សុខភាព និង ផ្លូវភេទ

ជួយចែករំលែក! ផ្លែឈើអ្វីខ្លះអាចកម្ចាត់ កូឡេស្តេរ៉ូល មិនល្អ?

ជំងឺសសៃឈាមបេះដូង កើនឡើងជាលំដាប់ មកទល់សព្វថ្ងៃនេះ ហើយកត្តាហានិភ័យចម្បងមួយ នៃជំងឺនេះបណ្ដាលមក ពីការកើនឡើងនូវកូឡេស្តេរ៉ូលខ្ពស់ ក្នុងឈាម។ ប៉ុន្តែកុំបារម្ភ! ក៏ព្រោះអ្នកអាច​​បញ្ចុះកម្រិតកូឡេស្តេរ៉ូល ដោយគ្រាន់តែរួមបញ្ចូលផ្លែឈើមួយចំនួន ក្នុងរបបអាហារប្រចាំថ្ងៃ គួបផ្សំជាមួយការមានរបបអាហារ សុខភាពល្អ ការធ្វើលំហាត់ប្រាណជាប្រចាំ និងបញ្ឈប់ទម្លាប់ ដែលបង្កើនហានិភ័យ នៃបញ្ហាបេះដូង រួមមានការជក់បារី ទទួលទានគ្រឿងស្រវឹង ធាត់ជ្រុល ស្ត្រេស ជាដើម ។ ថាតើផ្លែឈើទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើ ដែលមានប្រសិទ្ធភាព ជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ៖

១​. ផ្លែជម្ពូ

នេះក៏ព្រោះតែផ្លែជម្ពូ មានផ្ទុកសម្បូរទៅដោយជាតិសសៃ ។ នៅពេលរួមបញ្ចូលជាមួយ សារធាតុចិញ្ចឹមផ្សេងទៀត ផ្លែជម្ពូអាចជួយកាត់បន្ថយកម្រិត នៃកូឡេស្តេរ៉ូលមិនល្អ គួរឱ្យកត់សម្គាល់ ។ ហើយការរក្សាបាននូវកម្រិត នៃកូឡេស្តេរ៉ូលល្អត្រឹមត្រូវក្នុងឈាម អាចជួយកាត់បន្ថយហានិភ័យ នៃជំងឺបេះដូងផ្សេងៗ។

២. ផ្លែស្វាយ

ផ្លែស្វាយជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C សារធាតុ pectin និងជាតិសសៃ។ ដូច្នេះការទទួលទានផ្លែស្វាយអាចទប់ស្កាត់ការប្រមូលផ្ដុំនៃមូលេគុលខ្លាញ់មិនឱ្យស្ទះក្នុងសសៃឈាម ហើយក៏ជួយគ្រប់គ្រងនិងបញ្ចុះកម្រិត នៃកូឡេស្តេរ៉ូលមិនល្អ ដែលចាំបាច់សម្រាប់សុខភាពសសៃឈាមបេះដូង។

៣. ផ្លែបឺរ

ទោះបីផ្លែបឺរមានផ្ទុកសម្បូរ ទៅដោយជាតិខ្លាញ់ ប៉ុន្តែជាប្រភេទនៃជាតិខ្លាញ់ល្អ ហើយអាចជួយធ្វើឲ្យកម្រិត ជាតិកូឡេស្តេរ៉ូលល្អមានភាពប្រសើរឡើង ដោយកាត់បន្ថយកម្រិត នៃជាតិកូឡេស្តេរ៉ូលមិនល្អ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវក្នុងឈាម អាចជួយបំបាត់ការស្ទះក្នុងសសៃឈាម ។ ផ្លែបឺរ​ក៏ជាប្រភពនៃវីតាមីន E ដែលអាចបញ្ឈប់អុកស៊ីតកម្មនៃកូឡេស្តេរ៉ូលផងដែរ។ ដូច្នេះចូរព្យាយាមទទួលទានផ្លែបឺរម្ខាងរាល់ថ្ងៃ ជាប្រចាំដើម្បីចៀសផុតពីបញ្ហាស្ទះសសៃឈាម។

៤. ផ្លែល្ហុង

ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃជាតិសសៃ ដែលជួយបញ្ចុះកូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតល្ហុង មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រយោជន៍ដូចជា lycopene និង beta-carotene។ សារធាតុទាំងនេះធ្វើការរួមគ្នាដើម្បីការពារការស្រូបយកអុកស៊ីហ្សែននៃកូឡេស្តេរ៉ូលក្នុងប្រព័ន្ធសសៃឈាមបេះដូង។ ល្ហុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន B វីតាមីន C និងវីតាមីន E ដែលជួយក្នុងការគ្រប់គ្រងកម្រិតនៃ homocysteine ក្នុងលំហូរឈាមដែលទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

៥. ប៊ិគួក

នេះក៏ព្រោះតែមើមប៊ិគួកគ្មានផ្ទុកកូឡេស្តេរ៉ូលឡើយដូច្នេះការទទួលទានវាមិនបង្កបញ្ហាស្ទះសសៃឈាមនោះទេ។ ម្យ៉ាងវិញទៀតប៊ិគួកមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ូតាស្យូម និងជាតិសសៃដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូល ព្រមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់បានយ៉ាងប្រសើរ។ ហើយដូចដែលបានដឹងកន្លងមកកម្រិតនៃកូឡេស្តេរ៉ូលមិនល្អនិងសម្ពាធឈាមឡើងខ្ពស់ជាកត្តាចម្បងនៃបញ្ហាជំងឺបេះដូង។

៦. ប្ល៊ូបឺរី

សារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ anthocyanins ដែលមានវត្តមានក្នុងផ្លែប្ល៊ូបឺរីជួយគ្រប់គ្រងសម្ពាធឈាមនិងកម្ចាត់កូឡេស្តេរ៉ូលមិនល្អ ហើយអ្នកនឹងចៀសផុតពីហានិភ័យនៃជំងឺបេះដូង។

៧. ផ្លែក្រូច

នោះក៏ព្រោះតែក្រូចមានផ្ទុកសារធាតុ Polymethoxylated Flavones (PMFs) ដែលជួយកម្ចាត់កូឡេស្តេរ៉ូលមិនល្អ។ ម្យ៉ាងវិញទៀតក្រូចក៏ជាប្រភពនៃសារធាតុ Hesperidin ដែលជួយការពារសសៃឈាមពីការស្ទះតាមរយៈការពង្រឹងសុខភាពនៃកោសិកាផងដែរ។ ដូច្នេះការទទួលទានក្រូចជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។

៨. ផ្លែប៉ោម

ជាប្រភពនៃសារធាតុ quercetin និងជាតិសសៃ ព្រមជាមួយលក្ខណៈសម្បត្តិប្រឆាំងការរលាក ជួយបញ្ចុះកម្រិតកូឡេស្តេរ៉ូលមិនល្អដែលប្រសើរបំផុតសម្រាប់រក្សាលើកកម្ពស់សុខភាពបេះដូងជៀសផុតពីជំងឺគួរអោយព្រួយបារម្ភផ្សេងៗ។

៩. មង្ឈុត

ការទទួលទានផ្លែមង្ឃុតអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាគាំងបេះដូងគួរឱ្យកត់សម្គាល់តាមរយៈការរក្សាអត្រាចង្វាក់បេះដូងប្រក្រតី។ ការទទួលទានផ្លែមង្ឃុតក៏ជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយដែលនេះជួយទប់ស្កាត់ជំងឺបេះដូងបានយ៉ាងប្រសើរផងដែរ។

១០. ទំពាំងបាយជូរ

ទំពាំងបាយជូរក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ quercetin ដែលជួយទប់ស្កាត់កូឡេស្តេរ៉ូលមិនឱ្យមានការកកស្ទះក្នុងសសៃឈាម៕
ប្រភព ៖ ​Health

Most Popular

To Top