កីឡា

លោកហង់ជួន ណារ៉ុន ៖យុទ្ធសាស្រ្តអភិវឌ្ឍ និងកំណែទម្រង់ស៊ីជម្រៅ វិស័យអប់រំកាយ និងកីឡា ទទួលជោគជ័យ លើកឆាកអន្តរជាតិ

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា នាព្រឹកថ្ងៃ២៣ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គ្រូបង្រៀនកម្រិតមូលដ្ឋាន ឯកទេសអប់រំកាយ និងកីឡាជំនាន់ ទី ២៧ និង ២៨ សរុបចំនួន ២៥១ នាក់ ដែលបានបញ្ចប់ការសិក្សា ដោយជោគជ័យ កាលពីឆ្នាំសិក្សា ២០១៨-២០១៩ និងឆ្នាំសិក្សា២០១៩-២០២០ កន្លងទៅនេះ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជននិងកីឡា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារថ្មីៗនេះ របស់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា រួមទាំង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹងប្រែងបំពេញ តាមតួនាទី និងភារកិច្ចរៀងៗខ្លួន ប្រកបដោយ ជោគជ័យ ក្នុងការជួយបណ្តុះបណ្តាល ធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា ហើយក្លាយ ជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នា ជាមួយនឹងគោលនយោបាយជាតិ ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និង កីឡា ។

លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមាន ការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ប៉ិន ប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ សម្តេច បានចាត់ទុកថាការងារ អប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍ សង្គម ពីព្រោះ “កីឡាកសាងមនុស្ស មនុស្សកសាងសង្គម” ។

ក្រសួងបានធ្វើកំណែទម្រង់ការងារអប់រំកាយ និងកីឡា ដោយបានអនុម័តគោលនយោបាយ ជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំ កាយនិងកីឡា ។ វិស័យកីឡា ត្រូវបានប្រែក្លាយ ទៅជាវិស័យឈាន មុខ និងទទួលការសាទរពីមហាជន ដោយសារកំណែ ទម្រង់វិស័យកីឡា ការសហការ ជាមួយគណៈ កម្មការអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាដទៃទៀត និង បានផ្ទេរថវិកាដល់សហព័ន្ធកីឡាជាតិ ។ ក្រសួងបានបន្តបណ្តុះបណ្តាល ថ្នាលកីឡាករ-កីឡាការិនី បានជួសជុលកែលម្អ និងកសាងហេដ្ឋា រចនាសម្ព័ន្ធកីឡានៅពហុកីឡដ្ឋានជាតិអូឡាំពិក វិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងសាងសង់ថ្នាល និស្ស័យកីឡា នៅតំបន់បឹងស្ទោររាជធានីភ្នំពេញ។ ដោយសហការជាមួយក្រសួងពាក់ព័ន្ធ ការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ ប្រព្រឹត្តទៅដោយរលូន ។

ព្រឹត្តិការណ៍នេះជាកំណែទម្រង់ នៃការប្រកួត និងជាការសាកល្បង ដើម្បីវាស់ស្ទង់គុណផលកីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រីជំនាញកីឡាឱ្យមានចំណេះដឹងនិងបទពិសោធគ្រប់គ្រាន់ សម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ក្នុងឆ្នាំ ២០២៣។ ក្រសួងបានពង្រឹង និងពង្រីកសកម្មភាពអប់រំកាយនិងកីឡានៅតាមសាលារៀន ដោយបាន ផ្សព្វផ្សាយការអនុវត្តសៀវភៅអប់រំកាយ និងកីឡាកម្រិតបឋមសិក្សា។

តាមរយៈកំណែទម្រង់នេះ បានលើកកម្ពស់កិត្តិស័ព្ទ និងកិត្តិនាមរបស់កីឡាល្បីៗដូចជា វីរកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់មេដាយនៃការប្រកួតកីឡាអាស៊ានឆ្នាំ២០១៤ លោកស្រី កែ ឡេង កញ្ញា អ៊ុក ស្រីមុំ និង លោក សុខ ច័ន្ទមាន ទទួល បាន មេដាយមាសក្នុងការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក ។ ទន្ទឹមនឹងនេះ កីឡាករ-កីឡាការិនីក៏ទទួលបានជោគជ័យ ក្នុងការប្រកួតកីឡាផ្សេងទៀត ៕

Most Popular

To Top