នៅក្នុងអាស៊ាន ១០ប្រទេស មានតែ ៤ប្រទេសទេ ដែលមិនប្រើប្រាស់អក្សរឡាតាំងនៅក្នុងភាសាផ្លូវការរបស់ខ្លួន។ ប្រទេសទាំង ៤នោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ។
ប្រទេសទាំងបួននេះមានអក្សរផ្ទាល់ខ្លួន ដែលវិវត្តន៍ទៅតាមឥទ្ធិពលនានាដូចជា ការហូរចូលនៃអរិយធម៌បុរាណ ប្រពៃណី និងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយព្រមទាំងឆ្លងកាត់នូវសម្ពាធនៃការហូរចូលនូវឥទ្ធិពលបរទេសលោកខាងលិចតាមរយៈអាណានិគមនិយម និងក្រោយមកសកលភាវូនីយកម្ម។
អក្សរខ្មែរ
យោងតាមការស្រាវជ្រាវមួយរបស់ក្រុមអ្នកអក្សរសាស្ត្រឥណ្ឌានៅឆ្នាំ២០១០ តួអក្សរនៃប្រទេសទាំង៤ខាងលើ ក៏ដូចជាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត គឺកើតចេញពីការកម្លាយនៃតួអក្សរព្រាហ្មី ដែលជាតួអក្សររបស់ពួកឥណ្ឌាខាងត្បូង ដោយពួកនេះទទួលឥទ្ធិពល និងអរិយធម៌ពីក្រុមមនុស្សមកពីមជ្ឈិមបូព៌ាកាលពីរាប់រយឆ្នាំមុនគ្រិស្តសករាជឯណោះ។
អក្សរឡាវ
ចំណែកប្រទេសអាស៊ានទាំង ៦ ទៀតបានប្រើប្រាស់អក្សរឡាតាំង (មិនមែនភាសាឡាតាំងទេ) ដោយសារតែឥទ្ធិពលនៃពាណិជ្ជកម្ម និងការផ្សព្វផ្សាយនៃសាសនាគ្រិស្តរបស់ពួកអឺរ៉ុបតាំងពីសតវត្សទី១៦ ហើយបន្តមកទៀតគឺអាណានិគមនិយមអឺរ៉ុបនៅសតវត្សក្រោយៗមក។
ជាក់ស្ដែងដូចករណីអក្សរសាស្ត្រវៀតណាមបច្ចុប្បន្នអញ្ចឹង វៀតណាមកាលពីជំនាន់មុនប្រើប្រាស់អក្សរសាស្ត្រចិនទេ។ នៅពេលដែលពួកព័រទុយហ្គាល់មកផ្សព្វផ្សាយសាសនាគ្រិស្តនៅសតវត្សទី១៧ ភាសាវៀតណាមក៏បានប្រើប្រាស់អក្សរឡាតាំងជាអក្សរសម្គាល់របស់ខ្លួន។ ក្រោយមកពេលបារាំងមកធ្វើអាណានិគម បារាំងបានដាក់អក្សរឡាតាំងក្នុងកម្មវិធីអប់រំផ្លូវការ និងចាំបាច់។
ដូចគ្នានឹងវៀតណាមដែរ ភាសាម៉ាឡេ ដែលប្រើប្រាស់នៅឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រ៊ុយណេ និងសិង្ហបុរី មានឥទ្ធិពលចាប់ពីពួកព័រទុយហ្គាល់មកធ្វើជំនួញនៅសតវត្សទី១៦ ប៉ុន្តែក្រោយមកពួកអាណានិគមអឺរ៉ុបបានប្រែក្លាយអក្សរឡាតាំងជាអក្សរផ្លូវការ។
ចំណែកឯហ្វីលីពីនវិញ ប្រើប្រាស់អក្សរឡាតាំងមុនគេ ដោយប្រទេសនេះប្រែក្លាយពីអក្សរជនជាតិដើមតាកាឡុករបស់ខ្លួន ទៅជាអក្សរឡាតាំងនៅពេលអេស្ប៉ាញចូលមកធ្វើអាណានិគមនៅឆ្នាំ១៥២១៕
ប្រែសម្រួល ៖ ទេព សុវណ្ណមោលី/sby