ភ្នំពេញ: ថ្លែងក្នុងឱកាសធ្វើសន្និបាទបូកសរុប ការ ងារ ប្រ ចាំ ឆ្នាំ ២០២១ និង លើកទិសដៅឆ្នាំ២០២២-២០២៣ និង សិក្ខា សាលា ថ្នាក់ ជាតិ ស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានមានប្រសាសន៍បង្ហាញពីគោលបំណងសំខាន់ៗចំនួន ៦ ចំណុច។
លោក ថោង ខុន បានមានប្រសាសន៍ថា សន្និបាត និងសិក្ខាសាលានេះ មានវត្តមានអញ្ជើញចូលរួមពីឯកឧត្ដមលោក ជំទាវលោក លោកស្រី ជាថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣ អាជ្ញាធររាជធានី-ខេត្ត តំណាងអង្គភាពកីឡា, សហព័ន្ធកីឡាជាតិ, អ្នកជំនាញការកីឡាអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ប្រមាណ២០០នាក់ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលពេញ១ថ្ងៃ និងបន្ត១ព្រឹកទៀតនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
សន្និបាត និងសិក្ខាសាលានាពេលនេះពិតជាមានសារសំខាន់ណាស់ និងផ្ដល់នូវប្រសិទ្ធភាពការងារ បន្ថែមដល់ CAMSOC ដោយផ្ដោតលើគោលបំណងសំខាន់ៗចំនួន៦ដូចខាងក្រោម៖
១- ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្តរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣។
២-បញ្រ្ជាបការយល់ដឹងស្ដីពី តួនាទី-ភារកិច្ចស្នូល និងភារកិច្ចសហការរបស់គណៈកម្មការជំនាញនីមួយៗ ព្រមទាំងកំណត់ប្រតិទិនការងារសំខាន់ៗមួយចំនួនបន្ថែមទៀត។
៣-បញ្រ្ជាបការយល់ដឹងស្ដីពី រដ្ឋបាលកិច្ចផ្ទៃក្នុង និងយន្តការជំនាញ របស់គណៈកម្មការជំនាញនីមួយៗ។
៤- ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានា ដែលនៅសេសសល់ឲ្យបានទាន់ពេលវេលា។
៥- ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រង ព្រឹត្តិការណ៍ប្រកួត SEA Games- ASEAN Para Games ឆ្នាំ២០២៣។
៦- ការដាក់ចេញនូវក្រមប្រតិបត្តិ និងក្រមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែមក្នុងការងាររៀបចំ SEA Games – ASEAN Para Games ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ។
បន្ថែមលើគោលបំណង៦ចំណុចខាងលើឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានលើកឡើង ៦ចំណុចផ្សេងទៀតទាក់ទងការទទួលបានចំណេះដឹងដែលផ្អែកតាមរយៈសិក្ខាសាលានេះផងដែរ ក្រុមការងារ នឹងទទួលបាននូវចំណេះដឹងថ្មីៗ បទពិសោធល្អៗទុកជាធាតុយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ធនធានសរុប កម្លាំងសរុប ដើម្បីឆ្ពោះទៅរកប្រសិទ្ធភាពការងាររបស់ CAMSOC នឹងបញ្ជូនខ្លឹមសារសំខាន់ៗមួយចំនួនដល់អង្គសន្និបាតដូចខាងក្រោម៖
១-ស្ដីពីទស្សនាទាននៃព្រឹត្តិការណ៍ SEA Games -ASEAN Para Games ឆ្នាំ២០២៣ និងការថែរក្សាកម្មសិទ្ធិបញ្ញារបស់ CAMSOC។
២- ស្ដីពីស្ថានភាពអភិវឌ្ឍន៍បច្ចេកទេសកីឡា និងត្រៀមជ្រើសរើសប្រភេទកីឡាឲ្យបានរួចរាល់ទាន់ពេលវេលា។
៣- ស្ដីពីក្រមប្រតិបត្តិ និងក្រមសីលធម៌ នឹងត្រូវដាក់បង្ហាញពីខ្លឹមសារ ព្រមទាំងអត្ថន័យ ដែលត្រូវគោរពប្រតិបត្តិទាំងអស់គ្នា។
៤-ស្ដីពីការរៀបចំទីលានបច្ចេកទេសសម្រាប់គ្រប់ទីលានប្រកួត ដើម្បីឈានទៅរកការរៀបចំទីលានប្រកួតឲ្យបានរួចរាល់តាមប្រតិទិន ដែលបានកំណត់ច្បាស់លាស់។
៥- ស្ដីពីការដាក់ចេញនូវផែនការយុទ្ធសាស្រ្តសន្សំសំចៃ (Saving Games) ដើម្បីឲ្យក្រសួង ស្ថាប័ន អង្គភាព រាជធានី-ខេត្តចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព។
៦-ស្ដីពីការរៀបចំ ASEAN Para Games ឲ្យបានត្រឹមត្រូវតាមទស្សនាទាន ជនពិការ និងតាមយន្តការពិសេស ដោយឡែកសម្រាប់កីឡាករ-កីឡាការិនីជនពិការ។
សូមរំលឹកថា លោកបណ្ឌិត ថោង ខុន ត្រូវបានតែងតាំងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការហើយ សម្រាប់ដឹកនាំ និរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ។ ការតែងតាំងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំពិសេសមួយរបស់ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៧ ខែធ្នូនេះ តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ នៃម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ពិសេសស៊ីហ្គេម លើកទី៣១ នៅវៀតណាម ដែលបានលើកពេលពីចុងឆ្នាំ២០២១ ទៅខែឧសភា ឆ្នាំ២០២២ ដោយវៀតណាម បានអះអាងជាថ្មីថា ខ្លួននឹងរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ៕ដោយ:លី ភីលីព