សង្គ្រាមលោកលើកទី ១ (១៩១៤-១៩១៨) គឺជាសង្គ្រាមមួយដ៏ធំក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលបានឆក់យកជីវិតមនុស្សជាង ១០លាននាក់ និងរបួសជាច្រើនលាននាក់ទៀត។ ក្នុងអំឡុងពេល ៤ឆ្នាំនៃមហាសង្គ្រាមមួយនេះ មានហេតុការណ៍ជាច្រើនបានកើតឡើងនៅតាមសមរភូមិប្រយុទ្ធ។
ទោះជាយ៉ាងណា ហេតុការណ៍ខ្លះមិនត្រូវបានយកមកសរសេរក្នុងសៀវភៅប្រវត្តិសាស្ត្រ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយឡើយ។ ការចូលធ្វើទាហានរបស់ស្វាឈ្មោះ Jackie ក្នុងអំឡុងសង្គ្រាមលោកលើកទី ១ ក៏ស្ថិតក្នុងចំណោមហេតុការណ៍ប្រភេទនេះផងដែរ។
Jackie គឺជាស្វាប្រភេទប៉ាប៊ូមួយក្បាលដែលត្រូវបានម្ចាស់ លោក Albert Marr (ប្រភពខ្លះថា Andrew Marr) យកមកចិញ្ចឹមក្នុង នៅក្នុងកសិដ្ឋានមួយរបស់លោកក្នុងទីក្រុង Pretoria ប្រទេសអាហ្វ្រិកខាងត្បូង។ ដោយពេលនោះគឺជាអំឡុងពេលសង្គ្រាមលោកលើកទី ១ ហើយអាហ្វ្រិកខាងត្បូងជាសម្ព័ន្ធមិត្តរបស់អង់គ្លេស និងបារាំងដែលជាបដិបក្ខមួយក្រុមក្នុងសង្គ្រាម បុរសវ័យក្មេងជាច្រើននៅក្នុងប្រទេសមួយនេះបានជាប់ឈ្មោះធ្វើជាទាហាន ហើយលោក Albert Marr ក៏ជាមនុស្សម្នាក់ក្នុងចំណោមអ្នកជាប់ឈ្មោះនេះផងដែរ កាលពីខែសីហា ឆ្នាំ ១៩១៥។ ដោយទឹកចិត្តស្រលាញ់Jackie លោក Marr ក៏បានសុំមេបញ្ជារបស់លោក ដើម្បីសុំយកស្វាចិញ្ចឹមទៅតាមក្នុងនាមជាទាហាន ហើយមេរបស់លោកក៏យល់ព្រម។
ស្វា Jackie គឺជាស្វាមួយដ៏ឆ្លាត។ ក្នុងអំឡុងពេលសមរភូមិនៅអេហ្ស៊ីប, បែលហ្សិក និងបារាំង Jackie បានប្រើប្រាស់ភ្នែក និងត្រចៀកដ៏វៃរបស់ខ្លួន ដើម្បីតាមដានអំពីចលនារបស់ទ័ពសត្រូវ រួចធ្វើការផ្ដល់ដំណឹងដល់កងទ័ពសម្ព័ន្ធមិត្តតាមរយៈការបញ្ចេញសំឡេងខ្លាំងៗ។ បន្ថែមពីលើនេះ ក្រៅពីភាពប៉ិនប្រសប់ ក្រៅពីការងារឲ្យការណ៍ក្នុងសមរភូមិ ស្វា Jackie ចេះឈរគោរពយ៉ាងម៉ឺងម៉ាត់ ពេលមេបញ្ជាការដើរកាត់ខ្លួន។ ស្វាមួយនេះ ចេះទាំងអុជបារីឲ្យយុទ្ធមិត្តរបស់ខ្លួនដែលជាមនុស្សជក់ទៀតផង។
ទោះជាវាងវៃបែបនេះក្ដី ក្នុងសមរភូមិមួយនៅបែលហ្សិក ក្នុងឆ្នាំ ១៩១៨ ស្វា Jackie បានរងរបួសជើងស្ដាំដោយត្រូវអំបែងគ្រាប់ ដែលបាញ់ផ្លោងពីសំណាក់កងទ័ពសត្រូវ។ ដោយមានសភាពធ្ងន់ធ្ងរពេក ជើងស្ដាំរបស់ Jackie ត្រូវបានកាត់ចោល។
ខែមេសា ឆ្នាំ ១៩១៨ Jackie ត្រូវបានអនុញ្ញាតឲ្យបញ្ចប់បេសកកម្មយោធារបស់ខ្លួន។ នៅពេលបទឈប់បាញ់ជិតត្រូវបានធ្វើឡើង (ខែវិច្ឆិកា ឆ្នាំ ១៩១៨) ស្វា Jackie បានទទួលមេដាយមួយ ដើម្បីរំលឹកពីភាពក្លាហានរបស់គេ ក្នុងអំឡុងពេលបីឆ្នាំនៅក្នុងសង្គ្រាមលោកលើកទី ១។
នៅពេលសង្គ្រាមបានបញ្ចប់ Jackie និងម្ចាស់ លោក Marrបានត្រលប់មកកសិដ្ឋានរបស់ខ្លួនវិញអាហ្វ្រិកខាងត្បូងវិញ។ Jackie រស់រហូតដល់ឆ្នាំ ១៩២១ (ប្រភពខ្លះថាឆ្នាំ ១៩២២) ខណៈ លោក Marr ដែលជាម្ចាស់ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៣៕ Source: Sabay