ពិតណាសថា ភាពចាស់ជរាកើតឡើងទៅតាមធម្មជាតិ ប៉ុន្តែអត្រាចុះខ្សោយឬ ភាពចាស់ជរារបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ ។
លោកអ្នកអាចធ្វើការសង្កេតទៅលើបុគ្គលពីរនាក់ដែលមានអាយុ ៦០ ឆ្នាំដូចគ្នា ។ បុគ្គលទី១ មើលទៅចាស់ទ្រុធទ្រោម ពិការ និងមិនអាចពឹងខ្លួនឯងបាន ចំនែកបុគ្គលម្នាក់ទៀតបែរជានៅមានកម្លាំងមាំមួន ដូចទើបតែមានអាយុ ៥០ឆ្នាំ ហើយគាត់អាចធ្វើការបានធម្មតាដូចគេឯងដូច្នោះដែរ ។ នេះជាការបង្ហាញថា ប្រាកដជាមានមូលហេតុអ្វីម្យ៉ាង ទើបបានធ្វើឲ្យបុគ្គលម្នាក់ៗឆាប់ចាស់ដូច្នេះ ។
កត្តាទាំងនោះមានដូចខាងក្រោម ៖
១. លក្ខណៈតំណពូជៈ សំដៅលើលក្ខណៈដែលកំណត់ពីឪពុកម្តាយហើយផ្ទេរបន្តមកឲ្យកូនចៅ ។ នៅក្នុងគ្រួសារនីមួយៗ អាចមានលក្ខណៈដោយឡែកៗ ដែលមើលទៅចាស់ខ្លាំង ឬចាស់តិចជាងគ្នា ដូចជាពណ៌សក់ ទម្រង់មុខ ស្បែកជាដើម ។ កត្តាទាំងនេះ យើងមិនអាចកែប្រែអ្វីបានឡើយ ព្រោះវាបានកំណត់តាំងពីកំណើតរួចមកហើយ ។
២. ការទម្លាប់តាំងពីក្មេង និងវ័យជំទង់ៈ ដូចជាការទទួលទានអាហារបានត្រឹមត្រូវ ការហាត់ប្រាណ ឬការប្រើប្រាស់សារជាតិពុលផ្សេងៗដូចជា បារី ស្រា ថ្នាំញៀន ជាដើម តែកត្តាទាំងនេះអាចកែលម្អ និងផ្លាស់ប្តូរបាន ។
៣. ជំងឺដង្កាត់ផ្សេងៗ: មានចំណែកធ្វើឲ្យអវៈយវៈផ្សេងៗចុះអន់ខ្សោយ ជាពិសេសជំងឺរុំារ៉ៃ និងជំងឺជ្រៀតជ្រែកជាច្រើនទៀតដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមជាដើម ។ ករណីនេះបើយើងដឹងតាំងពីដំបូងថា មានជំងឺនេះ ហើយខិតខំព្យាបាល និង ថែរក្សាសុខភាពឲ្យបានល្អនោះ វាអាចជួយបង្អាក់ភាពចុះខ្សោយ ដែលបម្រុងនឹងកើតឡើងបានខ្លះ ។
ដូច្នេះប្រសិនបើចង់មានជីវិតរស់នៅស្រស់បំព្រង នាពេលចូលដល់វ័យជរា លោកអ្នកគួរតែចាប់អារម្មណ៍ ការពារកែលម្អលើកត្រាផ្សេងៗដែលបង្កឲ្យរាងកាយចុះខ្សោយចាប់តាំងពីនៅក្មេង ។ ទោះអ្នកមានអាយុច្រើននក៏ដោយការថែរក្សាសុខភាពឲ្យបានល្អ និងជួយឲ្យសារពាង្គកាយរឹងមាំ មានសមត្ថភាពដែលជាគោលជំហររឹងមាំក្នុងគ្រួសារ ដោយមិនចាំបាច់ដាក់បន្ទុកដល់អ្នកដទៃ ។
តើអ្វីទៅជំងឺទុក្ខកង្វល់ ឬDepression ?
ទុក្ខកង្វល់ជាជំងឺផ្លូវចិត្តម្យ៉ាង។ អ្នកដែលធ្លាប់ចូលក្នុងសភាពបែបនេះតែងមានអារម្មណ៍ថាខ្លួនគ្មានសេចក្តីសុខ ក្រៀមក្រំ ធុញទ្រាន់ មួហ្មង គ្មានកម្លាំង ចិត្តស្ទុះស្ទា ផ្តាច់ពីសង្គម ចូលចិត្តនៅស្ងប់ស្ងាត់តែម្នាក់ឯង មានអារម្មណ៍អស់សង្ឃឹម បាក់ទឹកចិត្ត សម្លឹងមើលជីវិតខ្លួនហាក់គ្មានតម្លៃ គិតថាខ្លួនជាបន្ទុកដល់អ្នកដទៃ ប្រសិនបើមានអាការៈធ្ងន់ធ្ងរជាងនេះ អាចនឹងមិនចង់រស់ ហើយគិតចង់ធ្វើអត្តឃាតជាដើម ។
មនុស្សចាស់ គឺជាវ័យចុងក្រោយនៃជីវិត ដែលមានការប្រែប្រួលជាខ្លាំង ទាំងផ្នែករាងកាយ ចិត្តគំនិត សង្គម និងបរិយាកាស ។ ដូច្នេះទុកកង្វល់ផ្សេងៗ ដែលកើតមានអាចប៉ះពាល់ដល់គុណភាពជីវិត របស់ពួកគាត់ ព្រមទាំងសាច់ញាតិ ដែលនៅមើលថែផងដែរ ។
មនុស្សចាស់ដែលកំពុង មានជំងឺដង្កាត់ គឺសុខភាពរាងកាយ ទន់ខ្សោយណាស់ ប្រសិនបើបណ្តោយឲ្យសេចក្តីទុក្ខ នៃក្តអារម្មណ៍ជ្រៀតចូលទៀតនោះ វានឹងរឹតតែធ្វើឲ្យជំងឺរបស់គាត់ធ្ងន់ធ្ងរឡើង ឬអាចទៅជាធ្វើបានខ្លួនឯង ។
យោងតាមព័ត៌មានដែលលើកឡើង អំពីអត្រាសម្លាប់ខ្លួនរបស់មនុស្សចាស់ ឃើញថា មាន៩០ ភាគរយ បណ្តាលមកពីទុក្ខកង្វល់ទាំងនេះឯង ។
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)