ព័ត៌មានអន្តរជាតិ

មហាកំផែងចិន ត្រូវបានគេសាងសង់ ដើម្បីអ្វី?

កាលពីជាង២៣០០ឆ្នាំមុន ផ្នែកមួយនៃមហាកំផែងចិន ត្រូវបានមនុស្សក្នុងសម័យបុរាណ សាងសង់ឡើង ដើម្បីជារនាំងការពារទឹកដី ពីការឈ្លានពានរបស់សត្រូវ ។ ប៉ុន្តែសព្វថ្ងៃ មហាកំផែងត្រូវបានជួសជុលឡើងវិញ និងថែរក្សា ដើម្បីទាក់ទាញភ្ងៀវ ទេសចរណ៍។

មុនពេលដែលសតវត្សន៍ទី៣ មុនគ្រឹស្តសករាជ ឈានចូលមកដល់ ប្រទេសចិនបានប្រឈមនឹង សង្គ្រាមតូចៗជាច្រើន ដែលបង្កដោយរដ្ឋជិតខាង ។ សង្គ្រាមរវាងរដ្ឋតូចៗជាញឹកញាប់បានធ្វើឲ្យ Qi ដែលជារដ្ឋមួយក្នុង ចំណោមរដ្ឋជាច្រើន ដែលកំពុងស្ថិតនៅក្នុងជម្លោះ បង្ខំចិត្តសាងសង់កំផែងដំបូងគេ ក្នុងឆ្នាំ៦៥៦មុនគ្រឹស្តសករាជ ដែលសព្វថ្ងៃមានទីតាំងនៅខេត្ត Shandong ប្រទេសចិន។

កំផែងកាលពីពេលនោះ ត្រូវបានបង្កើតឡើងពីថ្មធំៗប៉ុណ្ណោះ មិនទាន់មានលក្ខណៈរឹងមាំខ្លាំងប៉ុន្មាននោះទេ។ ក្រោយមក រដ្ឋក្នុងជម្លោះដទៃទៀតក៏បានសាងសង់កំផែងរៀងៗខ្លួនដែរ។

ក្រោមការគ្រប់គ្រងរបស់អធិរាជ Qin Shihuang រដ្ឋដែលបែកបាក់ត្រូវ បានបង្រួបបង្រួមឲ្យទៅជាអាណាចក្រធំមួយវិញ។ ក្នុងសម័យរាជវង្ស Qin មហាកំផែង ដែលបានសាងសង់ ដោយរដ្ឋខុសៗ គ្នានោះបានស្តារចងភ្ជាប់គ្នា ក្នុងគោលបំណង ការពារ សត្រូវថ្មីមួយទៀត នោះគឺកុលសម្ព័ន្ធតូចៗ ដែលតាំងទីលំនៅនៅខាងជើងប្រទេសចិន។

ក្រោយមក មហាកំផែង ក៏ត្រូវបានអ្នកគ្រប់គ្រងជាច្រើនជំនាន់ ជួសជុល និងកសាងបន្ថែមជាច្រើនលើកច្រើនសារ។ របងយក្សមួយនេះ ក៏បានតួរនាទីសំខាន់ ក្នុងការការពារ ផ្លូវសូត្ររបស់ប្រទេសចិន ពីការរំខាន់ពីពួកកុលសម្ព័ន្ធ ឈ្លានពានតូចៗផងដែរ ពីព្រោះថា ផ្លូវសូត្រគឺជាដង្ហើមសេដ្ឋកិច្ចយ៉ាងសំខាន់រវាងលោកខាងកើត និងលោកខាងលិច។ វាជាផ្លូវដោះដូរទំនិញ គំនិត រួមទាំងការរៀន សូត្រចំណេះដឹងផងដែរ។ កំផែងមួយនេះ ក៏បានដើរតួរជាអ្នក ការពារប្រទេសចិនពីការប្រយុទ្ធរបស់កងទ័ពម៉ុងហ្គោលខ្លះដែរ ដោយហេតុថា កាលពីពេលនោះ ម៉ុងហ្គោល ក្រោមការគ្រប់គ្រងរបស់មេទ័ព Genghis Khan បានឈ្លានពាន និងកាន់កាប់ទឹកដីធំមហាសាលនៅទ្វីបអាស៊ីដែរ។

នៅសម័យរាជវង្ស Qing ការសាងសង់មហាកំផែង ត្រូវបានផ្អាកដំណើរការ ដោយគេគិតថា សកម្មភាពមួយនេះ ទាមទារចំណាយ និងកម្លាំងមនុស្សច្រើនពេក។ អធិរាជ Kangxi ដែលជាក្សត្រម្នាក់ក្នុងរាជវង្ស Qing ឈ្វេងយល់ថា ដើម្បីការពារប្រទេសពីសត្រូវ ចិនត្រូវការទំនាក់ទំនងការទូតជាមួយពិភពលោកជំនួសឲ្យការសាងសង់របងបន្តទៀត។ អស់រយៈពេលជាង៣០០ឆ្នាំ មហាកំផែងត្រូវ បានគេបោះបង់ចោល។

ដោយឡែកក្នុងឆ្នាំ១៩៥៧ ក្រោមការដឹកនាំរបស់លោក ម៉ៅសេទុង មហាកំផែងចិនត្រូវបានគេឲ្យតម្លៃឡើងវិញ ហើយក៏ត្រូវបានជួសជុល និងកែលម្អឡើងវិញដែរ សម្រាប់ភ្ងៀវទេសចរ និងក៏ជានិមិត្តរូបមួយរបស់ចិនដែរ៕
ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top