ប្លែកៗ

បង្អួច​យន្តហោះ​មាន​ប្រហោង​តូចៗ​ ដែលទុក​ប្រើ​ ដើម្បី​សម្រាប់ហេតុផល សុវត្ថិភាពមួយនេះ

ប្រសិន​បើ​អ្នក​ធ្លាប់​ជិះ​យន្តហោះ អ្នក​ប្រហែល​ជា​សង្កេត​ឃើញ ​​មាន​ប្រហោង​តូច​មួយ ​នៅ​ផ្នែក​ខាង​ក្រោម​​បង្អួច ​យន្តហោះ​​ហើយ។ បើ​តាម​​រដ្ឋបាល​សហព័ន្ធ​អាកាសចរណ៍​អាមេរិក (FAA) បាន​ឲ្យ​ដឹង​ថា ប្រហោង​តូច​នេះ​មិន​បង្ក​ជា​​ហានិភ័យ​អ្វី​​ ដល់​​អ្នក​ធ្វើ​ដំណើរ​ឡើយ តែ​​វា​បង្កើត​ឡើង​ ដើម្បី​គោល​បំណង​សុវត្ថិភាព​ទៅ​វិញ​នោះ​ទេ។

នៅ​ពេល​ហោះ​កាន់​តែ​ខ្ពស់ សម្ពាធ​ខ្យល់​​​នឹង​កាន់​តែ​ធ្លាក់​ចុះ​ទៅ​តាម​ហ្នឹង​ដែរ។ យ៉ាង​ណា​មិញ បរិយាកាស​នៅ​ក្នុង​កាប៊ីន​ យន្តហោះ​​​នៅ​អាច​រក្សា​សម្ពាធ​ខ្យល់ ​​ក្នុង​កម្រិត​សុវត្ថិភាព​បាន។ នេះ​​បាន​ន័យ​ថា សម្ពាធ​ខ្យល់​នៅ​ខាង​ក្រៅ​យន្តហោះ​​ធ្លាក់​ចុះ​ខ្លាំង ​ជាង​សម្ពាធ​ខ្យល់​ដែល​មាន​នៅ​ក្នុង​កាប៊ីន។ ភាព​ខុស​គ្នា​នេះ​ បាន​មក​ពី​​លក្ខណៈ​ពិសេស ​នៃ​​ការ​រចនា​បង្អួច​យន្តហោះ។ បង្អួច​យន្តហោះ​នីមួយៗ​មាន​ចំនួន​កញ្ចក់​​៣​ស្រទាប់។

ស្រទាប់​កញ្ចក់​ខាង​ក្រៅ​ ប្រើ​សម្រាប់​ទប់​​​ទល់​ជាមួយ​ភាព​ខុស​គ្នា​​ នៃ​សម្ពាធ​ខ្យល់​។ ដោយ​ឡែក​នៅ​ស្រទាប់​កញ្ចក់​កណ្ដាល​វិញ មាន​ចោះ​ជា​ប្រហោង​តូច​មួយ ដែល​គេ​ហៅ​ថា “Bleed Hole”។ ប្រហោង​នេះ​​ប្រើ​សម្រាប់​គ្រប់គ្រង​ ចរន្ត​​សម្ពាធ​ខ្យល់​ឲ្យ​មាន​តុល្យភាព​ ក៏​ដូចជា​រក្សា​កម្ដៅ និង​ទប់​ស្កាត់​សំណើម​ មិន​ឲ្យ​ចុះ​អ័ព្ទ​នៅ​កញ្ចក់​បង្អួច។ សរុប​មក​ ស្រទាប់​កញ្ចក់​ខាង​ក្រៅ ​​ជា​អ្នក​ទទួល​សម្ពាធ​ខ្យល់ ឯ​ស្រទាប់​កញ្ចក់​កណ្ដាល​ ដែល​មាន​ប្រហោង​វិញ ​ជា​អ្នក​រក្សា​តុល្យភាព​ខ្យល់​ ​មិន​ឲ្យ​នៅ​ក្នុង​កាប៊ីន​យន្តហោះ​ មាន​ការ​ធ្លាក់​ចុះ​សម្ពាធ​ដូច​នៅ​ខាង​ក្រៅ​ទេ។

ដោយ​ឡែក​ចំពោះ​ស្រទាប់​កញ្ចក់​​ខាង​ក្នុង​វិញ ត្រូវ​គេ​ប្រើ​សម្រាប់​ការពារ​​ ស្រទាប់​​ខាង​ក្រៅ និង​ស្រទាប់​កណ្ដាល​ពី​ការ​ទទួល​រង​​ នូវ​ការ​ខូចខាត​ណា​មួយ ដែល​បង្ក​ឡើង​ដោយ​អ្នក​ធ្វើ​ដំណើរ៕ Source: Sabay

Most Popular

To Top