ភ្នំពេញ ៖ ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ឆ្នាំ២០២៣ និងកម្មវិធីអប់រំ សុខភាពអាណាព្យាបាល រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាលោករដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយកនៅវិមានក្នុងពហុកីឡដ្ឋានជាតិ ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាននិយាយថា គណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំដំណើរការប្រកួតកីឡាស្ប៉េ ស្យាល់អូឡាំពិកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ និងកម្មវិធីអប់រំសុខភាព អាណាព្យបាលក្នុងគោលបំណង ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីរាជធានី ខេត្ត អង្គការ សមាគម បានជួបជុំគ្នា ដើម្បីវាស់ស្ទង់សមត្ថភាព ចែករម្លែក បទពិសោធន៍ ភាពសប្បាយរីករាយ រវាងកីឡាករ កីឡាការិនី បញ្ញាខ្សោយ ជាពិសេស គឺលោកវេជ្ជបណ្ឌិត នឹង ធ្វើការណែនាំ អប់រំពីរបៀបថែទាំ សុខភាព ក្នុងការរស់នៅប្រចាំថ្ងៃ របស់អាណាព្យាបាល និងប្អូនៗ កីឡាករ កីឡាការិនី បញ្ញខ្សោយផងដែរ ។
លោកបានបន្តថា ការប្រកួតមានមកពី ១៣ រាជធានី ខេត្ត អង្គការ សមាគមរួមមានខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តសៀមរាប ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ អង្គការដើម្បីភាពញញឹមនៃកុមារ PSE អង្គការ KPF បណ្តាញអាណាព្យាបាល FSN អង្គការ PACHID និងអង្គការ CCAMH មានចំនួន ២៧៥នាក់។ប្រភេទកីឡា និងវិញ្ញាសាប្រកួតមាន៖កីឡាអត្តពលកម្មរត់ចម្ងាយ ៥០ ម៉ែត្រ បុរស – នារី រត់ចម្ងាយ១០០ ម៉ែត្រ បុរស-នារី និងរត់ចម្ងាយ២០០ ម៉ែត្រ បុរស-នារី ។កីឡាបាល់ទាត់យូនីហ្វាយ៖បុរស ៥ នាក់ម្ខាង និងកីឡាប៊ូលយូនីហ្វាយ ១ នាក់ទល់ ១នាក់ និង ២ នាក់ទល់ ២នាក់ ។
លោក សែម សុខា បានមានប្រសាសន៍ថា ការប្រកួតមិនមែន ដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើសអើង និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកក្នុងតំបន់ និង ពិភពលោក និងភាពរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធជន មានពិការភាព ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបាន រាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញលើកស្ទួយឥតឈប់ឈរ។ ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក មិនមែនគ្រាន់តែបម្រើឱ្យការហាត់ ហ្វឹកហ្វឺន ឬប្រកួតតែមួយមុខ នោះទេ ថែមទាំងមានល្បែងកីឡា សម្រាប់ ក្មេងៗអាយុ២-៧ឆ្នាំ កម្មវិធីត្រួតពិនិត្យសុខភាព វេទិកាអប់រំសុខភាព សម្រាប់អាណាព្យាបាលជនបញ្ញាខ្សោយ កម្មវិធីភាពជាអ្នកដឹកនាំរបស់ កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយ ។ល។
លោកអនុប្រធាន បានបញ្ជាក់ថា លើសពីនេះទៀត គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានខិតខំប្រឹងប្រែងរៀបចំ ការប្រកួតថ្នាក់ជាតិ តាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន និង បានចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ ការប្រកួតនាឱកាសនេះផងដែរ គឺដើម្បីលើកកម្ពស់ស្ថិរភាព សុខុមាល ភាព និងផ្តល់ឱកាសដល់ក្រុមកីឡាករ កីឡាការិនី មកពីតាមអនុគណៈ កម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី ខេត្ត បានជុំគ្នាបង្កើនទំនាក់ទំនង ពីគ្នា និងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ ត្រៀមលក្ខណៈ ចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ៕
ដោយ៖លី ភីលីព