ហុងកុង៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានបញ្ឈប់សេវាកម្ម Google Translate របស់ខ្លួននៅចិនដីគោក ដោយដកចេញនូវសេវាកម្មមួយចំនួនរបស់ក្រុមហ៊ុននៅសេសសល់មួយចំនួនដែលខ្លួនបានផ្តល់ក្នុងប្រទេសដែលវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមលោកខាងលិច ភាគច្រើនត្រូវបានរារាំង។
កម្មវិធី និងគេហទំព័រ Google Translate ឥឡូវនេះបង្ហាញរបារស្វែងរកទូទៅ និងតំណបញ្ជូនអ្នកប្រើប្រាស់ចិនទៅកាន់ទំព័ររបស់ខ្លួននៅហុងកុង ត្រូវបានរារាំងនៅលើដីគោក។ នេះបើយោងតាមការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនថា អ្នកប្រើបានរាយការណ៍ថា មិនអាចចូលប្រើសេវាបានចាប់តាំងពីថ្ងៃសៅរ៍ ហើយមុខងារបកប្រែបានបង្កើតឡើងលើកម្មវិធីរុករក Google Chrome ក៏លែងដំណើរការសម្រាប់អ្នកប្រើប្រាស់នៅប្រទេសចិនផងដែរ។
Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាកម្ម Google Translate ត្រូវបានបញ្ឈប់ ក្នុងប្រទេសចិនដោយសារតែការប្រើប្រាស់ទាប ។ វាមិនច្បាស់ទេថាតើមានអ្នកប្រើប្រាស់ប៉ុន្មាននាក់ដែលកំពុងប្រើប្រាស់ Google Translate នៅប្រទេសចិន។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកមានទំនាក់ទំនងមិនល្អជាមួយចិន។ កាលឆ្នាំ ២០១០ ក្រុមហ៊ុន Google បានដកម៉ាស៊ីនស្វែងរករបស់ខ្លួនចេញពីទីផ្សារប្រទេសចិន បន្ទាប់ពីខ្លួនមិនចង់គោរពតាមច្បាប់ត្រួតពិនិត្យរបស់ប្រទេស។
ក្រោយមក ប្រទេសចិនបានផ្លាស់ប្តូរទៅបិទសេវាកម្ម Google ផ្សេងទៀតដូចជាសេវាអ៊ីម៉ែល Gmail និង Google Maps។ ជាធម្មតាអាជ្ញាធរចិនបិទវេទិកា និងសេវាកម្មប្រព័ន្ធផ្សព្វផ្សាយសង្គមលោកខាងលិចភាគច្រើន រួមទាំង Google, Facebook និង Twitter ខណៈរដ្ឋាភិបាលព្យាយាមរក្សាច្បាប់ត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។ វេទិការបស់ចិនត្រូវតែគោរពយ៉ាងតឹងរ៉ឹងចំពោះច្បាប់ទាំងនោះ ហើយត្រួតពិនិត្យពាក្យគន្លឹះ និងប្រធានបទអាជ្ញាធរចាត់ទុកថាមានភាពរសើបផ្នែកនយោបាយ។
កាលឆ្នាំ ២០១៧ Google បានធ្វើឲ្យសេវាបកប្រែរបស់ខ្លួនមាននៅលើដីគោកតាមរយៈដែនចិន ខណៈ ខ្លួនបានស្វែងរកវិធីក្នុងការផ្តល់សេវាលើទីផ្សារប្រទេសចិន។ សេវាកម្ម Google Translate របស់ខ្លួនបានប្រកួតប្រជែងជាមួយនឹងជម្រើសបកប្រែក្នុងស្រុកដ៏ពេញនិយមផ្សេងទៀតដែលផ្តល់ដោយក្រុមហ៊ុនបច្ចេកវិទ្យាចិន រួមមាន Baidu និង Sogou ។
Google បានស្វែងរកការបើកដំណើរការម៉ាស៊ីនស្វែងរកដាច់ដោយឡែកសម្រាប់ប្រទេសចិន ប៉ុន្តែបានបញ្ឈប់គម្រោងនេះក្នុងឆ្នាំ ២០១៩ ចំពេលមានប្រតិកម្មជាសកល៕