ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីថ្ងៃទី៣ និងជាថ្ងៃចុងក្រោយ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយបរិយាបន្ន និងភាពធន់” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអប់រំកម្រិតមត្តេយ្យសិក្សា មិនមែនត្រឹមតែជាការរៀនអក្សរនោះទេ ថែមទាំងជាការបណ្តុះនូវឯករាជ្យភាព ការគ្រប់គ្រងអារម្មណ៍ និងបំណិនដោះស្រាយបញ្ហាតាមរយៈការលេង ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសិក្សានៅកម្រិតបឋមសិក្សា និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។

ដើម្បីឆ្លើយតបនឹងស្តង់ដាតំបន់ និងអន្តរជាតិ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលការណ៍សំខាន់ដែលផ្តោតលើអន្តរកម្មរវាង ៥ កត្តា រួមមាន៖ កត្តាសិស្ស (ចំណេះដឹងនិងអាហារូបត្ថម្ភ), កត្តាគ្រូ (សីលធម៌និងស្តង់ដាវិជ្ជាជីវៈ), កត្តាសាលារៀន (បរិស្ថានសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងនាយកសាលា), កត្តាគ្រួសារ (ការចូលរួមគាំទ្រ) និងកត្តារាជរដ្ឋាភិបាល (គោលនយោបាយនិងការវិនិយោគ)។

ចំពោះកម្រិតមធ្យមសិក្សា លោកឧបនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យបន្តពង្រីកវិសាលភាព សាលារៀនគំរូ និង សាលារៀនជំនាន់ថ្មី តាមរយៈការធ្វើទំនើបកម្មវិធីសិក្សាឲ្យកាន់តែមានភាពទាក់ទាញ និងការប្រើប្រាស់ថ្នាលឌីជីថលដើម្បីបណ្តុះបំណិនសតវត្សទី២១។

ការកែទម្រង់នេះត្រូវផ្ដោតលើការរៀបចំតេស្តស្តង់ដា ការពង្រឹងសម្ភារៈឧបទេស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាសម្រាប់គ្រប់គ្រងសាលារៀនឲ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្រាប់កម្រិតឧត្តមសិក្សា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យមានការធ្វើអន្តរជាតូបនីយកម្ម តាមរយៈការបង្កើតកម្មវិធីសញ្ញាបត្រទ្វេ ការផ្លាស់ប្តូរសាស្ត្រាចារ្យ-និស្សិត និងការកសាងអេកូឡូស៊ីនៃការសិក្សាដែលលើកទឹកចិត្តដល់ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយជាលក្ខណៈជាតិនិងអន្តរជាតិ។

ការបញ្ចូលស្មារតីសហគ្រិនភាព និងការបង្កើតកម្មវិធីសិក្សាថ្មីៗដែលឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច នឹងក្លាយជាគន្លឹះក្នុងការផ្លាស់ប្តូរគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាឲ្យឆ្ពោះទៅរកឧត្តមភាព និងការប្រកួតប្រជែង។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តឲ្យមានការចងមេត្រីភាពរវាងអង្គភាពថ្នាក់កណ្តាល និងមន្ទីរអប់រំ ជាមួយសាលារៀនដែលស្ថិតនៅតាមបណ្តោយព្រំដែន ដើម្បីបន្តជួយគាំទ្រកែលម្អនិងស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធ និងចូលរួមលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូដែលបំពេញការងារ ក្នុងកាលៈទេសៈដ៏លំបាកនេះ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមចូលរួមអបអរសាទរដល់ម្ចាស់ពានរង្វាន់ សម្តេចតេជោសែន នាយកល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ គ្រូបង្រៀនល្អ គណិតវិទ្យាថ្នាក់ទី១ ទី២ និងថ្នាក់ទី៣ សាលារៀនស្អាត និងពានរង្វាន់ សាលារៀនគំរូ សម្តេចមហាបវរធិបតី និងប័ណ្ណសរសើរ ដែលទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងឱកាសនេះ៕
