សេដ្ឋកិច្ច​

ធនាគារពិភពលោក ​បាន​ផ្តល់​អនុសាសន៍សំខាន់ៗចំនួន៧ចំណុច​ឆ្ពោះទៅ​ការស្តារ ​សេដ្ឋកិច្ចកម្ពុជា​ ឱ្យ​ងើបឡើង​វិញ

ភ្នំពេញៈ ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ បាន​បញ្ចេញ​កម្លាំង​អង្រួន​កន្ត្រាក់ បីយ៉ាង​ទៅលើ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែល​ជំងឺ​នេះ​បាន​បណ្តាល​ឲ្យ​មាន​បញ្ហា​ជាច្រើន​រាប់មិនអស់​នៅ​កម្ពុជា ក៏ដូចជា​ទូទាំង​ពិភពលោក។

បញ្ហា​ដែល​ធនាគារពិភពលោក​លើកឡើង​រួមមាន ទីមួយ ការ​រាលដាល​នៃ​ជំងឺ​នេះ​តែម្តង ទី​ពីរ ផលប៉ះពាល់​លើ​សេដ្ឋកិច្ច ពី​សំណាក់​វិធាន​ការបិទ​ខ្ទប់​ការ​រាលដាល​ជំងឺ និង​ទី​បី ឥទ្ធិពល​អវិជ្ជមាន​ជា​បន្តបន្ទាប់ ដោយសារ​ឱនភាព​សេដ្ឋកិច្ច​ទូទាំង​ពិភពលោក។  នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ដែលជា​ប្រភព​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ-១៩ មកទល់ពេលនេះ មិនសូវ​រង​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពី​ជំងឺ​នេះ ដូច​តំបន់​ដទៃទៀត​លើ​ពិភពលោក​ទេ។

ជម្រើស​ផ្នែក​គោលនយោបាយ សម្រាប់​បិទ​ខ្ទប់​ការ​រាលដាល​ជំងឺ និង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់ ដែល​ដាក់ចេញ​នាពេលនេះ នឹង​ស្តែង​ឱ្យឃើញ​ប្រសិទ្ធភាព​របស់ខ្លួន​តាមរ​យៈ​ថា តើ​វា​មាន​ឥទ្ធិពល​កម្រិតណា ទៅលើ​ការស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ និង​ទៅលើ​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត។

បណ្តា​រដ្ឋាភិបាល កំពុង​ប្រឈម​ស្ថានភាព​លំបាក​មួយ ដែល​ត្រូវ​ខាតបង់​អ្វី​ម្យ៉ាង​ដើម្បី​បាន​អ្វីមួយ​មកវិញ។  ការចំណាយ​កាន់តែច្រើន​សន្ធឹកសន្ធាប់ ទៅលើ​អន្តរាគមន៍​សង្គ្រោះ ឬ​ទៅលើ​ផ្នែក​ទទួលទាន ដើម្បី​ទ្រទ្រង់​ជំរុញ​សេដ្ឋកិច្ច អាច​បណ្តាលឱ្យ​រដ្ឋាភិបាល​ដែល​ជាប់បំណុល​កាន់តែ​លែង​សូវ​មាន​សមត្ថភាព វិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​កំណើនសេដ្ឋកិច្ច​ទៀត។

ម្យ៉ាងទៀត​វិធី​ថា តើ​រដ្ឋាភិបាល​នឹង​បែងចែក បន្ទុក​បំណុល​សាធារណៈ ទៅឱ្យ​បុគ្គលនីមួយៗ ក្នុង​រយៈពេល​ណាមួយ​នោះ ដូចជា តាមរយៈ​ពន្ធ​ដោយ​ប្រយោល ពន្ធ​លើ​ចំណូល​និង​ប្រាក់ចំណេញ អតិផរណា ឬ​ការដាក់​សម្ពាធ​ហិរញ្ញវត្ថុ វា​នឹងមាន​សារៈសំខាន់ ទៅលើ​កំណើន​និង​ការបែងចែក​កំណើន​នៅ​ថ្ងៃមុខ។

វិបត្តិ​នេះ​បានបង្ហាញ​ឱ្យឃើញថា ការប្រកាន់យក​ទស្សនៈ​មួយ មាន​លក្ខណៈ​ឌី​ណា​មិ​ក អាច​នឹង​ជួយ​បណ្តា​រដ្ឋាភិបាល ក្នុង​តំបន់​ឱ្យធ្វើ​ជម្រើស​ពេលនេះ តាមរបៀប​មួយ​ដែល​នឹងមិន​នាំមក​នូវ​ការ​ខាត់​បង់​ធ្ងន់ធ្ងរ​ពេក​នៅ​ថ្ងៃក្រោយ នៅក្នុង​វិស័យ​សំខាន់​ចំនួន៧ដូចខាងក្រោម​ដូចជា

ទី១, ការកសាង​សមត្ថភាព សម្រាប់​ការបិទ​ខ្ទប់​កាន់តែ​វៃឆ្លាត​ជាង​មុន រួមទាំង​ការធ្វើ​តេស្ត ការតាមរក​ប្រភព និង​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ផង នឹង​ជួយ​ខ្ទប់​ការផ្ទុះ​ជំងឺ ដោយ​គ្រាន់តែ​ចាត់វិធានការ​លើ​គោលដៅ​ជាក់លាក់ ហើយ​មិន​បង្ក​ភាពរអាក់រអួល​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច។ ទន្ទឹមគ្នា​នោះ ការសហការ​អន្តរជាតិ ដើម្បី​ជំរុញ​ដល់​ការបង្កើត​ថ្នាំ​វ៉ាក់សាំង និង​ត្រៀម​រៀបចំ​បែងចែក​វា​ឱ្យបាន​ស័ក្តិ​សិទ្ធ និង​ត្រឹមត្រូវ​យុត្តិធម៌ នឹង​រួមចំណែក​ធ្វើឱ្យមាន​ស្ថេរភាព​សង្គម និង​សម្រួល​ដល់​ការ​រើប​ឡើងវិញ​របស់​សេដ្ឋកិច្ច។

ទី២ ការផ្តើម​ធ្វើកំណែទម្រង់​សារពើពន្ធ អាច​បង្ក​លទ្ធភាព​ដល់​ការចំណាយ​ច្រើន​បន្តិចទៀត ទៅលើ​កិច្ច​អន្តរាគមន៍​សង្គ្រោះបន្ទាន់ ដោយ​មិន​នាំឱ្យមាន​ការខាតបង់​ដល់​ផ្នែក​វិនិយោគសាធារណៈ។ ឱនភាព​សារពើពន្ធ​ដ៏​ធំ នៅក្នុង​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ត្រូវបាន​ព្យាករ​ណណ៍​ថា នឹងធ្វើ​ឱ្យ​បំណុល​រដ្ឋាភិបាល​កើន​ជា​មធ្យម៧ភាគរយ នៃ​ផ.ស.ស ក្នុង​ឆ្នាំ២០២។

បំណុល​ឯកជន​ដែលមាន​ខ្ពស់​ស្រាប់​ហើយ កំពុងតែ​កើនឡើង​ថែមទៀត អាច​បង្ក​ហានិភ័យ​បែប​ប្រយោល​បន្ថែម​មួយទៀត សម្រាប់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល។ ការ​រើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​អាច​នឹងមាន​លក្ខណៈ​កាន់តែ​បរិ​យា​ប័ន្ន និង​ចីរភាព ប្រសិនបើ​មូលដ្ឋាន​ពន្ធ​ត្រូវបាន​ពង្រីក​បន្ថែម អមដោយ​ការយកពន្ធ​កើន តាម​ប្រាក់ចំណូល​និង​ប្រាក់ចំណេញ​ផង និង​ការកាត់បន្ថយ​ការចាយវាយ​ខ្ជះខ្ជាយ លើ​ការឧបត្ថម្ភ​ទុន​ទៅលើ​ផ្នែក​ថាមពល ដែល​ករណីខ្លះ​មាន​ជាង២ភាគរយ​នៃ​ផ.ស.ស។

ទី៣, បណ្តា​រដ្ឋាភិបាល​ក្នុង​តំបន់​ចាំបាច់ ត្រូវ​រក្សា​ឱ្យបាន​កេរ្តិ៍ឈ្មោះ ដែល​ខ្លួន​ធ្លាប់​រកបាន​យ៉ាង​លំបាក ក្នុងនាម​ជា​ប្រទេស​មានការ​ប្រុងប្រយ័ត្ន​ផ្នែក​ហិរញ្ញវត្ថុ នៅពេលដែល​ត្រូវ​ប្រឈម​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​កាន់តែ​ច្រើនឡើង។ ថ្វីដ្បិតតែ​រដ្ឋាភិបាល ក្នុង​តំបន់​មាន​ឱនភាព​ហិរញ្ញវត្ថុ​មួយ​ភាគ​ធំ តែ​តាមរយៈ​ការ​ខ្ចីបុល​ក្នុងស្រុក​ក៏ដោយ បំណុល​មួយចំនួន​ក៏បាន​បណ្តាលឱ្យ​ធនាគារកណ្តាល ត្រូវ​ចំណាយ​លើក​ការទិញ​សញ្ញា​បណ្ណ​ជាតិ​ដែរ។

ការពឹងផ្អែក​ខ្លាំងពេក​ទៅលើ​ប្រព័ន្ធ​ធនាគារ ធ្វើជា​បំពង់ខ្យល់​ជំនួយ​បន្ថែម ក៏​អាច​បណ្តាលឱ្យមាន​ហានិភ័យ​ដែរ។ខណៈដែល​គោលនយោបាយ​ទាំងនេះ អាចជា​ភាពចាំបាច់​នាពេល​បច្ចុប្បន្ន ការប្តេជ្ញាចិត្ត​គួរឱ្យ​ជឿជាក់​បាន​ណាមួយ ចំពោះ​តម្លាភាព និង​ការ​ស្តារឡើងវិញ​ឱ្យបាន​ឆាប់រហ័ស នូវ​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ អាច​នឹង​ជួយ​សម្រាល​ហានិភ័យ​បង្ក​អស្ថេរភាព​បាន។

ទី៤, កិច្ច​គាំពារ​សង្គម​មាន​តួនាទី​បីយ៉ាង៖ មួយ ក្នុងការ​សម្រាល​ផលប៉ះពាល់​របស់​វិបត្តិ, ពីរ ជួយ​កម្មករ​ឱ្យចូល​ទៅរក​ការងារ​វិញ នៅពេលដែល​សេដ្ឋកិច្ច តាម​ប្រទេស​រើប​ឡើងវិញបណ្តើរ, និង​បី ទប់ស្កាត់​ផល​អាក្រក់​យូរអង្វែង​ទៅលើ​មូលធន​មនុស្ស។ ការពង្រីក​កិច្ច​គាំពារ​សង្គម ទៅ​គ្របដណ្តប់​លើ​ជនក្រីក្រ​ទាំងថ្មី ទាំងចាស់ អមដោយ​ការវិនិយោគ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ផ្តល់​សេវា​របស់​វា​ផង អាច​នឹង​ធានាបាន​ថា​ជំនួយ​នឹង​ទៅដល់​ប្រជាជនពិតៗនៅពេលណា​ដែល​គេ​ត្រូវការ​វា។

ទី៥, ការរៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​ការបង្រៀន​តាម​វិធី​វៃឆ្លាត ដើម្បី​ការពារ​សិស្ស​បុគ្គលិក​សិក្សា គ្រូបង្រៀន​និង​គ្រួសារ​របស់គេ – ពិធីការ​ពាក់ព័ន្ធ​សុខភាព​អនាម័យ ទម្លាប់​រក្សា​គម្លាត​ពីគ្នា, ការ​ចូលរៀន​ឡើងវិញ – សុទ្ធតែជា​វិធី​ដែល​អាច​ទប់ស្កាត់ ការខាតបង់​យូរអង្វែង​នូវ​មូលធន​មនុស្ស ជាពិសេស​ក្នុងចំណោម​គ្រួសារ​ក្រីក្រ។

ទី៦, ការជួយ​ដល់​ក្រុមហ៊ុន គឺជា​ការចាំបាច់ ដើម្បី​បញ្ចៀស​ការ​ក្ស័យធន និង​ភាព​អកម្ម។ រាល់​ជំនួយ​ត្រូវតែ​ធ្វើយ៉ាងណា​ឱ្យ​ឈរ​មូលដ្ឋាន លើ​លក្ខខណ្ឌ​វិនិច្ឆ័យ​បែប​សត្យានុម័ត​តាមតែ​អាចធ្វើ​ទៅបាន ដែល​មិន​គ្រាន់តែ​ឆ្លុះបញ្ចាំង ពី​ផល​ការងារ​កន្លងមក​ឬ​ស្ថានភាព​លំបាក​នាពេល​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​បង្ហាញឱ្យឃើញ​នូវ​សក្តានុពល​របស់​ក្រុមហ៊ុន​ថា​អាច​នឹង​ប្រឹង​លូតលាស់​បាន នៅពេល​អនាគត​ផងដែរ។ ដើម្បី​ចៀសវាង​ការ បន្លាយពេល​ផ្តល់ជំនួយ​យូរ​ដោយ​មិនចាំបាច់ បណ្តា​រដ្ឋាភិបាល​អា​ចប​ញ្ច​ប់​វា​ជាដំណាក់កាលៗ ដោយ​ភ្ជាប់​វា​ទៅនឹង​សូចនាករ​ម៉ាក្រូសេដ្ឋកិច្ច បង្ហាញ​ការរីកចម្រើន​នៅក្នុង​ដំណើរការ​រើប​ឡើងវិញ។

ទី៧ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វ៊ិ​ក ចាំបាច់​ត្រូវតែ​ធ្វើកំណែទម្រង់​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ជាពិសេស​ក្នុង​វិស័យ​សេវាកម្ម ដែល​ស្ថិតនៅក្រោម​ការការពារ​មាំទាំ​នៅឡើយ​មាន ដូចជា ផ្នែក​ហិរញ្ញវត្ថុ ដឹកជញ្ជូន និង​ទូរគមនាគមន៍ ជាដើម – ដើម្បី​បង្កើន​លទ្ធភាព​ផលិត​របស់​ក្រុមហ៊ុន បញ្ចៀស​សម្ពាធ​ដើម្បី​ការពារ​វិស័យ​ដទៃទៀត, និង​ដើម្បី​បំពាក់​ដល់​មនុស្ស​នូវ​សមត្ថភាព សម្រាប់​យក​ប្រៀប​ពី​ឱកាស​ឌីជីថល ដែល​កំពុងមាន​សម្ទុះ​កាន់តែ​លឿន​ខ្លាំង​ឡើង ចាប់តាំងពី​ពេល​ផ្ទុះ​ការ​រាលដាល​ជំងឺ​នេះ៕ប្រភព៖propertyarea

Most Popular

To Top