ភ្នំពេញ ៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានលើកឡើងថា មហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅ ការងារ ឆ្នាំ២០២៤ ក្រៅពីការរំលេចឡើង នូវសមិទ្ធផលដ៏វិសេសវិសាល ក្នុងឆ្នាំ២០២៣ សូមឲ្យអង្គមហាសន្និបាត រៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយបន្តជ្រោង ទង់កីឡាជាតិ ឲ្យលេចត្រដែតលើឆាក អន្តរជាតិបន្ថែមទៀត ។
លោកបណ្ឌិត ថោង ខុន បានបន្តថា មហាសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាពេលនេះ ដើម្បីរម្លេចឡើង នូវសមិទ្ធផលនានា ដែលសម្រេចបាន តាមរយៈការខិតខំប្រឹងប្រែង របស់គ្រួសារចលនា អូឡាំពិកយើងកន្លងមក ហើយយើងក៏ត្រូវសម្លឹង ទៅមុខឆ្ពោះទៅបំពេញបេសកកម្មថ្មីៗ ថែមទៀតរបស់ចលនាអូឡាំពិកជាតិ ក៏ដូចវិស័យកីឡាជាតិ ។
លោកបណ្ឌិតប្រធាន NOCC បានឲ្យដឹងទៀតថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមកសាង អភិវឌ្ឍចលនាអូឡាំពិក និងវិស័យកីឡាជាតិ ជាមួយសសរស្ដម្ភបីសំខាន់ គឺគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ។ ដូចនេះ ដើម្បីជំរុញយន្តការគ្រប់គ្រងដឹកនាំ និងអនុវត្តការងារកីឡាបានជោគជ័យត្រូវការ ស្មារតីរួមគិត រួមធ្វើ រួមទទួលខុសត្រូវ និងធ្វើការជាមួយគ្នាក្នុង សុខដុមរមនាការងារ របស់សសរស្តម្ភទាំងបី ដែលជាមូលដ្ឋានគ្រឹះនៃជោគជ័យ ក្នុងការអភិវឌ្ឍសក្តានុពលភាព វិស័យកីឡាជាតិ ។
លោកបណ្ឌិត ថោង ខុន ក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ប្រព័ន្ធការងារកីឡាដែលបានប្រទាក់ក្រឡាគ្នា ធ្វើកិច្ចសហការគ្នាល្អ និងយ៉ាងជិតស្និទ្ធ ដោយតម្កល់ឧត្តមគតិកីឡាជាតិ និងប្រទេសជាតិជាធំរបស់សសរស្តម្ភទាំង៣ ទើបធ្វើឱ្យព្រឹត្តិការណ៍ ប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះរៀបចំទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ជូនជាតិ និងប្រជាជន។ អ្វីៗទាំងអស់ នៅតែពឹងផ្អែកទាំងស្រុងទៅលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទើបយើងអាចមាន ឱកាសបង្កើតព្រឹត្តិការណ៍ជាតិ ជាប្រវត្តិសាស្ត្រ បានជោគជ័យបែបនេះ ។
មហាសន្និបាតពេលនេះ ក្រៅពីការ រំលេចឡើង នូវសមិទ្ធផលដ៏វិសេសវិសាល ក្នុងឆ្នាំ២០២៣ ខ្ញុំក៏សូមឱ្យអង្គមហា សន្និបាតរៀបចំខ្លួន និងត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ បន្តជ្រោងទង់កីឡាជាតិ ឲ្យលេចត្រដែតលើឆាក អន្តរជាតិបន្ថែមទៀត ដោយផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការត្រៀមចូលរួមប្រកួតកីឡា SEA Games លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ ការប្រកួតកីឡា SEA Games លើកទី៣៤ នៅម៉ាឡេស៊ី ឆ្នាំ២០២៧ ការប្រកួតកីឡា SEA Games លើកទី៣៥ សឹង្ហបុរី ឆ្នាំ២០២៩ ពិសេសការត្រៀម ធ្វើជាម្ចាស់ផ្ទះម្ដងទៀត ក្នុងកម្រិតការប្រកួត ពហុកីឡាប្រចាំ ទ្វីបអាស៊ី គឺការប្រកួតកីឡា យុវជន អាស៊ី លើកទី៥ (The 5th Asian Youth Games) និងការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ាហ្គេម លើកទី៦ (The 6th Asian Youth Para Games) ឆ្នាំ២០២៩។
ការកំណត់ចក្ខុវិស័យ និងគោលដៅការងារកីឡាច្បាស់លាស់ខាងលើនេះ គឺជាការជំរុញល្បឿន នៃការបំពេញភារកិច្ច កាតព្វកិច្ចក្នុងការកសាងគុណភាព និងប្រសិទ្ធភាពគុណផលកីឡា ឱ្យមានសុគតភាព នៅនឹងនិន្នាការរីកចម្រើន នៃវិទ្យាសាស្ត្រកីឡា និងបច្ចេកទេសកីឡាអន្តរជាតិ ។
ឯកឧត្តមបណ្ឌិតក៏ថ្លែងអំណរគុណ ដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងមហាគ្រួសារកីឡាជាតិ និងគ្រួសារចលនា អូឡាំពិក ពិសេសរាជរដ្ឋាភិបាល និងអាជ្ញាធររាជធានី-ខេត្ត ដែលផ្តល់នូវកិច្ចសហការ សម្របសម្រួលដល់ដំណើរការ បម្រើសេវារៀបចំសកម្មភាពការងារកីឡាឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ជាអត្ថប្រយោជន៍សង្គមជាតិ៕
ដោយ៖លី ភីលីព