ភ្នំពេញ៖លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការបានអញ្ជើញចូលរួមក្នុងសន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
លោក សែម សុខា បានមានប្រសាសន៍ថា សន្និសីទប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកស្តីពីភាពជាអ្នកដឹកនាំឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីមានការចូលរួមពីបណ្តាប្រទេសក្នុងតំបន់ចំនួន ២៤ប្រទេសដោយបានលើកឡើងពិភាក្សាអំពីក្រមសីលធម៌អ្នកដឹកនាំ និងគ្រូបង្វឹក សុវត្ថិភាពសុខភាពកីឡាករបញ្ញាខ្សោយ និងការពង្រឹងនិងពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅតាមសហគមន៍ និងសលារៀន។
លើសពីនេះទៀត គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានខិតខំប្រឹងប្រែងរៀបចំការប្រកួតថ្នាក់ជាតិតាំងពីឆ្នាំ២០០៦ ដល់បច្ចុប្បន្ន និងបានចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិផងដែរ។ការប្រកួតនាឱកាសនេះផងដែរ គឺដើម្បីលើកកម្ពស់ស្ថិរភាពសុខុមាល ភាព និងផ្តល់ឱកាសដល់ក្រុមកីឡាករ-កីឡាការិនី មកពីតាមអនុគណៈ កម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានីខេត្ត បានជុំគ្នាបង្កើនទំនាក់ទំនងពីគ្នា និងដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ ត្រៀមលក្ខណៈ ចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានាផងដែរ ។
លោបានបន្តថាពិតណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការវិនិយោគលើវិស័យពិការភាពជាច្រើនឆ្នាំណាស់មកហើយ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានកំពុងស្តារនិងអភិវឌ្ឍមាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់លើកកម្ព ស់សិទ្ធិជនមានពិការភាពនិងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។
លោកអនុប្រធានបានបន្ថែមទៀតថា ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាងច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមានពិការភាពបានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាពក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ជនមានពិការភាពនៅប្រទេសកម្ពុជា៕
ដោយ៖លី ភីលីព