បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណី ដែលពុទ្ធបរិស័ទម្នីម្នាទៅវត្ត ដើម្បីឧទ្ទិសជូនដល់ដូនតាដែលបានចែកឋានទៅ ដែលជាសាច់ញាតិទាំង ៧សណ្ដាន និងមានទំនាក់ទំនងពីមុន មកជាមួយនឹងសាមីខ្លួនដែលនៅរស់។ ពួកគេត្រូវរៀបចំបាយ ម្ហូបយកទៅប្រគេនព្រះសង្ឃ ដើម្បីសូត្រធម៌ជាកិច្ចចម្លងម្ហូប អាហារទាំងនោះទៅកាន់ សាច់ញាតិរបស់ពួកគេ។
ដោយឡែកពិធីបុណ្យភ្ជុំបិណ្ឌ ក៏ត្រូវបានគេហៅថាជា «ពិធីសែនដូនតា» មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលបានចារ លើសិលាចារឹក កាលពីចុងសតវត្សទី ៩ ដែលរកឃើញនៅថ្នល់បារាយ បង្ហាញពីការ «ចាប់បាយបិណ្ឌ» ពោលគឺពូតបាយជាពំនូតបិណ្ឌ សម្រាប់យកទៅបោះឲ្យប្រេតដែលពូនជាដុំ ហើយបានផ្ដាំឲ្យតាកឹង ឱ្យចាប់ឆ្កែចង សុំផ្លូវទៅផង ទៅជូនដូនតា ។
ដូចពាក្យសូត្រដែលបានចារមកថា៖
ខ្ញុំសូមចាប់បាយបិណ្ឌ មធុបាយាស
ព្រះពុទ្ធបានត្រាស់ ពោធិសត្វផង
ផ្ដាំទៅតាកឹង ឲ្យចាប់ឆ្កែចង
សុំផ្លូវទៅផង យកបាយទៅជូនដូចតា។
ដ្បិតពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌសព្វថ្ងៃប្រារព្ធធ្វើឡើង ក្នុងក្របខណ្ឌព្រះពុទ្ធសាសនា ប៉ុន្តែផ្អែកតាមការស្រាវជ្រាវរបស់ នរវិទូ អាំង ជូលាន និង ស៊ីយ៉ុន សុភារិទ្ធ បានឲ្យដឹងថា កាលពីបុរាណកាលមក ពិធីបុណ្យនេះ គឺជាកិច្ចពិធីព្រហ្មញ្ញ សាសនាទេ ។ នៅក្នុងពាក្យសូត្រ ស្របពេលព្រះពុទ្ធ ព្រះពោធិសត្វ មធុបាយាស មានមនុស្សជាច្រើនស្គាល់ច្បាស់ហើយ ចុះតើតួអង្គតាកឹង ដែលមានក្នុងឃ្លានោះជានរណា?
ស្ថិតក្នុងព្រហ្មញ្ញសាសនា កិង្ករ សម្ដៅទៅលើ ក្រុមយម្ភូបាល ដែលមានមាន មុខមាត់គួរឲ្យខ្លាច ហើយអកប្បកិរិយាកាច សាហាវ វាយដំ និងធ្វើទារុណកម្មគ្រប់បែបយ៉ាង ដល់អ្នកដែលធ្លាក់ទៅនរកនានា។ ក្នុងសៀវភៅដែលចងក្រងដោយនរវិទូទាំងពីរបានបង្ហាញទៀតថា កិង្ករនេះជាក្រុមសេនា ឬបាវបម្រើរបស់ព្រះយមរាជ។
សិលាចារឹកនៅកម្ពុជាសម័យបុរាណ មាននិយាយពីពួកនេះតាំងពីសតវត្សទី ៧ មកម្ល៉េះ។ ពាក្យសំស្ក្រឹត «កិង្ករ» ដែលខ្មែរសព្វថ្ងៃអានថា «កឹង» នេះ ជាការអានក្លាយ ទៅតាមបែបបទស័ព្ទជាធម្មតា។ មិនត្រឹមតែមាននិយាយក្នុងសិលាចារឹកទេ ពួក «កិង្ករ» ក៏មាននៅក្នុងសិលាចារឹកផងដែរ។ នៅក្នុងរូបភាពខ្លះ ពួកនេះបណ្ដើរ ហើយវាយដំសត្វនរក បើនៅរូបខ្លះវិញ មិនឃើញវាយដំច្រំធាក់ទេ តែគេបង្ហាញឲ្យឃើញក្នុងទិដ្ឋភាពមួយគួរឲ្យខ្លាច។
ត្រង់ចំណុចមួយទៀត ដែលគ្រប់គ្នាពុំគួររំលងនោះ ត្រង់អ្នកសូត្រម្នាក់ៗ «សុំឲ្យតាកឹង ចាប់ឆ្កែចង» កុំឲ្យយាយីនៅពេល ដែលគេយកបាយទៅឥឲ្យដូនតា។ នេះគឺជាការយល់ក្លាយ នៅពេលក្រោយមកប៉ុណ្ណោះ ដោយសារនៅក្នុងព្រហ្មញ្ញសាសនា គឺព្រះយមរាជអង្គឯងដែលមានឆ្កែកាច ហើយឆ្កែនោះ មានដល់ទៅពីរ ដោយមួយៗមានភ្នែកដល់ទៅបួនផង។ ដូច្នេះនេះ គ្រាន់តែជាការក្លាយពីព្រះយមរាជមានឆ្កែទៅ បាវបម្រើព្រះមយមរាជ មានឆ្កែតែប៉ុណ្ណោះ។
បកត្រឡប់មកវិញ ពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និង ខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ។ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាក ពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះ នាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀប ចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិ របស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង ៕