Event

យុទ្ធនាការ «ការពារខ្លួនអ្នក» ក្នុងការផ្សព្វផ្សាយ ពីជំងឺអេដស៍ និងកាមរោគ នៅប្រទេសកម្ពុជា

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) នៃក្រសួង សុខាភិបាល ដោយមានការគាំទ្រ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការ គាំទ្រពី ​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងមានកិច្ចសហការនិងគាំទ្រពី ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញក្រុមប្រឈមមុខនឹង ការឆ្លងមេរោគអេដស៍ និងបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ដែលចូលរួមផ្សព្វផ្សាយលើការ បង្ការជំងឺអេដស៍ និងគាំទ្រអ្នកផ្ទុកមេរោគអេដស៍ និងក្រុមគ្រួសារ នៅទូទាំងប្រទេសកម្ពុជា ។

ជាលទ្ធផលយោងតាមឯកសារ ទទួលបានពីមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ កម្ពុជាបានសម្រេចទិសដៅ ៩០បីដង នៅឆ្នាំ២០១៧ (បីឆ្នាំមុនកាលកំណត់) បច្ចុប្បន្ននេះ យើងក៏បានដាក់ចេញនូវទិសដៅ ៩៥ បីដង នៅឆ្នាំ ២០២៥។ យោងតាមការប៉ាន់ស្មានដោយអង្គការ UNAIDS ឆ្នាំ ២០២១ បានឱ្យដឹងថា អត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ក្នុងចំណោម មនុស្សពេញវ័យមាន ០,៦% ករណីឆ្លងថ្មី នៃមេរោគអេដស៍មាន ១.១០០នាក់ និងករណីស្លាប់ដោយសារជំងឺអេដស៍ ក៏មាន ១.១០០ នាក់ ដែរ។

ក្នុងអំឡុងពេលបីឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ករណីឆ្លងថ្មី នៃមេរោគអេដស៍នៅទ្រឹង ហើយក្នុងចំណោមករណីឆ្លងថ្មី ១.១០០ នាក់នោះគឺ ៧៧% កើតឡើងនៅក្នុងចំណោមក្រុមប្រជាជនចំណុច និងដៃគូរួមភេទរបស់គាត់។ យើងក៏អាចនិយាយបានថា វាអាចបណ្តាលមកពីផលប៉ះពាល់ នៃជំងឺរាតត្បាតជាសកល គឺជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន ដល់ការផ្តល់សេវាបង្ការ សេវាធ្វើតេស្តរកមេរោគ អេដស៍ និងការព្យាបាល។

គិតត្រឹមត្រីមាសទី ៣ ឆ្នាំ ២០២២ អ្នកជំងឺអេដស៍ដែលកំពុងទទួលសេវាថែទាំ ព្យាបាល នៅតាមសេវាព្យាបាលជំងឺអេដស៍ ៧១ កន្លែងទូទាំងប្រទេស មានចំនួន ៦៤.១៨៤ នាក់ ធៀបនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍សរុបមាន ៧៤.០០០ នាក់ យោងតាមការប៉ាន់ស្មានអ្នកផ្ទុកមេរោគអេដស៍ ឆ្នាំ ២០២១។

ខ្ញុំក៏សូមទាញនូវការចាប់អារម្មណ៍ផងដែរ លើអត្រាប្រេវ៉ាឡង់ក្នុងចំណោម ក្រុមប្រឈមមុខខ្ពស់នៅមានកម្រិតខ្ពស់ គឺក្នុងចំណោមស្រ្តីធ្វើការនៅតាមសេវាកម្សាន្តមាន ​៤,៩% (IBBS-២០២២) និង​ប្រេវ៉ាឡង់នៃមេរោគស្វាយ ១៨,៩% បុរសរួមភេទជាមួយបុរស ៤,០% (IBBS-២០១៩) និងក្រុមបំប្លែងភេទ ៩,៦% (IBBS-២០១៩)​ អ្នកប្រើប្រាស់គ្រឿងញៀន ៥,៧% (IBBS-២០១៧) និងអ្នកចាក់គ្រឿងញៀនមានរហូតដល់ ១៥,២% (IBBS-២០១៧) ។

ដើម្បីជម្រុញការទប់ស្កាត់ការ រីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា ពិសេសក្នុងចំណោម​ក្រុមប្រឈម​មុខខ្ពស់ មជ្ឈមណ្ឌលជាតិ និងអង្គការដៃគូអភិវឌ្ឍន៍បានរៀបចំ ដាក់ចេញនូវនវានុវត្តន៍​ លើបទអន្តរាគមន៍ជាច្រើន ជាពិសេស ១)-ការអប់រំផ្សព្វផ្សាយទាំង ដោយជួបផ្ទាល់ និងតាមរយ: អនឡាញក្នុងគោលបំណង ផ្តល់ព័ត៌មាន​ទាក់ទងនឹងការបង្ការ ថែទាំ ព្យាបាលជំងឺអេដស៍ និងកាមរោគ ​ដល់ប្រជាជនទូទៅ ជាពិសេសក្រុមដែល​មានការប្រព្រឹត្ត ប្រឈមនឹងការឆ្លងមេរោគអេដស៍ ដើម្បីឱ្យពួកគាត់មានការ ផ្លាស់ប្តូរការប្រព្រឹត្តដែលមានហានិភ័យខ្ពស់ ​ទៅប្រកាន់យកនូវការប្រ​ព្រឹត្តប្រកបដោយសុវត្ថិភាព និងទទួលបានសេវានានា ដែល​ទាក់ទងនឹងជំងឺអេដស៍ និង​​កាមរោគឱ្យបានត្រឹមត្រូវ និងទាន់ពេល។

ជាពិសេសក្នុងឱកាលនេះ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សូមបើកសម្ភោធយុទ្ធនាការថ្មីមួយទៀត ដើម្បីចាក់ផ្សាយវីដេអូចំនួន ១០ រឿង (ត្រូវជា ១៥ ឃ្លីប) ថ្មីទៀត ព្រមទាំង សម្ភារអប់រំ ដ៏សម្បូរបែប ។ វីដេអូរឿងទាំងនេះ នឹងឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពសង្គម វប្បធម៌ ប្រពៃណី និងទំនាក់ទំនងស្នេហា តាមបរិបទថ្មីរវាងក្រុមយុវវ័យ ក្រុមប្រជាជនគោលដៅ និងប្រជាជនទូទៅ​​ ក្នុងគោលបំណងផ្សព្វផ្សាយសារអប់រំស្តីពី ការ​បង្ការ ថែទាំ ព្យាបាលជំងឺអេដស៍​ និងកាមរោគ នៅព្រះរាជា-ណាចក្រកម្ពុជា ។

ខ្ញុំជឿជាក់ថា នឹងមានអ្នកចូលទស្សនាវីដេអូរឿងទាំងនេះជាច្រើន តាមរយ:បណ្តាញទំនាក់-ទំនងសង្គមទាំងបី គឺ Facebook YouTube និង Instagram ដែលមានឈ្មោះថា “ ការពារខ្លួនអ្នក ” ហើយសង្ឃឹម​ថា តាមរយ:ការទស្សនាខ្សែវីដេអូរឿងទាំងនេះ អ្នកទស្សនាទាំងអស់ ជាពិសេសក្រុមប្រឈមមុខខ្ពស់ និងជាពិសេសក្រុមយុវវ័យ នឹងទទួលបានព័ត៌មានជាក់លាក់ស្តីពី ការបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ឈានដល់ការផ្លាស់ប្តូរការប្រព្រឹត្ត ដែលប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគអេដស៍ ទៅជាការប្រកាន់ខ្ជាប់នូវវិធានការបង្ការ ដូចជា ការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ និងជាប់លាប់ រាល់ពេលរួមភេទ ការលេបថ្នាំប្រឹព(PreP) ការធ្វើតេស្តរកមេរោគអេដស៍ ការស្វែងរកសេវាព្យាបាលជំងឺកាមរោគ និងព្យាបាលជំងឺឱ្យបានឆាប់បំផុត នៅតាមសេវាដែលផ្តល់ជូន ដោយក្រសួងសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍ នៅទូទាំងប្រទេស ដើម្បីចូលរួមកាត់បន្ថយការ ឆ្លងរាលដាលនៃមេរោគអេដស៍ និងឈានទៅសម្រេចបាននូវគោលដៅលុបបំបាត់ការឆ្លងថ្មី នៃមេរោគអេដស៍ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ ៕

Most Popular

To Top