ការប្រកួតជើងឯក បាល់ទាត់ ពិភពលោកឆ្នាំ ១៩៣៤ គឺជាការប្រកួតលើកទីពីរ នៃពាន FIFA World Cup ដែលតែងរៀបចំ ៤ឆ្នាំម្ដង សម្រាប់ក្រុមជម្រើសជាតិ បុរសឈុតធំ (មិនកំណត់អាយុ) ។ ពានរង្វាន់នេះបានធ្វើឡើង នៅប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ២៧ ខែឧសភាដល់ថ្ងៃទី ១០ខែមិថុនាឆ្នាំ ១៩៣៤ ។
ប្លែកពីលើកទីមួយឆ្នាំ ១៩៣០ World Cup ឆ្នាំ ១៩៣៤ គឺជាការប្រកួតដំបូង ដែលក្រុមនីមួយៗត្រូវមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ដើម្បីចូលរួម។ ប្រទេស ៣២ បានចូលប្រកួតប្រជែង ក្នុងនោះក្រុមចំនួន ១៦ មានលក្ខណៈគ្រប់គ្រាន់ សម្រាប់ការប្រកួតចុងក្រោយ ។ ក្រុមម្ចាស់ជើងឯកចាស់ អ៊ុយរូហ្គាយ បានធ្វើពហិការមិនចូលរួមការប្រកួតនេះដើម្បីសងសឹកទៅនឹងប្រទេសអឺរ៉ុបមួយចំនួនដែលបដិសេធមិនធ្វើដំណើរ មកអាមេរិកខាងត្បូង កាលពី World Cup លើកមុនដែលខ្លួនធ្វើជាម្ចាស់ផ្ទះ។ មានក្រុមមកពីទ្វីបអឺរ៉ុបចំនួន ៤ប៉ុណ្ណោះដែលបានទទួលយកការអញ្ជើញ ឱ្យចូលរួមក្នុងការប្រកួតនេះ។
ទីក្រុងដែលរៀបចំ និងកីឡដ្ឋាន
ទីក្រុងចំនួន ៨ ត្រូវបានប្រើសម្រាប់រៀបចំការប្រកួត ស្របពេល កីឡដ្ឋានធំៗចំនួន៨ ក៏ត្រូវយកទៅប្រើសម្រាប់ការលេងបាល់ទាត់ដូចគ្នា។ កីឡដ្ឋាន Stadio San Siro នៅទីក្រុងមីឡាន អាចផ្ទុកអ្នកគាំទ្រ ៥,៥ម៉ឺននាក់, កីឡដ្ឋាន Stadio Littoriale នៅទីក្រុង បូឡុកញ៉ា អាចផ្ទុកអ្នកគាំទ្របាន ៥,០១ម៉ឺននាក់, កីឡដ្ឋាន Stadio Nazionale PNF ទីក្រុងរ៉ូម អាចផ្ទុកអ្នកគាំទ្របាន ៤,៧៣ម៉ឺននាក់, កីឡដ្ឋាន Stadio Giovanni Berta នៅទីក្រុងហ្លូរេន អាចផ្ទុកអ្នកគាំទ្របាន ៤,៧២ម៉ឺននាក់, កីឡដ្ឋាន Stadio Giorgio Ascarelli នៅទីក្រុង ណាប៉ូល អាចផ្ទុកអ្នកគាំទ្របាន ៤ម៉ឺននាក់, កីឡដ្ឋាន Stadio Luigi Ferraris នៅទីក្រុងជីន័រ អាចផ្ទុកអ្នកគាំទ្របាន ៣,៦៧ម៉ឺននាក់, កីឡដ្ឋាន Stadio Benito Mussolini នៅទីក្រុងតូរីន អាចផ្ទុកអ្នកគាំទ្រ ២,៨ម៉ឺននាក់ និងចុងក្រោយគឺកីឡដ្ឋាន Stadio Littorio នៅទីក្រុងទ្រីតេ អាចផ្ទុកអ្នកគាំទ្របាន ៨ពាន់នាក់។
ក្រុមដែលចូលរួម
ការប្រកួតលើកទីពីរនេះមាន ១៦ក្រុមមកពី ៤ទ្វីបចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន ទ្វីបអាហ្វ្រិក៖ អេហ្ស៊ីប, ទ្វីបអាមេរិកឡាទីន ៖ អាហ្សង់ទីន, ប្រេស៊ីល, ទ្វីបអាមេរិកខាងជើង ៖ អាមេរិក, ទ្វីបអឺរ៉ុប មានច្រើនជាងគេ ៖ ម្ចាស់ផ្ទះអ៊ីតាលី, អូទ្រីស, ប៊ែលហ្សិក, ឆេក, បារាំង, អាល្លឺម៉ង់, ហុងគ្រី, ហូឡង់, រ៉ូមានី, អេស្ប៉ាញ, ស៊ុយអែត, ស្វីស ។
វគ្គផ្ដាច់ព្រ័ត្រ
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ត្រូវបានធ្វើឡើងនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលីនៅថ្ងៃទី ១០ មិថុនា ឆ្នាំ ១៩៣៤ ដោយម្ចាស់ផ្ទះអ៊ីតាលី បានក្លាយជាប្រទេសអឺរ៉ុប ដំបូងឈ្នះ World Cup ក្រោយយកឈ្នះឆេកូស្លូវ៉ាគី ២ទល់នឹង ១ នៅម៉ោងបន្ថែម Extra Time ។ ដោយឡែកប្រទេសអាល្លឺម៉ង់ដណ្ដើមបាន លេខ៣ ក្រោយយកឈ្នះអូទ្រីស ក្នុងលទ្ធផល ៣ ទល់នឹង ២ ។
កីឡាករលេចធ្លោ
Oldřich Nejedlý គឺជាកីឡាករ ដែលលេចធ្លោជាងគេ នៅអំឡុង World Cup លើកទីពីរនេះក្រោយរកបាន ៥គ្រាប់ឈ្នះស្បែក ជើងមាស, និងឈ្នះបាល់សំរិទ្ធក្នុងនាមជាកីឡាករលេងល្អ សម្រាប់កម្មវិធីប្រកួតទាំងមូល ។ លោកធ្លាប់បានចូលរួម World Cup ២លើកជាមួយជម្រើសជាតិឆេក ពោលគឺឆ្នាំ ១៩៣៤ និង ១៩៣៨ ដោយស៊ុតបញ្ចូលទីបាន ២គ្រាប់នៅ World Cup បន្ទាប់នេះ ។
Nejedlý លេងឲ្យក្លឹបអាជីពក្នុងស្រុកពេញមួយអាជីព របស់លោកគឺ Sparta Prague ដោយស៊ុតបញ្ចូលទីបាន ១៦២ គ្រាប់ និង ១៨គ្រាប់ឲ្យក្លឹប SK Rakovník។ សម្រាប់ក្រុមជម្រើសជាតិ បុរសដែលកើតនៅទីក្រុង Žebrák រូបនេះស៊ុតបញ្ចូលទីបាន ២៩គ្រាប់៕