សួស្ដីប្រិយមិត្តរបស់ ចំណេះ ទាំងអស់។ ថ្ងៃនេះ ចំណេះ សូមធ្វើការបង្ហាញ ជូនប្រិយមិត្ត ពីជីវប្រវត្តិក៏ដូចជាបទ ពិសោធន៍ដ៏ជោគជ័យ នៅក្នុងជីវិតរបស់ពាណិជ្ជករ និងសហគ្រិនឆ្នើមមួយរូប នោះគឺលោក Walt Disney។
លោក Disney គឺជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យគំនូរជីវចល និងខ្សែភាពយន្ដខ្លី ដោយប្រើពេលស្ទើរតែពេញមួយជីវិត ក្នុងការផលិត ធ្វើជាអ្នកដឹកនាំ និងបញ្ចូលសម្លេងទៅក្នុងខ្សែភាពយន្ដរបស់គាត់ផ្ទាល់។ លោកបានលាចាកលោកនៅក្នុងឆ្នាំ ១៩៦៦ ក៏ប៉ុន្តែកេរ្ដិ៍ឈ្មោះ និង ស្នាដៃដែលលោកបានបន្សល់ទុក គឺនៅតែមានបន្តរហូតមកដល់សព្វថ្ងៃ ក្នុងនោះមានដូចជា សួនកម្សាន្ដ Disney Land ខ្សែភាពយន្ដគំនូរជីវចល ផលិតផលក្មេងលេង និងតួអង្គគំនូរជីវចលដ៏ល្បីនោះគឺ Mickey Mouse ហើយវានៅតែជាតួអង្គគំនូរជីវចលដ៏ល្បីល្បាញដដែល នាពេលបច្ចុប្បន្ន។ រូបលោក បង្កើតក្រុមហ៊ុន Disney និង ចាប់ផ្ដើមការងារដំបូងដោយមានតួនាទីជាអ្នកគូររូបព្រាង នៅក្នុងឆ្នាំ ១៩២៨។
តោះ តើប្រិយមិត្តបានត្រៀមខ្លួនរួចរាល់ហើយឬនៅ? មកតាមដានជាមួយ ចំណេះ ខាងក្រោមទាំងអស់គ្នានូវ ជីវប្រវត្តិ ការតស៊ូ បទពិសោធន៍ ហើយនឹង “រឿងរ៉ាវ ១៥ចំណុច ដែលប្រិយមិត្តមិនបានដឹងពីលោក Walt Disney”៖
១) លោក Disney ធ្វើដំណើរមកកាន់សង្កាត់ Hollywood ដំបូងនៅក្នុងឆ្នាំ ១៩២៣ ដើម្បីសួរសុខទុក្ខបងប្រុសរបស់ខ្លួន ដែលកើតជំងឺរបេង
សង្កាត់ Hollywood គឺជាតំបន់ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតខ្សែភាពយន្ដ និងគំនូរជីវចល តាំងពីពេលនោះមកម៉្លេះ ក៏ប៉ុន្តែនេះគឺមិនមែនជាចំនុចចម្បង ដែលទាក់ទាញរូបលោកអោយចូលមកបើកមុខជំនួញរបស់ខ្លួននៅក្នុងតំបន់នេះនោះទេ។ មូលហេតុគឺដោយសារតែបងប្រុសរបស់លោក គឺលោក Roy O. Disney បានចូលព្យាបាលជំងឺរបេងរបស់ខ្លួន នៅក្នុងមន្ទីរពេទ្យមួយក្នុងតំបន់នេះ ហើយត្រូវបានគេទុកអោយនៅដាច់ដោយឡែកពីអ្នកជំងឺដទៃ។ លោក Walt បានមកសួរសុខទុក្ខបងប្រុសរបស់ខ្លួននៅទីនេះ ហើយនៅពេលដែលបងប្រុសរបស់គាត់ បានជាសះស្បើយ ពួកគាត់ទាំងពីរបានសហការគ្នាបង្កើតជាផលិតកម្មមួយឡើង ដោយដាក់ឈ្មោះថា The Disney Brothers Studio។
២) ក្នុងឆ្នាំ ១៩៣៧ នៅពេលដែលខ្សែភាពយន្ដគំនូរជីវចលរឿង Snow White ត្រូវបានដាក់បញ្ចាំង មានអ្នកឯកទេសវិភាគខ្សែភាពយន្ដមួយរូបបាននិយាយថា វាជាភាពយន្ដគំនូរជីវចលដែលគូសឡើងអន់បំផុត
បើទោះបីជាខ្សែភាពយន្ដគំនូរជីវចលរបស់លោកមួយនេះ គឺជាភាពយន្ដដែលល្បីល្បាញក្នុងចំណោមអ្នកទស្សនាក្ដី រូបលោកក៏បានទទួលមតិះរិះគន់ និងតិះដៀលមួយចំនួនផងដែរ។ សូម្បីតែរឿងបែប Classic ឈ្មោះ Fantasia ដ៏ល្បីល្បាញ បែរជាត្រូវក្រុមអ្នកវិភាគមួយចំនួន រិះគន់ថាជារឿង អាសអាភាសទៅវិញ។ ចំណែករឿងមួយទៀតគឺរឿង Peter Pan ក៏ត្រូវបានគេវាយប្រហារដែរ ដោយសារតែវាត្រូវគេរិះគន់ថា ត្រូវបានផលិតឡើង ខុសពីសាច់រឿងដើម ដែលនិពន្ធដោយលោក J. M. Barrie។
ឧទាហរណ៍ទាំងប៉ុន្មានខាងលើនេះ ពិតជាអាចបង្ហាញអោយប្រិយមិត្តបានឃើញយ៉ាងច្បាស់ថា សារពត៌មានហើយនិងអ្នកវិភាគឯកទេសមួយចំនួន ពេលខ្លះគឺគ្មានសមត្ថភាពក្នុងការវិភាគថា រឿងបែបណាល្អ ឬមិនល្អសម្រាប់ទស្សនាឡើយ។
៣) តួអង្គ Mickey Mouse ត្រូវបានលោក Walt ដាក់ឈ្មោះដើមអោយថា “Mortimer Mouse” ប៉ុន្តែភរិយារបស់លោកគិតថាឈ្មោះនេះគឺមិនសូវ Cute ហើយលោកស្រីបានប្រាប់អោយគាត់ប្រើឈ្មោះ Mickey Mouse ជំនួសវិញ
ភរិយារបស់លោក Walt លោកស្រី Lillian ក៏ជាវិចិត្រករគំនូរជីវចល ដូចជាស្វាមីរបស់គាត់ដែរ ហើយលោកស្រីគឺ ជាអ្នកដែលដាក់ឈ្មោះអោយតួអង្គសត្វកណ្ដុរដ៏ល្បីល្បាញនោះជា Mickey កំឡុងពេលដែលលោកស្រីជិះរថភ្លើងពីទីក្រុង New York ទៅកាន់ទីក្រុង California នៅក្នុងឆ្នាំ ១៩២៨។ លោក Walt រៀបការជាមួយនឹងលោកស្រី Lillian រហូតដល់គាត់លាចាកលោក ហើយគាត់បានដាក់ឈ្មោះទូររថភ្លើងមួយ នៅសួនកម្សាន្ដ Disney Land ដោយយកឈ្មោះតាមភរិយារបស់ខ្លួន។
៤) Disney Studio គឺជាផលិតកម្មតែមួយគត់ដែលត្រូវបានអនុញ្ញាតិអោយផលិតភាពយន្ដគំនូរជីវចលដោយប្រើពណ៍ធម្មជាតិផ្ដាច់មុខ រហូតដល់ឆ្នាំ ១៩៣៥ ទើបច្បាប់នេះត្រូវបានផុតកំណត់ ក្រុមហ៊ុន Disney បានចុះហត្ថលេខាផ្ដាច់មុខជាមួយនឹងក្រុមហ៊ុន Technicolor ដូច្នេះក្រុមហ៊ុន ឬផលិតកម្មដទៃទៀតមិនអាចផលិតខ្សែភាពយន្ដគំនូរជីវចលដោយប្រើពណ៍ធម្មជាតិបានទេ ច្បាប់នេះគឺចូលជាធរមានរហូតដល់ពេលដែលក្រុមហ៊ុន Technicolor បានប្រែខ្លួនទៅជាក្រុមហ៊ុនឯករាជ្យនៅក្នុង Hollywood នៅក្នុងឆ្នាំ ១៩៣៥។ ច្បាប់នេះអាចសម្រេចទៅបាន ដោយសារតែលោក Walt Disney មានទស្សនវិស័យវែងឆ្ងាយជាងគេ និងជាអ្នកវិនិយោគភាគហ៊ុនដំបូងគេ ជួយដល់ក្រុមហ៊ុន Technicolor។ ប្រការនេះហើយ ដែលធ្វើអោយ Disney Studio អាចផ្ដួលនិងឈានមុខគេក្នុងចំណោម ផលិតករនានានៅ Hollywood។
៥) នៅក្នុងឆ្នាំ ១៩៣១ លោក Walt បានដួលសន្លប់ដោយសារតែ គាត់ធ្វើការហួសកម្រិតខ្លាំងពេក
ពេលនោះលោក Walt គឺកំពុងតែស្ថិតក្នុងកិច្ចចរចារដ៏លំបាកបំផុតមួយ ជាមួយនឹងម្ចាស់ក្រុមហ៊ុន Powers Cinar Phone Recording System ហើយគាត់ក៏បានដួលសន្លប់ ។ អ្នកដែលសរសេរពីប្រវត្តិរបស់គាត់ផ្ទាល់ ចូលចិត្តហៅគាត់ថា ជាមនុស្ស ដែលងប់ងល់ខ្លាំង ជាមួយនឹងការងារ ហើយតែងតែប្រឹងប្រែង បំពេញការងារដោយ មិនសូវខ្វល់ខ្វាយ ពីការសម្រាកឡើយ។
បន្ទាប់ពីហេតុការណ៍ នោះកើតឡើង លោកត្រូវបានណែនាំអោយធ្វើការឈប់សម្រាកពីការងារ ហើយលោកក៏បាន ធ្វើដំណើរកម្សាន្ដទៅកាន់អាមេរិកខាងត្បូង ក្នុងរយៈពេលយូរ ដើម្បីសម្រាកនិងព្យាបាលជម្ងឺ។
៦) គម្រោងសាងសង់សួនកម្សាន្ដ Disneyland របស់គាត់ គឺត្រូវបានជម្រុញទឹកចិត្តដោយ សួនកម្សាន្ដមួយនៅក្នុងប្រទេស ដាណឺម៉ាក នៅពេលទៅធ្វើទស្សន កិច្ចនៅក្នុង សួនកម្សាន្ដក្នុងប្រទេសដាណឺម៉ាក លោក Disney គឺមានការកោតសរសើរចំពោះអនាម័យ និងការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អ របស់សួនកម្សាន្ដ Tivoli Gardens នៅក្នុងទីក្រុង Copenhagen ជាខ្លាំង ហើយវាជាកត្តាដែលលោក ចង់អោយ Disneyland របស់ខ្លួនយកគម្រូតាម។
សូម្បីតែទីតាំងធុងសំរាម ក៏ត្រូវបានគិតគូរ យ៉ាងយកចិត្តទុកដាក់ដែរ ដោយវាត្រូវបានដាក់នៅចំងាយ សមរម្យមួយពីទីតាំងលក់ Hotdog ដោយធ្វើការវិភាគថាតើអ្នកទស្សនា និងញ៉ាំ Hotdog អស់នៅរយៈពេលប៉ុន្មាន ហើយនៅពេលពួកគេញ៉ាំអស់ ពួកគេនឹងដើរមកដល់ទីតាំងធុងសំរាមភ្លាម ដោយមិនចាំបាច់ដើរកាន់សំរាម ឬបោះសំរាមចោល ពាសវាលពាសកាលឡើយ។
៧) លោក Disney ធ្លាប់ឈ្នះពាន Academy ចំនួន ២៦ដង និងជាប់ឈ្មោះជាបេក្ខភាពដណ្ដើមពានរង្វាន់នេះចំនួន ៥៩ដង
បច្ចុប្បន្នមិនទាន់មានផលិតកររូបណា អាចបំបែកកំណត់ត្រានេះបាននៅឡើយទេ។ រូបគាត់បានឈ្នះពាននេះដំបូង សម្រាប់ភាពយន្ដខ្លីល្អបំផុត នៅក្នុងឆ្នាំ ១៩៣២ ហើយតែងតែជាប់ឈ្មោះជាបេក្ខភាពដណ្ដើមពានរង្វាន់នេះ ជារៀងរាល់ឆ្នាំ នៅក្នុងអាជីពរបស់គាត់។
ពានរង្វាន់ដែលរូបលោកទទួលបាន សូម្បីតែក្រោយមរណភាពរបស់ខ្លួនទៅហើយនោះគឺសម្រាប់រឿង Winnie The Pooh & The Blustery Day នៅក្នុងឆ្នាំ ១៩៦៩ ដែលទទួលបានពាន Oscar ចំនួន៧ និងពានរង្វាន់កិត្តិយសចំនួន ១ សម្រាប់រឿង Snow White and the Seven Dwarfs។
៨) នៅក្នុងខ្សែភ្នែកសាធារណជនលោកមើលទៅ ហាក់បីដូចជាមនុស្សក្លាហាន ប៉ុន្តែចរិតពិត គាត់គឺជាមនុស្សដែលអៀនប្រៀនច្រើនម្នាក់ទៅវិញទេ
លោក Robert Risher អ្នកនិពន្ធរឿងដ៏ល្បីល្បាញ របស់អាមេរិក បានធ្វើការពិពណ៌នាពីលោក Disney ថាជាមនុស្សដែលខុសពីគេ មិនសូវជឿជាក់លើខ្លួនឯង ហើយជាមនុស្សដែលពូកែអៀនខ្មាស់បំផុត។ អ្នកសរសេរជីវប្រវត្ត របស់លោក បានរកឃើញថាលោកជាមនុស្សដែលមានអត្តចរិតពីរ មួយគឺចរិតសម្រាប់ បង្ហាញនៅមុខសាធារណជន និងទីពីរគឺអត្តចរិតពីកំណើត របស់គាត់ ដែលមានភាពផ្ទុយគ្នាដូចជាមេឃនិងដី។
៩) មានមនុស្សខ្លះយល់ថាសាកសពរបស់លោក ត្រូវបានបង្កកទុក ហើយបញ្ចុះនៅក្រោមទីតាំងសួន Disneyland
នេះគឺមិនមែនជាការពិតនោះទេ តាមពិតទៅសាកសពរបស់លោកត្រូវបានបូជា ហើយធាតុរបស់លោកគឺត្រូវបានបញ្ចុះនៅឯឈាបនដ្ឋាន Forest Lawn Memorial ក្នុងរដ្ឋ California។ មូលហេតុនៃការស្លាប់របស់លោក គឺជំងឺមហារីកសួត ដោយសារតែលោកជាមនុស្សដែលចូលចិត្តទទួលទានបារីខ្លាំងបំផុត។ លោកទទួលមរណភាពនៅក្នុងឆ្នាំ ១៩៦៦ ក្នុងអាយុ ៦៥ឆ្នាំ។
១០) លោក Disney គឺជាអ្នករៀបចំ ពិធីសម្ភោធ និងពិធីបិទ កម្មវិធីប្រកួតកីឡាអូឡាំពិករដូវរងាក្នុងទីក្រុង California ឆ្នាំ ១៩៦០
Squaw Valley នៅក្នុងរដ្ឋ California គឺជាទីតាំង នៃតំបន់កម្សាន្ដជិះស្គីទឹកកកមួយកន្លែង ហើយជាទីតាំងដែល ត្រូវបានជ្រើសរើស យកមកប្រារព្ធពិធីប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ១៩៦០។ លោក Disney ត្រូវបានអជ្ញាធរអាមេរិក ជ្រើសរើសមកធ្វើជាអ្នកដឹកនាំរៀបចំកម្មវិធីសម្ភោធ និងបិទកម្មវិធីទាំងមូល។
១១) នៅក្នុងឆ្នាំ ១៩៣៨ លោកបានផ្ដល់ដំណើរកម្សាន្ដ ដល់អ្នកឃោសនារបបណាស៊ីស អាល្លឺម៉ង់មកកាន់ទីតាំងផលិតភាពយន្ដរបស់ខ្លួន
១២) លោកស្រី P. L. Travers អ្នកនិពន្ធសៀវភៅរឿង Mary Poppins មិនចូលចិត្តរឿងដែលផលិតកម្ម Disney ថតចេញជាខ្សែភាពយន្ដទេ ហើយលោកស្រី បានសម្ដែងការសោកស្ដាយ ដែលបានលក់សិទ្ធផលិត រឿងនេះទៅអោយក្រុមហ៊ុន Disney
ចំណុចដែលលោកស្រីសំដែង ការមិនពេញចិត្តនោះ គឺត្រង់ចំណុចដែលក្រុមហ៊ុន Disney បានប្រើប្រាស់គំនូរជីវចល ចូលលាយឡំ ជាមួយនឹងភាពយន្ដសំដែងដោយមនុស្ស ហើយលោកស្រីក៏មិនចូលចិត្តបុគ្គលិកលក្ខណៈរបស់តួអង្គ Mary Poopins នៅក្នុងខ្សែភាពយន្ដដែរ ដោយសារតែ លោកស្រីយល់ថា អត្តចរិតមួយផ្នែកធំរបស់តួអង្គ នៅក្នុងសៀវភៅរបស់លោកស្រីត្រូវបានគេដកចេញ ខុសពីភាពដើម។
១៣) ក្រុមហ៊ុន និងផលិតករជាច្រើន បានបញ្ចេញគំនិតយល់ស្របដូចគ្នាថា ខ្សែភាពយន្ដរឿង Snow White នឹងធ្វើអោយផលិតកម្ម Disney ត្រូវដួលរលំ
លោក Disney ត្រូវបានគេស្គាល់ថាជាមនុស្ស ដែលពូកែតស៊ូក្នុងការធ្វើកិច្ចការណាមួយអោយសម្រេច ខណៈដែលមនុស្សភាគច្រើន យល់ថារឿងនោះគឺមិនអាចជោគជ័យ ឬធ្វើការរិះគន់ចំពោះវាជាដើម។ នៅពេលដែលរូបលោកចាប់ផ្ដើម ផលិតខ្សែភាពយន្ដគំនូរជីវចល ដែលមានរយៈពេលវែង ដំបូងរបស់ខ្លួន សូម្បីតែភរិយា ហើយនិងបងប្រុសរបស់លោក ក៏ព្យាយាមបញ្ចុះបញ្ចូលអោយគាត់បោះបង់គំនិតនេះចោលដែរ។ ជាភ័ព្វសំណាង គាត់បានធ្វើការប្រឆាំង ហើយតស៊ូជំនះនូវរាល់ពាក្យរិះគន់ទាំងឡាយ ហើយនៅពេលដែល ខ្សែភាពយន្ដ Snow White ត្រូវបានដាក់បញ្ចាំង វាបានក្លាយទៅជាខ្សែភាពយន្ដ ដែលជោគជ័យបំផុត ប្រចាំឆ្នាំ ១៩៣៨ ។
មានមនុស្សតិចតួចប៉ុណ្ណោះ ដែលដឹងពីរឿងមួយថា ដើម្បីផលិតខ្សែភាពយន្ដ Snow White នេះឡើង លោក Disney បានខ្ចីប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់ពីធនាគារ ហើយមានមនុស្សជាច្រើនគិតថា គាត់គឺពិតជាវិកលចរិក ហើយក្នុងការធ្វើបែបនេះ។ ប៉ុន្តែបន្ទាប់ពីរយៈពេលបីឆ្នាំ ក្នុងការផលិតរួចមក រឿងមួយនេះបានក្លាយទៅខ្សែភាពយន្ដ ដែលរកចំណូលបានច្រើនជាងគេបំផុត នៅក្នុងសម័យនោះ។
១៤) នៅពេលដែលលោក ទទួលមរណភាព លោកបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនចំនួន ៤៥%ទៅអោយភរិយា និងកូនៗ ៤៥%ទៅអោយសកម្មភាពសប្បុរសធម៌ និងនៅសល់១០%ទៅអោយប្អូនស្រីនឹងក្មួយៗរបស់គាត់
សម្រាប់អ្នកខ្លះ លោក Disney គឺជាមនុស្សដែលកាចហើយម៉ឺងម៉ាត់ខ្លាំងចំពោះបុគ្គលិក ប៉ុន្តែសម្រាប់អ្នកខ្លះវិញ លោកជាមនុស្សដែលកក់ក្ដៅ ហើយចិត្តល្អ ។ ទឹកចិត្តស្រលាញ់ក្រុមគ្រួសារ និងអត្តចរិតសប្បុរសធម៌របស់លោក ត្រូវបានបង្ហាញយ៉ាងច្បាស់ នៅក្នុងបណ្ដាំមរតកចុង ក្រោយរបស់គាត់ ហើយគាត់បានធ្វើការបរិច្ចាគ ទ្រព្យសម្បត្តិភាគច្រើន របស់ខ្លួន ទៅលើផ្នែកសិល្បៈ ក៏ដូចជាទៅអោយក្រុមគ្រួសាររបស់ខ្លួន។
១៥) ក្រុមហ៊ុន Disney គឺជាម្ចាស់កម្មសិទ្ធ ម៉ាកសញ្ញាល្បីៗជាច្រើន
ដោយមិនចាំបាច់ធ្វើការ ពិពណ៌នាវែងឆ្ងាយ សូមប្រិយមិត្តតាមដាននូវរូបភាពខាងក្រោមនេះ ដែលបង្ហាញពីម៉ាក សញ្ញាល្បីៗជាច្រើន ដែលត្រូវបានកាន់ កាប់ដោយក្រុមហ៊ុន Disney ៖
ដូចគ្នាទៅនឹងសហគ្រិន ជោគជ័យដទៃទៀត សម្រាប់លោក Walt Disney ផ្ទាល់គឺនៅសល់រឿងរ៉ាវជាច្រើនទៀត ដែលយើងពិបាកនិងរៀបរាប់អស់។ កិច្ចខិតខំប្រឹងប្រែងចំពោះការងារ ក្រមសីលធម៌នៅក្នុងអាជីពជាអ្នកសិល្បៈ និងវិចិត្រករគំនូរជីវចល របស់គាត់ គឺពិតជាចំណុចដ៏អស្ចារ្យ ដែលធ្វើអោយរូបគាត់ គឺជាមនុស្សម្នាក់ ដែលយើងទាំងអស់ គ្នាគួរតែយកគំរូតាម ហើយប្រសិនបើរូបគាត់ មិនទទួលទានបារីច្រើនពេក ហើយឆាប់ទទួលមរណភាពទេ នោះគាត់ប្រហែល ជានៅតែបន្តធ្វើការច្នៃប្រឌិត ដ៏អស្ចារ្យរបស់ខ្លួនជាបន្តបន្ទាប់ទៀតជាក់ជាមិនខាន។ បន្ទាប់ពីអានពីចំណុចទាំង ១៥នេះចប់ តើប្រិយមិត្តយល់ឃើញបែបណាខ្លះ ពាក់ព័ន្ធនឹងសហគ្រិនជោគជ័យ ដូចជាលោក Walt Disney? ចូលរួមបញ្ចេញមតិយោបល់របស់អ្នក ដើម្បីចែករំលែកទាំងអស់គ្នា ៕
ដោយ៖ ហង្ស សុបញ្ញា