ភ្នំពេញ ៖ លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អគ្គនាយករង កីឡា តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការ ជាតិ ប៉ារ៉ាឡាំពិកកម្ពុជា តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាលនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមបើកការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិក ជ្រើសរើសជើងឯកថ្នាក់ជាតិ និងវេទិកាអប់រំសុខភាពអាណាព្យាបាល ឆ្នាំ២០២៤ នៅវិមានក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
លោកបណ្ឌិត មាស សារិន បានមានប្រសាសន៍ថា គណៈកម្មាធិការ ស្ប៉េស្យាល់អូឡាំ ពិកកម្ពុជា មានការទទួលខុសត្រូវ ជាចំបងក្នុងការអភិវឌ្ឍចលនា កីឡាជនបញ្ញាខ្សោយទាំងក្មេង ពេញវ័យ និងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់ទៅលើការហាត់ហ្វឹកហ្វឺន និងការប្រកួត កីឡាជារៀងរាល់ឆ្នាំ និងក៏បានផ្តល់ឱកាសឲ្យជនបញ្ញា ខ្សោយបានចូលរួម សកម្មភាពកីឡា សំដៅហ្វឹក ហាត់កាយសម្បទាមំាមួន បញ្ញាស្មារតី ឲ្យមានភាពរីកចម្រើន និងសីលធម៌ថ្លៃថ្នូរ ទទួលបានការលើកទឹកចិត្ត ចូលរួមក្នុងការចែករម្លែកបទពិសោធន៍ជំនាញ វត្ថុអនុស្សាវរីយ៍ និងភាពរាក់ទាក់ពីញាត្តិ អាណាព្យាបាល និង កីឡាករ-កីឡាការិនី ជាជនបញ្ញាខ្សោយដទៃទៀត ពិសេសគឺជៀសផុត ពីការរើសអើងផ្សេងៗក្នុងសហគមន៍ផងដែរ ។
អនុប្រធានអចិន្ត្រៃយ៍ បានបញ្ជាក់ថា ការប្រកួតមិនមែន ដើម្បីជ័យជម្នះតែម្យ៉ាងនោះទេ គឺដើម្បីមិត្តភាព សាមគ្គីភាព បំបាត់ភាពរើអើង និង ផ្តល់ឱកាសចូលរួមសកម្មភាព ក្នុងសង្គម តាមរយៈវិស័យកីឡា ស្របតាមចលនា ស្ប៉េស្យាល់ អូឡាំពិកក្នុងតំបន់ និង ពិភពលោក និងភាពរីកចម្រើន លើគ្រប់វិស័យ របស់កម្ពុជា នាពេលបច្ចុប្បន្ន និងតាមគោល នយោបាយ បញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធជនពិការ ក្នុងនោះវិស័យកីឡាជនពិការ ក៏ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញ លើកស្ទួយឥតឈប់ឈរ ។
យើងបញ្ជូនប្រតិភូកីឡា ទៅចូលរួមការ ប្រកួត លក្ខណៈអន្តរជាតិរួមមានការរៀបចំ និងចូលរួមការ ប្រកួតកីឡា បាល់ទាត់អនុតំបន់មេគង្គចំនួន ៩ លើក ចូលរួមប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ០១ លើក ការចូលរួមប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់រដូវក្តៅពិភពលោកចំនួន ០៥ លើក ការចូលរួមប្រកួត កីឡាស្ប៉េស្យាល់ អូឡាំពិករដូវរងាពិភពលោកចំនួន ០១ លើក ការចូលរួមប្រកួតកីឡាបាល់ទាត់យូនីហ្វាយ បានចំនួន ៣លើក សរុបជារួមលទ្ធផលមេដាយ ចូលរួមប្រកួតលក្ខណៈអន្តរជាតិ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ទទួលបានមេដាយ សរុបចំនួន ៤៨ គ្រឿង៖ មាស ១៦ គ្រឿង ប្រាក់ ១៧ គ្រឿង និងមេសំរឹទ្ធិ ១៥ គ្រឿង
ក្នុងការចូលរួម ខាងលើនេះ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាយើង ទទួលបានមេដាយជ័យលាភី យ៉ាងច្រើន និងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានជួយជ្រោមជ្រែងនិងលើកកម្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេស វិស័យកីឡា ស្ប៉េស្យាល់អូឡាំពិក សម្រាប់ជនបញ្ញាខ្សោយ ដោយបានបង្កើត ឲ្យមានអនុក្រឹត្យផ្តល់ ប្រាក់រង្វាន់លើកទឹកចិត្តដល់ប្រតិភូដឹកនាំ គ្រួបង្វឹក គ្រូជំនួយ អ្នកថែទាំ និងកីឡាករ កីឡាការិនីជ័យលាភី ពីការប្រកួតថ្នាក់អន្តរជាតិនានាដូចកីឡាដទៃទៀតដែរ។
លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកកម្ពុជាជានិច្ច កាលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រីកចលនាកីឡាជនបញ្ញាខ្សោយទៅតាម ខេត្តគោលដៅមួយចំនួនដូចជា៖ រាជធានីភ្នំពេញ កណ្តាល តាកែវ ស្វាយរៀង កំពត កំពង់ស្ពឺ ព្រៃវែង បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ព្រះវិហារ និងកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិសាត់ ប៉ុន្តែ ការពង្រីកអនុគណៈកម្មាធិការនេះ នៅមានកម្រិតនៅឡើយ ដោយចលនាកីឡា ស្ប៉េស្យាល់អូឡាំពិកភាគ ច្រើនពឹងផ្អែកលើការជួយឧបត្ថម្ភមួយ ផ្នែកពីរាជរដ្ឋាភិបាលកម្ពុជា មួយផ្នែកទៀត ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជន។
ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក មិនមែនគ្រាន់តែបម្រើឲ្យការ ហាត់ហ្វឹកហ្វឺន ឬប្រកួតតែមួយមុខ នោះទេ ថែមទាំងមានល្បែង កីឡាសម្រាប់ក្មេងៗ អាយុ២-៧ឆ្នាំ កម្មវិធីត្រួតពិនិត្យសុខភាព វេទិកាអប់រំ សុខភាពសម្រាប់ អាណាព្យាបាល ជនបញ្ញាខ្សោយ កម្មវិធីភាពជាអ្នកដឹកនាំ របស់កីឡាករ កីឡាការិនី ជនញ្ញាខ្សោយ ។ល។
លើសពីនេះទៀត គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានខិតខំប្រឹងប្រែងតាំងពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបញ្ជូនប្រតិភូកីឡា ទៅចូលរួមការប្រកួត លក្ខណៈអន្តរជាតិ ជាច្រើនលើក និងទទួលលទ្ធផលមេដាយ ជូនជាតិជាច្រើនផងដែរ៕