ភ្នំពេញ៖លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវបានបោះឆ្នោត ឲ្យក្លាយជា ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដដែលនាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ក្នុងឳកាលមហាសន្និបាតបញ្ចប់ អាណត្តិទី៨ បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធបាន ប្រាប់ឲ្យដឹងថា បច្ចុប្បន្នសហព័ន្ធ កីឡាការ៉ាតេកម្ពុជា មានក្លិបចំនួន៤៦នាក់ដែលមានកីឡាករ-កីឡាការិនីជិត១០០០នាក់រួមមាន ខេត្តបាត់ដំបង សៀបរាម កំពង់សោម កណ្តាល ភ្នំពេញ និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងចៅក្រម អាជ្ញាកណ្តាលកម្រិតអន្តរជាតិ ចំនួន៤នាក់។
សម្រាប់បន្តអាណត្តិទី៩ ប្រចាំឆ្នាំ២០២០-២០២៤សហព័ន្ធមានសមាជិក គណៈកម្មាធិការប្រតិបត្តិចំនួន២១នាក់ក្នុងនោះមានប្រធាន១រូប អនុប្រធាន៤រូប អគ្គលេខាធិការ១រូប អគ្គលេខាធិការរង៤រូប អគ្គហិរញ្ញឹក១រូប អគ្គហិរញ្ញឹករង៣រូប និងសមាជិក៣រូប ព្រមទាំងសមាជិក៤រូបទៀត។
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ កីឡាការ៉ាតេកម្ពុជាឆ្នាំ ២០១៧-២០២០ ឆ្ពោះទៅគុណផលកីឡាការ៉ាតេកម្រិតខ្ពស់ តាមស្មារតីកំណែទម្រង់ស៊ីជម្រៅមួយ របស់សហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងតាមស្មារតីអនុសាសន៍ ណែនាំរបស់ លោកបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានកំណត់គោលការណ៍ អាទិភាព៤ចំនុចសំខាន់ រួមមាន៖ រៀបចំកសាង មជ្ឈមណ្ឌល ជាតិបណ្តុះបណ្តាល កីឡាការ៉ាតេ (Karate National Training Cortor) ជាមូលដ្ឋានសម្រាប់អនុវត្ត យន្តការសកម្មភាព រដ្ឋបាលកីឡាការ៉ាតេ និងសកម្មភាពហ្វឹកហាត់ បច្ចេកទេស។
ចំណែកទី២រៀបចំ ក្រុមជម្រើសជាតិមួយ ក្រុមប្រកបដោយគុណវឌ្ឍច្បាស់លាស់ និងរៀបចំពង្រឹង យន្តការគ្រប់គ្រង ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា ប្រកបដោយអភិបាលកិច្ចល្អ តម្លាភាព គណនេយ្យភាព និងស្វ័យភាព ព្រមទាំងរៀបចំស្វែងរកជំនួយ បច្ចេកទេស និងហិរញ្ញវត្ថុ។ “មជ្ឈមណ្ឌលជាតិ បណ្តុះបណ្តាលកីឡាការ៉ាតេ ” ដើម្បីប្រសិទ្ធភាពការងារ រដ្ឋបាលកីឡាការ៉ាតេ និងទទួលបានគុណផលកីឡាលើលក្ខខណ្ឌ បច្ចេកទេសការ៉ាតេជាក់លាក់។
ស្វែងរកទីតាំងសមស្រប ណាមួយ ដើម្បីស្នើសុំជួសជុល ឬ សាងសង់ សម្រាប់ “មជ្ឈមណ្ឌលជាតិបណ្តុះបណ្តាល កីឡាការ៉ាតេ ” ។ រៀបចំទីកន្លែង ហ្វឹកហាត់ បណ្តោះអាសន្នសម្រាប់ ក្រុមជម្រើសជាតិ បានទាន់ពេលវេលា។ “ក្រុមជម្រើសជាតិ” ដើម្បីបង្កើនកម្រិតបច្ចេកទេស កីឡាករ-ការិនីជម្រើ ជាតិឲ្យ មានការវិវត្តរីក ចម្រើនពិតប្រាកដ។ មានផែនការហ្វឹកហាត់ ប្រកបដោយ បទពិសោធន៍ និងវិទ្យាសាស្ត្រ ហ្វឹកហាត់៕ ដោយ៖លី ភីលីព