ខេត្តកណ្តាល៖ ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរបានក្លាយជាម្ចាស់ជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ការប្រកួតនេះប្រព្រឹត្តទៅបានយោងផែនការប្រតិបត្តិប្រចាំឆ្នាំ របស់ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីចម្រាញ់រកកីឡាការិនីបាល់ទាត់ឆ្នើមចូលរួមព្រឹត្តិការណ៍នានាថ្នាក់ជាតិ និងការប្រកួតបាល់ទាត់លីគនារីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញប្រគល់ជយលាភី និងប្រគល់ពីដំណាក់ លោក ម៉ម ប៊ូលី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលតំណាង លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល និងអនុប្រធានការិយាល័យកីឡា ព្រមទំាងគណៈប្រភូតិក្រុមបាល់ទាត់ នៅកីឡដ្ឋានខេត្តកណ្តាល។

ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរ គ្រងតំណែងជើងឯក បន្ទាប់ពីយកលើក្រុមបាល់ទាត់នារី Kemara Lady ក្នុងលទ្ធផល ២ ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមបាល់ទាត់នារី តាខ្មៅ អេស៊ី ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្រោយពីយកឈ្នះលើក្រុមបាល់ទាត់នារី ហេបភីចន្ទតារ៉ានារីព្រែកថ្មីក្នុងលទ្ធផល ៦ ទល់នឹង ១ នៅវគ្គផ្តាច់ព្រ័ត្រ។

ការប្រកួតកីឡាបាល់ទាត់នារី ជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅកីឡដ្ឋានខេត្តកណ្តាល។ ការប្រកួតឆ្នាំនេះមានក្រុមបាល់ទាត់នារីចំនួន ៦ ក្រុមរួមមាន ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរ ក្រុមបាល់ទាត់នារី ហេបភីចន្ទតារ៉ានារីព្រែកថ្មី ក្រុមបាល់ទាត់នារី ស្អាង យើង ស្អាត ក្រុមបាល់ទាត់នារី យុវនារី ក្រាំងយូវ ក្រុមបាល់ទាត់នារី តាខ្មៅ អេស៊ី និងក្រុមបាល់ទាត់នារី Kemara Lady ។
ក្រុមបាល់ទាត់នារីចំនួន ៦ ក្រុម ត្រូវបែងចែកចេញជា ២ ពូល ។ ពូល A ក្រុមបាល់ទាត់នារីសាលារៀន បញ្ញាវន្តខ្មែរ ក្រុមបាល់ទាត់នារី ហេបភីចន្ទតារ៉ានារីព្រែកថ្មី ក្រុមបាល់ទាត់នារី ស្អាង យើង ស្អាត និងពូល B ក្រុមបាល់ទាត់នារី យុវនារី ក្រាំងយូវ ក្រុមបាល់ទាត់នារី តាខ្មៅ អេស៊ី និងក្រុមបាល់ទាត់នារី Kemara Lady ៕










ដោយ៖លី ភីលីព
