វៀតណាម ៖ ប្រជាជនវៀតណាម ចំណាយប្រហែល ៤៩ ពាន់ពាន់លានដុង (១.៩៥ ពាន់លានដុល្លារ) លើថ្នាំជក់ជារៀងរាល់ឆ្នាំ ខណៈការចំណាយសរុប ទាក់ទងនឹងការថែ ទាំសុខភាព ជំងឺ និងការស្លាប់ ដែលបណ្តាលមកពីថ្នាំជក់ មានចំនួនប៉ាន់ស្មាន ១០៨ ពាន់ពាន់លានដុង ជារៀងរាល់ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express ។
លោកស្រី Nguyen Thi Thu Huong មកពីមូលនិធិគ្រប់គ្រងថ្នាំ ជក់ក្រោមក្រសួងសុខាភិបាល ក្នុងសន្និសីទមួយកាលពីថ្ងៃព្រហស្បតិ៍ថា ថ្នាំជក់កំពុងដាក់បន្ទុកយ៉ាង សំខាន់លើសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់វៀតណាម ។ ការចំណាយ ដែលបានមកពីការប្រើប្រាស់ថ្នាំជក់ និងបញ្ហាសុខភាពបង្កឡើង គឺស្ទើរតែ ១.៥ ភាគរយ នៃទំហំផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៣ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៤៣៣.៣ ពាន់លានដុល្លារ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។
ការខូចខាតខាងសេដ្ឋកិច្ចដែលបណ្តាលមកពីថ្នាំជក់ លើសពីប្រាក់ចំណូលដែលទទួលបានពីពន្ធលើផលិតផលថ្នាំជក់។ ការសិក្សាមួយដែលធ្វើឡើងដោយ K Hospital បានបង្ហាញថា ៩៧ភាគរយ នៃអ្នកជំងឺមហារីកសួត គឺជាអ្នកប្រើប្រាស់ថ្នាំជក់ ។ ទន្ទឹមនឹងនេះ អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថា ជំងឺដែលទាក់ទងនឹង ថ្នាំជក់មានចំនួនប្រហែល ១០៤,៣០០ នាក់ បានស្លាប់នៅក្នុងប្រទេស វៀតណាមជារៀងរាល់ឆ្នាំ រួមទាំងការស្លាប់ចំនួន ១៩,០០០នាក់ បណ្តាលមកពីការជក់បារីជជុះ ។
លោកស្រី Huong ក៏បានលើកឡើងអំពីការកើនឡើង នៃអត្រានៃការជក់បារីក្នុងចំណោមស្ត្រីក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ អត្រានៃការជក់បារី ក្នុងចំណោមស្ត្រីមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅបានកើនឡើងពី ១.១ទៅ ១.៥ ភាគរយ ទោះបីជាអត្រានៃការជក់បារីក្នុងចំណោមបុរសបានធ្លាក់ចុះពី ៤៥.៣ទៅ៣៨.៩ភាគរយក៏ដោយ ។ លោកស្រីបានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមសិស្សស្រីក៏កំពុងកើនឡើងផងដែរ ដែលអាចនាំឱ្យមានការប្រើប្រាស់ថ្នាំជក់ នៅពេលក្រោយក្នុងជីវិត។
ការសិក្សាបានបង្ហាញថា ក្មេងជំទង់ដែលចាប់ផ្តើម ប្រើប្រាស់បារីអេឡិចត្រូនិចនៅអាយុ ១៤ ឆ្នាំ ទំនងជាជក់បារីនៅអាយុ ១៧ ឆ្នាំ។ នៅប្រទេសវៀតណាម អត្រាប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមសិស្សដែលមានអាយុពី ១៣-១៥ ឆ្នាំបានកើនឡើងពី ៣.៥ទៅ ៨ភាគរយចន្លោះឆ្នាំ ២០២២ និង ២០២៣ ។ និន្នាការកើនឡើងនេះត្រូវបានឆ្លុះបញ្ចាំង នៅចំនួនប្រជាជនពេញវ័យ ការប្រើប្រាស់បារីអេឡិចត្រូនិចបានកើនឡើងពី ០.២ភាគរយក្នុងឆ្នាំ ២០១៥ ដល់ ៣.៦ភាគរយ ក្នុងឆ្នាំ២០២០ ៕