កីឡា

ព្រឹត្តិការណ៍កីឡា លើភ្នំដងរែក “ថ្មើរជើងប្រវត្តិសាស្រ្ត-អន្លង់វែង” នឹងចាប់ផ្តើម នៅដើម​​ខែ កុម្ភៈ ​ខាងមុខនេះ

ព្រឹត្តិការណ៍កីឡាទេសចរណ៍ លើភ្នំដងរែកដែលប្រសិទ្ធិនាមថា  “ថ្មើរជើងប្រវត្តិសាស្រ្ត–អន្លង់វែង” ខេត្តឧត្តរមានជ័យ លើកទី២ នឹងចាប់ផ្តើមធ្វើនៅដើម ខែកុម្ភៈ ឆ្នាំ២០២០ ខា​ង​មុខ​នេះ   ដើម្បីទាក់ទាញ និងពង្រីកសក្តានុពល ឲ្យកាន់តែកក្រើកនៅលើអតីតទឹកដីនៃការតស៊ូ ចុងក្រោយនៃរបបខ្មែរក្រហម។

ព្រឹត្តិការណ៍កីឡា–ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្ត្រ” នៅលើភ្នំដងរែក ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ គឺជាការចាប់ផ្តើមថ្មី សម្រាប់ស្រុកអន្លង់វែង ដើម្បី​គាំទ្រ​​ដល់​សន្តិ​ភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់តស៊ូចុងក្រោយ នៃចលនាខ្មែរក្រហម។ ព្រឹត្តិការណ៍កីឡាថ្មើរជើង​ប្រវត្តិសាស្ត្រ​»ព្យាយាមតម្រង់ការចាប់អារម្មណ៍​ ទៅ​លើ​​សារ​សំ​ខាន់ផ្នែកប្រវត្តិសាស្ត្រ​របស់អន្លង់វែង និងទៅលើចំណុចគោលនៃសន្តិភាព សន្តិសុខ និងវិបុលភាព របស់ប្រទេសកម្ពុជា។ អន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយ របស់ខ្មែរក្រហមប៉ុន្តែ​តំបន់នេះ ក៏ជាចំណុចរបត់និមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ ​ការធ្វើសមាហរណកម្មរបស់តំបន់នេះ​គឺមានន័យស្មើនឹង​ការចាប់ផ្តើម​សា​ជា​ថ្មី​សម្រាប់ប្រជាជនកម្ពុជា ទាំងអស់គ្នាដែរ ដែលបានបញ្ចប់នូវរយៈកាលជាងបីទសវត្សរ៍នៃសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការសម្លាប់រង្គាល។                                                         អន្លង់​វែង​បង្កប់​​នូវភាពអាថ៌កំបាំង ដំណើ​រផ្សងព្រេង សម្រស់ធម្មជាតិ និងហានិភ័យខ្លះៗដែរ។ តំបន់នេះធ្លាប់ជាចំណុចជួរមុខនៃជម្លោះព្រំដែនជាមួយ ប្រទេសថៃ ហើយតំបន់ព្រៃស្រោង​មួយ​ចំនួននៅតែមិនអាចចូលទៅដល់ ដោយសារតែគ្រាប់មីនជាដើម។ សៀវភៅមគ្គុទ្ទេសមុនៗ បានពណ៌នាពីតំបន់អន្លង់វែងថា ជាគោលដៅនៃ ដំណើរផ្សងព្រេងយ៉ាងប្រថុយប្រថាន ដោយ​តំបន់នេះបែរជា ទទួលបាននូវសុខសុវត្ថិភាព និងសន្តិភាព ដែលមិននឹក ស្មានដល់។                                                                                                        

លោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍​កីឡាលើភ្នំដងរែក “ថ្មើរជើងប្រវត្តិសាស្រ្ត–អន្លង់វែង” ខេត្តឧត្តរមានជ័យ លើក​ទី​២ នឹងត្រូវបង្កើនរយៈពេលរហូតដល់ ៣ថ្ងៃ គឺថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែកុម្ភៈ  ដោយលោកមានប្រសាសន៍ថា ដើម្បីបង្កើនការអភិវឌ្ឍបន្ថែមស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រសួង​ទេស​ចរណ៍ អាជ្ញាធរខេត្ត និងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបានសហការគ្នា ដោយមានភាគីថៃ ចូលរួមដែរនោះ​នឹងធ្វើឲ្យព្រឹត្តិការណ៍កីឡាទេសចរណ៍ នៅតំបន់តស៊ូចុងក្រោយនៃ​របប​ខ្មែរ​ក្រហមមួយនេះ កាន់តែទាក់ទាញបន្ថែមទៀត ។ ព្រឹត្តិការណ៍នេះកំពុងវិវឌ្ឍពីមួយជំហាន ទៅមួយជំហាន ដោយកាលពីលើកទី១ឆ្នាំ២០១៩ ដែលជាការចាប់ផ្តើមដំបូង ព្រឹត្តិការ​ណ៍ “ថ្មើរ​ជើងប្រវត្តិសាស្រ្ត–អន្លង់វែង” ខេត្តឧត្តរមានជ័យ នេះមានលក្ខណៈ តូចចង្អៀត  ប៉ុន្តែឆ្នាំទី២ ដែលគ្រោងនឹងធ្វើនាដើមខែកុម្ភៈ ឆ្នាំ២០២០នេះ នឹងកាន់តែធំ និងទាក់​ទាញពី​អ្ន​ក​ចូល​រួម​កាន់តែ ច្រើន ដែលមានរយៈពេលវែងជាងមុន និង មានសកម្មភាព ច្រើនជាងមុន ដោយតាមការគ្រោងទុកនឹងមានអ្នករត់ចូលរួម ប្រមាណ១.៥០០នាក់ ក្នុងនោះអ្នក​រត់​មកពី​ប្រទេស​ថៃ​ មានចំនួន ៧៥០នាក់ ។ ក្រៅពីនេះនឹងមានការ ជិះកង់កម្សាន្ត ១០គីឡូម៉ែត្រដែលមានចន្លោះ៧០០ ទៅ៨០០នាក់ ក្នុងនោះអ្នកជិះកង់ មកពីថៃ​ប្រមាណ៣០០នាក់ដែរ ។

លោកបន្ថែមថា យើងនឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនេះធំជាងឆ្នាំមុន តាមរយៈការអំពាវនាវ តាម ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ជាពិសេសគឺ​ យើងនឹងបញ្ចៀបការផ្សព្វផ្សាយ​ ទៅ​តាម​ស្ថានទូតនានា តាមរយៈ មជ្ឈមណ្ឌលឯកសារកម្ពុជា ដើម្បីទទួលបានការគាំទ្រ និងការចូលរួមផងដែរ ។ ព្រឹត្តិការណ៍កីឡា–ទេសចរណ៍ “ថ្មើរជើងប្រវត្តិសាស្រ្ត–អន្លង់វែង” ឆ្នាំ​ទី​២​នេះ​ នឹងរៀបចំក្នុងរយៈពេល៣ថ្ងៃ ដោយសារការគាំទ្រនិងចូលរួមកាន់តែច្រើន ជាពិសេសគឺយើងធ្វើឲ្យមានការប្រែប្រួលពីមួយព្រឹត្តិការណ៍ទៅមួយ ព្រឹត្តិការណ៍ឲ្យមានភាពប្លែកនិង​អស្ចារ្យ ​។ យើងមើលទៅលើលទ្ធភាព នៃការរៀបចំ ដោយក្រៅអំពីការឧបត្ថម្ភគាំទ្រ ពីក្រសួងទេសចរណ៍ អាជ្ញាធរខេត្តឧត្តរមានជ័យ ដែលជាម្ចាស់ផ្ទះ  គឺយើងតែងតែ​ស្វែង​រកដៃគូ​ឧបត្ថម្ភ​គាំទ្រ​បន្ថែម តាមរយៈការរៀបចំ ទីតាំងលក់ដូផលិតផល ការរៀបចំ សិល្បៈកម្សាន្តជាដើម ហើយនៅថ្ងៃចុងក្រោយ​នឹងមានការបាញ់កាំជ្រួ​ច អបអរទិវានេះ​ឲ្យកាន់តែគគ្រឹក​គគ្រេង​ផងដែ​រ​»​​ ។

លោក វ៉ាត់ ចំរើន អះអាងថា តាមគោលដៅរបស់គណៈកម្មការ គឺនឹងពង្រីកព្រឹត្តិការណ៍នេះ ឲ្យកាន់តែធំឡើងបន្ថែមទៀត នាឆ្នាំបន្តបន្ទាប់ ដោយគ្រោងនឹងពង្រីក​វិញ្ញាសា​ថ្មើរ​ជើងប្រវត្តិសាស្រ្តនេះ ពី៤គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រ ឬពាក់កណ្តាលម៉រ៉ាតុង២១គីឡូម៉ែត្រ ហើយដោយនៅក្នុងស្រុកអន្លង់វែងនេះ ​មានតំបន់ទាក់ទាញច្រើន​ ដែលអាចរៀបចំទិវារត់​ចម្ងាយ​ឆ្ងាយ១២៨គីឡូម៉ែត្រ(Ultra Trail) លក្ខណៈផ្សងព្រេងពីខាងក្រោមមកដល់លើ កំពូលភ្នំដងរែងនៃច្រកព្រំដែនកម្ពុជា–ថៃ ៕

Most Popular

To Top