កីឡា

លោក កែ ប៊ុនខៀង​​ ៖ សិក្ខាសាលានេះ ចូលរួមក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាព សាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា

ខេត្តស្ទឹងត្រែង ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ព្រុំ ប៉ុណ្ណយី ទីប្រឹក្សា ក្រសួងអប់រំ យុវជន និងកីឡា និងលោក បឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស និស្សិតនាថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្ដីពី “ការផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅ សិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា” នៅតាមស្តង់ដាសាលារៀនគំរូ នៅខេត្តស្ទឹងត្រែង។

លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា សិក្ខាសាលានេះ នឹងចូលរួមក្នុងការលើក កម្ពស់គុណភាពអប់រំ ដោយផ្ដោតលើការពង្រឹងគុណភាព សាលារដ្ឋចាប់ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមានពង្រឹងអភិបាលកិច្ចសាលារៀន ពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ឲ្យស្របតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស យកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការពិនិត្យ គុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ ។

លោកបន្ដថា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណវុឌ្ឍិ និងថាមពលខ្ពស់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបាវចនា៥៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព អាទិភាពគន្លឹះ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះបញ្ចកោណទី១ គឺការអភិវឌ្ឍមូល ធនមនុស្ស ដែលរួមមានមុំចំនួន៥ ៖ មុំទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មុំទី២ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស មុំទី៣ លើកកម្ពស់សុខភាព និងសុខុមាលភាព មុំទី៤ ពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង និងមុំទី៥ ពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ។

លោកបន្ថែមទៀតថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មន្ត្រីថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំងអស់ សូមចូលរួមអនុវត្តន៍ ក្របខណ្ឌកម្មវិធីសិក្សាចំណេះទូទៅ និងអប់រំបច្ចេកទេសថ្នាក់ជាតិ ឱ្យបានពេញលេញ ២ម៉ោងក្នុងមួយសប្ដាហ៍ និងបំផុសចលនា កីឡាក្រៅម៉ោងសិក្សាឲ្យបានទូលំទូលាយ។ ជាពិសេស សកម្មភាពអប់រំកាយ និងកីឡានៅក្នុងសាលារៀន ដើម្បីជាគោលដៅ សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ស្មារតីរបស់ក្មួយៗសិស្សានុសិស្សផង រួមចំណែកលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិផង និងជាពិសេសទៀតនោះ ដើម្បីពង្រីកវិសាលភាព គុណភាពលើវិស័យកីឡា ឱ្យកាន់តែរីកចម្រើន និងកាន់តែខ្លាំងក្លាថែមទៀត៕

Most Popular

To Top