រវាងប្រទេសយើងទាំងពីរ កម្ពុជានិងវៀតណាម៕

ដោយ៖ ជា វិសាល

Most Popular

To Top