ជំងឺឫសដូងបាត មានន័យថា ជាការរីកប៉ោងនៃសរសៃឈាមវ៉ែន នៅផ្នែកខាងក្រោមនៃរន្ធគូថ។ ការរីកប៉ោងនេះ កើតឡើងដោយសារតែមានសម្ពាធក្នុងសរសៃឈាមនោះ កើនឡើង ដែលភាគច្រើន បណ្តាលមកពីការប្រឹងបន្ទោបង់ និងអំឡុងពេលមានផ្ទៃពោះ ព្រោះមានការសង្កត់ពីស្បូន។
ជំងឺត្រូវបានបែងចែកជាពីរប្រភេទ នោះគឺឫសដូងបាតខាងក្នុង និងឫសដូងបាតខាងក្រៅ។
ជំងឺឫសដូងបាតខាងក្នុង មានទីតាំងនៅក្នុងរន្ធគូថតែម្តង ដែលយើងមិនអាចមើលឃើញទេ ព្រមទាំងមិនមានការឈឺ និងបង្កជាការហូរឈាម ក្នុងពេលបត់ជើងធំឡើយ។ អាការជំងឺប្រភេទនេះ អាចលាន ឬព្រលាត់ចេញទៅក្រៅរន្ធគូថបាន។
ជំងឺឫសដូងបាតខាងក្រៅមានទីតាំងនៅខាងក្រោមស្បែកជុំវិញរន្ធគូថ ដែលយើងអាចប៉ះដឹង នៅពេលវារីកធំ ព្រមទាំងអាចបណ្តាលឱ្យរមាស់ ឈឺនៅពេលបត់ជើង ព្រមទាំងហូរឈាមទៀតផង។ ជំងឺឫសដូងបាតខាងក្រៅប្រភេទ Thrombosed កើតឡើងបាន នៅពេលដែលកំណកឈាម ក្នុងសរសៃឈាមវ៉ែននោះ ទៅជាកក និងបណ្តាលឱ្យឈឺចាប់ខ្លាំង។
មូលហេតុ
ជំងឺឫសដូងបាត មានជាប់ទាក់ទងយ៉ាងខ្លាំង នឹងអាការទល់លាមក និងការប្រឹងបន្ទោបង់។ អ្នកមានផ្ទៃពោះ ក៏អាចមានជំងឺឫសដូងបាតបានដែរ។ ការដែលប្រឹងបត់ជើង និងការមានផ្ទៃពោះ វានឹងធ្វើឱ្យសម្ពាធនៅក្នុងសរសៃឈាមវ៉ែន Hemorroid កើនឡើង និង បង្កជាជំងឺឫសដូងបាតតែម្តង។ លើសពីនេះទៅទៀត ជំងឺថ្លើមរ៉ាំរ៉ៃ ក៏ប្រហែលជាធ្វើឱ្យ សម្ពាធក្នុងសរសៃឈាមវ៉ែនឡើងខ្ពស់ និងអាចឱ្យមានជំងឺឫសដូងបាតកើតមានដែរ។ ជំងឺឫសដូងបាត ច្រើនតែឃើញមាននៅលើមនុស្សវ័យ ៥០ឆ្នាំ៕
