សេដ្ឋកិច្ច​

មូលដ្ឋានសំខាន់ៗចំនួន១០ ដែលធ្វើឱ្យវិនិយោគិនអចលនទ្រព្យ ទទួលបានជោគជ័យ

ភ្នំពេញៈ ការវិនិយោគលើអចលនទ្រព្យអាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្ត ក្នុងការវិធីវិនិយោគ នោះលោក អ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។

តាមរយៈ Investopedia វិធីសាស្រ្តនិងចរិកលក្ខណៈ ចាំបាច់មួយចំនួនដែល អ្នកវិនិយោគគម្បីពិចារណា។

១) រៀបចំផែនការឱ្យបានច្បាស់លាស់
ការមានផែនការច្បាស់លាស់ និងត្រឹមត្រូវ អាចធ្វើឱ្យវិនិយោគិនរៀបចំ និងបំពេញភារកិច្ចបានយ៉ាងល្អ។ ជារួម អាចមើលឃើញពីទិដ្ឋភាព ក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។ ផែនការនេះ រួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ លំហូរសាច់ប្រាក់ បានមកពីការជួលអចលនទ្រព្យ កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ ក្នុងអំឡុងពេលវិនិយោគ។

២) យល់ដឹងពីទីផ្សារ
អ្នករកស៊ីវិស័យអចលនទ្រព្យពូកែ ត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ ដូចជាការជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោត លើការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។ បន្ថែមពីនេះក៏ត្រូវស្វែងយល់ពីនិន្នាការបច្ចុប្បន្ន រួមទាំងបម្រែបម្រួលទម្លាប់ នៃការចំនាយរបស់អតិថិជន អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។

កត្តាទាំងនេះ ជួយឱ្យវិនិយោគិនអចលនទ្រព្យ យល់ពីស្ថានភាពបច្ចុ​ប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះជួយឱ្យពួកគេអាចព្យាករណ៍និន្នាការ ដែលអាចមានការប្រែប្រួល ហើយបង្កើតសក្តានុពល សម្រាប់ឱកាសការវិនិយោគ។

៣) មានភាពស្មោះត្រង់
វិនិយោគិនពូកែ ជាទូទៅជាបុគ្គល ដែលមានក្រមសីលធម៌ខ្ពស់ ព្រោះមិនថា ការវិនិយោគអចលនទ្រព្យ ឬអាជីវកម្មផ្សេងៗនោះទេ តែងមានការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ហេតុដូច្នេះ ពួកគេត្រូវតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យបានល្អ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យ ដែលជោគជ័យដឹងថា ការមានភាពយុត្តិធម៌ សំខាន់ជាងការសម្លឹងមើលឃើញ តែផលប្រយោជន៍ផ្ទាល់ខ្លួន។

៤) បង្កើតចំណុចផ្តោតសម្រាប់ការវិនិយោគ
ជារឿងសំខាន់សម្រាប់វិនិយោគិន ក្នុងការបង្កើតចំណុចផ្តោត ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែមុននឹងឈានដល់កម្រិតនេះ គឺត្រូវការពេលវេលា ដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណាមួយ ជាក់លាក់ជាមុនសិន ដែលជាផ្នែកចំបាច់សម្រាប់ភាពជោគ​ជ័យយូរអង្វែង។

នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញ លើចំណែកទីផ្សារជាក់លាក់ណាមួយហើយ (ឧទាហរណ៍ ដូចជា ចំណេះដឹងវិនិយោគផ្នែកលំនៅ ដ្ឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារលំនៅដ្ឋាន សម្រាប់អ្នកមានចំណូលទាប) នោះនឹងជួយឱ្យពួកគ ចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀតដោយប្រើជំនាញដែលមានស្រាប់។

៥) មានអាកប្បកិរិយាល្អចំពោះអតិថិជនគោលដៅ
វាគឺជារឿងសំខាន់ដែលវិនិយោគិន ចេះប្រព្រឹត្តដោយក្តីគោរព ចំពោះអ្នកដ៏ទៃដូចជា ដៃគូរអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិន មានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែគឺត្រូវ យកចិត្តទុកដាក់ទៅលើពត៌មានលំអិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជា ផ្សព្វផ្សាយអាជីវកម្ម ប្រកបដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

៦) បន្តការរៀនសូត្រ ដើម្បីសំលៀងចំណេះដឹងឱ្យកាន់តែមុតស្រួច
ដូចគ្នានឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាន នៃអាជីវកម្មសម្រាប់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនដែលជោគជ័យ តែងតែមានការយល់ដឹងពីច្បាប់ទាំងនេះ ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ បទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។

លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ។

៧) ស្វែងយល់ពីហានិភ័យ
វិនិយោគិនអចលនទ្រព្យយល់ដឹងអំពីហានិភ័យ ដែលមិនត្រឹមតែទាក់ទង នឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេ ក្នុងការកាត់បន្ថយហានិភ័យផ្សេងៗ ដែលអាចកើតមាន។

៨) វិនិយោគលើជំនាញគណេយ្យ
ផ្នែកពន្ធដាររួមចំណែកសំខាន់ នៃការចំណាយប្រចាំឆ្នាំ របស់វិនិយោ​គិនអចលនទ្រព្យ។ វិនិយោគិនអចលនទ្រព្យពូកែ តែងភ្ជាប់ចំណេះដឹងជាមួយនឹងជំនាញគណនេយ្យ ដើម្បីគ្រប់គ្រងបញ្ចីអាជីវកម្ម របស់ពួកគេឱ្យមានប្រសិទ្ធិភាព។

៩) រកជំនួយ
ការរៀនសូត្រក្នុងការរកស៊ី លើវិស័យអចលនទ្រព្យ គឺជាបញ្ហាប្រឈមសម្រាប់អ្នក ដែលព្យាយាមធ្វើអ្វីៗដោយខ្លួនឯង។ ជោគជ័យក្នុងការវិនិយោគអចលនទ្រព្យ អាចទទួលបានពីការណែនាំ និងការរួមចំណែកពីមនុស្សមួយចំនួនដូចជា អ្នកណែនាំជំនាញ មេធាវី ឬមិត្តភក្តិ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យជោគជ័យ តែងតែប្រឹក្សាជាមួយអ្នកជំនាញ ជាជាងយកពេលវេលា និងលុយទៅប្រថុយនឹងការវិនិយោគតែឯកឯង។

១០) បង្កើតបណ្តាញ
ការបង្កើតទំនាក់ទំនងជាមួយអ្នកអាជីព អាចផ្តល់នូវការគាំទ្រដ៏សំខា​ន់ តែងបង្កើតឱកាស សម្រាប់វិនិយោគិនអចលនទ្រព្យថ្មីថ្មោង និងវិនិយោគិនមានបទពិសោធន៍។ ការមានទំនាក់ទំនងជាមួយ អ្នកណែនាំ ឬទីប្រឹក្សាជំនាញ ដៃគូអាជីវកម្ម និងអតិថិជន តែងផ្តល់ឱកាសឱ្យវិនិយោគិនជួយ និងស្វែងយល់ពីគ្នាទៅវិញទៅមក៕

ប្រភព៖ Propertyarea

Most Popular

To Top