ភ្នំពេញៈ ទីផ្សារដីធ្លី ដែលកំពុងមានភាពពុះកញ្ជ្រោលខ្លាំង នៅពេលនេះត្រូវបានគេមើលឃើញថា កើតមាននៅតាមបណ្តាខេត្ត សក្ដានុពលមួយចំនួន ដែលស្ថិតនៅជាប់តំបន់ឆ្នេរ។ នៅក្នុងចំណុចនេះ អ្នកជំនាញបានក្រើនរំលឹកថា ចង់វិនិយោគដីទទួលបានចំណេញខ្ពស់ គួរកុំព្យាយាមទិញនៅតំបន់ដែលផ្ទុះទីផ្សារអី ប៉ុន្តែគួរទិញដី នៅតំបន់មិនទាន់ពុះកញ្ជ្រោល មានតម្លៃទាប និងមានគម្រោងអភិវឌ្ឍន៍ជាក់លាក់។
អគ្គនាយកក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ Century21 Advance លោក ឡុង គឹមសួគ៌ បានមានប្រសាសន៍ប្រាប់ នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងមកថា គ្រប់គម្រោងវិនិយោគទាំងអស់ គឺសុទ្ធតែធ្វើឡើង ដើម្បីចង់បានចំណេញ ដូច្នេះមុនពេលសម្រេចចិត្តបណ្តាក់ទុន ចាំបាច់ត្រូវតែសិក្សាពីកត្តា នៃតម្រូវការទីផ្សារពិតប្រាកដ ភាគរយដែលអាចទទួលបានចំណេញខ្ពស់ ជាពិសេសមិនត្រូវធ្វើការវិនិយោគតាមគ្នា នៅតំបន់ដែលតម្លៃដីលើទីផ្សារ ហក់ឡើងខ្ពស់រួចទៅហើយនោះទេ។
លោកបានបញ្ជាក់ថា “ដីដែលអាចផ្តល់ឱកាសចំណេញខ្ពស់ ភាគច្រើនជាប្រភេទដី ដែលមិនស្ថិតនៅក្នុងក្រុង ឬតំបន់ទីប្រជុំជន ហើយតម្លៃនៅទាប។ ប៉ុន្តែសម្រាប់ការវិនិយោគនៅតំបន់ ដែលមានតម្រូវការទីផ្សារ និងមានការអភិវឌ្ឍន៍រួចទៅហើយនោះ ឱកាសនៃការចំណេញពីការវិនិយោគ គឺមានអត្រាទាប ដោយសារតែតម្លៃដី បានឡើងថ្លៃរួចទៅហើយ” ។ លោកបន្ថែមថា “ភាគច្រើននៅតំបន់ ដែលមានទីផ្សាររួចរាល់ អ្នកវិនិយោគសុទ្ធតែមានគម្រោង របស់គេច្បាស់លាស់ ដូចជាការទិញដីសម្រាប់អភិវឌ្ឍន៍គម្រោងអ្វីមួយយ៉ាងប្រាកដរបស់ពួកគេ ដែលមិនមែនទិញទុកសម្រាប់ លក់បន្តយកចំណេញនោះទេ” ។
លោកបានបន្តថា “ខ្ញុំលើកឧទាហរណ៍ ចលនានៃការទិញដីនៅក្នុងខេត្តកែប និងកំពត ដែលកំពុងផុលផុសនៅពេលបច្ចុប្បន្ននេះ ភាគច្រើនអ្នកវិនិយោគគេទិញ សម្រាប់គម្រោងអភិវឌ្ឍន៍ ដូចជាផ្ទះលំហែរកាយ ឬសម្រាប់បង្កើត ជាតំបន់ទេសចរណ៍ជាដើម ដូច្នេះវាជាការវិនិយោគ និងអភិវឌ្ឍន៍ជាក់លាក់ ដែលមិនមែនជាការទិញដីទុក រង់ចាំពេលតម្លៃឡើងថ្លៃ ហើយលក់បន្តយកចំណេញនោះទេ” ។
ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាល សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា ការទិញដីសម្រាប់វិនិយោគបន្តមិនថា នៅតំបន់ណានោះទេ ឱកាសចំណេញសុទ្ធតែ ទាស់ត្រង់ថា ចំណេញតិចឬច្រើនតែប៉ុណ្ណោះ ។
លោកបានបន្តថា “ការទិញដីទុកលក់នៅតំបន់ជាយក្រុង មានឱកាសចំណេញតិច ប៉ុន្តែងាយស្រួលលក់ ដោយឡែកការទិញដីនៅតាមខេត្តឆ្ងាយៗ ហាក់ពិបាករកទីផ្សារ ប៉ុន្តែប្រសិនមានគម្រោងអភិវឌ្ឍន៍ ណាមួយត្រូវបង្កើតឡើងនៅជិត នោះនឹងអាចទទួលបាន ប្រាក់ចំណេញស្ទើរទ្វេដង” ។ លោកបន្តថា “អ្វីដែលត្រូវប្រយ័ត្ន គឺការពិនិត្យទៅលើឯកសារពាក់ព័ន្ធនានា និងប្រាកដថា ជាដីមានម្ចាស់កម្មសិទ្ធិស្របច្បាប់ ហើយមិនជាប់ពាក់ព័ន្ធ ទៅនឹងដីស្ថិតក្នុងតំបន់រក្សាទុក របស់រាជរដ្ឋាភិបាល” ។
លោក ឃាង ពុទ្ធី បានមានប្រសាសន៍ថា “កាលពីពេលកន្លងទៅយើងធ្លាប់ បានឃើញហើយ នូវករណីចាញ់បោកឈ្មួញលក់ដីខ្យល់ ដែលប្រឈមនឹងការខាតបង់ ទាំងទ្រព្យសម្បត្តិ និងពេលវេលា ដូច្នេះគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយប្រសិនបើយើង មិនមានជំនាញច្បាស់លាស់ ប៉ុន្តែចង់ប្រឡូកនៅក្នុងវិស័យនេះ គួរតែរកអ្នកជំនាញ ឬក្រុមហ៊ុនស្របច្បាប់ណាមួយ សម្រាប់ប្រឹក្សាយោបល់ជៀសវាងជួបហានិភ័យ” ៕ ដោយៈ រ៉ាណេត
ប្រភព៖ sabay
ប្រភព៖ propertyarea.asia