ប៉េកាំងៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ជើងហោះហើរ នៅតាមបណ្តារអាកាសយានដ្ឋាននានាក្នុងប្រទេស រដ្ឋាភិបាលចិនបានចំណាយផ្ទៃដីជាង១លានម៉ែត្រការ៉េ ក្នុងការសាងសង់ព្រលានយន្តហោះលំដាប់យក្សមួយ។
ព្រលានយន្តហោះដែលចំណាយផ្ទៃដីធំជាងគេបង្អស់នេះ មានឈ្មោះថា Beijing Daxing International Airport ដែលចំណាយថវិកាប្រមាណ១១.៤ពាន់លានដុល្លារក្នុងការសាងសង់ និងចំណាយរយៈពេល៥ឆ្នាំតែប៉ុណ្ណោះ។ គ្រាន់តែស្ថានីយ៍ទទួលអ្នកដំណើរចំណាយផ្ទៃដីរហូតដល់ ៧០០,០០០ម៉ែត្រការ៉េ និងរំពឹងថាអាចទទួលអ្នកដំណើរចាប់ពី ១២០លាន ទៅ ២០០លាននាក់ក្នុងមួយឆ្នាំ។
ក្រុមហ៊ុនដែលទទួលគម្រោងធ្វើប្លង់មេ របស់អាកាសយានដ្ឋានលំដាប់ពិភពលោកនេះគឺជា ក្រុមហ៊ុន NACO ដែលជាក្រុមហ៊ុនទទួលរៀបចំប្លង់ របស់ព្រលានយន្តហោះកម្ពុជាផងដែរ គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុងខេត្តកណ្តាល។
ព្រលានយន្តហោះ Beijing Daxing បានចាប់បើកការដ្ឋានសាងសង់នៅក្នុងខែធ្នូ ឆ្នាំ ២០១៤ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៩ ដែលខ្ទង់ចំនាយបានឡើងរហូតដល់១៧ ពាន់លានដុល្លារ។ លុះដល់ខែកញ្ញា ឆ្នាំ ២០១៩ ទើបអនុញ្ញាតឱ្យមានជើងហោះហើរទៅមក និងចរាចរណ៍ជាផ្លូវការ។
លក្ខណៈពិសេសនៃព្រលានយន្តហោះនេះ បានយកឈ្នះអាកាសយានដ្ឋានរបស់ប្រទេសយក្សៗចំនួន២ទៀត គឺព្រលានយន្តហោះ King Fahd Dammam របស់អារ៉ាប៊ីសាអ៊ូឌីត និង Denver International Airport របស់សហរដ្ឋអាមេរិក។
រចនាបថរបស់ព្រលានយន្តហោះនេះ គឺយកតម្រាប់ផ្កាយសមុទ្រ ដែលអំណោយផលដល់អ្នកធ្វើដំណើរមានភាពងាយស្រួល ក្នុងការចេញចូលព្រលានពីសន្តិសុខ ទៅកាន់ច្រកចូលចំណាយពេលត្រឹមតែ៨នាទីប៉ុណ្ណោះ។
អ្វីកាន់តែពិសេស ក្រៅពីជាស្ថាបត្យកម្មជួយដល់ប្រទេសជាតិ និងពិភពលោក ព្រលានយន្តហោះ Beijing Daxing ត្រូវបានស្ថាបនាឡើង ក្នុងគោលបំណងជួយបរិស្ថានផងដែរ ដោយមានបំពាក់បន្ទះសូឡាជាច្រើន ទប់ទល់កម្តៅ និងប្រព័ន្ធទឹកស្អាតដែលធ្វើឱ្យព្រលាននេះជាប់ឈ្មោះជា Eco-friendliness airport ៕ប្រភព៖propertyarea.asia