ភ្នំពេញ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣៖ ក្រសួងអប់រំ យុវជន និងកីឡាអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប ឬ KAPE) និងក្រុមហ៊ុន Meta បានប្រកាសដាក់ដំណើរការកម្មវិធីសិក្សាថ្មីមួយនៅក្នុងខែមេសាខាងមុខនេះ ដើម្បីលើកកម្ពស់ជំនាញឌីជីថលនៅក្នុងវិស័យអប់រំ និងក្នុងចំណោមសិស្សានុសិស្សកម្ពុជា។
ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta បាននិងកំពុងធ្វើការរួមគ្នាដើម្បីដាក់ដំណើរការកម្មវិធីអក្ខរកម្ម ឌីជីថលថ្មីមួយឈ្មោះថា កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ (Khmer Digital Literacy Programme)ដែល នឹងធានាថាគោលបំណង របស់កម្មវិធីនេះត្រូវសម្រេចបានក្នុងរយៈពេលកំណត់។ ជាការចាប់ផ្តើម សាលាជំនាន់ថ្មីចំនួន ៦ នឹងត្រូវបានជ្រើសរើស ហើយគ្រូបង្គោលចំនួន ១២នាក់ មកពីសាលារៀងទាំង ៦ នេះនឹងត្រូវបានជ្រើសរើសផងដែរដើម្បីទទួលការបណ្តុះបណ្តាលនៅក្នុងកម្មវិធី អក្ខរកម្មឌីជីថលខ្មែរ។
លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានប្រសាសន៍ថា៖«ខ្ញុំរង់ចាំមើល លទ្ធផលរបស់កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ថាតើកម្មវិធីនេះនឹងផ្តល់លទ្ធផលជាវិជ្ជមានដល់សិស្ស និងគ្រូរបស់យើងកម្រិតណា។វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ជូនសាលារៀននូវជំនាញចាំបាច់ដើម្បីភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ហើយយើងរង់ចាំមើលការលូតលាស់ និងភាពជោគជ័យរបស់ពួកគេ»។
សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល (ToT)ដែលរួមបញ្ចូលគ្នានូវកម្មវិធីសិក្សា ព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលាជំនាន់ថ្មី និងកម្មវិធី We Think Digital នឹងផ្តល់ជូនគ្រូ បង្គោលនូវចំណេះដឹងដើម្បីបង្រៀនក្នុងកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មនេះដល់សិស្សនៅតាមសាលាគោលដៅ។
កម្មវិធីបណ្តុះបណ្តាលនេះមានគោលបំណងផ្តោតលើអ្នកដែលទើបនឹងប្រើប្រាស់អ៊ីនធឺណិតក៏ដូចជាអ្នកដែលចង់លើកកម្ពស់ជំនាញឌីជីថលដែលមានស្រាប់។ សាលាជំនាន់ថ្មីចំនួនប្រាំមួយ (NGS)ត្រូវបានជ្រើស រើសសម្រាប់កម្មវិធីនេះ។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គ្រោងនឹងចាប់ផ្តើមនៅខែមេសា ឆ្នាំ២០២៣ ហើយនឹងមានរយៈពេល ៦ខែ ដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលសិក្សារយៈពេល ៦ខែនេះ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ KAPE និងក្រុមហ៊ុន Meta សង្ឃឹមថាគ្រូបង្គោលទាំង១២នាក់នឹងចែកចាយបន្ត និងបង្រៀនចំណេះដឹងដែលគាត់ទទួលបានដល់សិស្សចំនួនពី ៣ ០០០ ទៅ ៥ ០០០នាក់ជាមួយនឹងជំនាញ និងចំណេះដឹងឌីជីថលដែលពួកគេអាចប្រើប្រាស់ជាក់ស្តែង។
លោកបណ្ឌិត ហេង ភក្តី ប្រធានគោលនយោបាយសាធារណៈនៃក្រុមហ៊ុន Meta ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើងជឿថាអក្ខរកម្មឌីជីថលមានសារៈសំខាន់សម្រាប់មនុស្ស គ្រប់គ្នាក្នុងការចូលរួមយ៉ាងពេញលេញនៅក្នុងពិភពឌីជីថល។ យើងមានមោទនភាពដែលបានគាំទ្រដល់កម្មវិធីអក្ខរកម្មជីថលខ្មែរនិងកិច្ចប្រឹងប្រែងរបស់កម្មវិធីនេះក្នុងការផ្តល់ជូនពលរដ្ឋកម្ពុជានូវជំនាញដែលត្រូវការដើម្បីប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ យើងមានសេចក្តីរំភើប រីករាយដែលមើលឃើញលទ្ធផលជាវិជ្ជមានដែលកម្មវិធីនេះនឹងផ្តល់ជូនសហគមន៍ហើយយើងនឹងបន្ត
ភាពជាដៃគូរបស់យើងជាមួយកម្មវិធីនេះទៅមុខទៀត»។
លោក ហ៊ីន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ KAPE មានសេចក្តីសោមនស្សរីករាយក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Meta ដើម្បីដាក់ដំណើរការកម្មវិធីបណ្តុះបណ្តាលនេះ ដោយសារកម្មវិធីនេះនឹងជួយសិស្ស និងគ្រូបង្រៀនឱ្យ បង្កើនជំនាញឌីជីថលរបស់ពួកគេ។
លោក ហ៊ីន ស៊ីមហួនក៏បានបន្តមានប្រសាសន៍ថា៖«គោលដៅរបស់កម្មវិធីអក្ខរកម្មឌីជីថលគឺដើម្បីផ្តល់ ជូនចំណេះដឹង និងសមត្ថភាពដែលប្រជាពលរដ្ឋត្រូវការសម្រាប់ភាពរីកចម្រើនក្នុងយុគសម័យឌីជីថល នាពេលបច្ចុប្បន្ន តាមរយៈការផ្តល់ជូនមនុស្សគ្រប់គ្នានូវលទ្ធភាពទទួលបានចំណេះដឹងឌីជីថល តាមរយៈកម្មវិធីនេះ»៕