លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា «ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃ ដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិ មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃនិងជីវៈចម្រុះជាច្រើនទៀត»។
ឯកឧត្តមបន្តថា ប្រភេទសត្វ រុក្ខជាតិនិងបុចផសិត (fungi species) ចំនួន ៩៥៩ ប្រភេទដែលជារបកគំឃើញ នៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រា ដោយក្រុមសិក្សាស្រាវជ្រាវ របស់អង្គការសមាគមអភិរក្ស សត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា នាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រក សត្វព្រៃកែវសីមា ក្លាយជាតំបន់ការពារធម្មជាតិមួយ ដែលមានធនធានជីវៈចម្រុះសម្បូណ៌បែបជាង គេក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងប្រទេសកម្ពុជា ។ រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះមានប្រសាសន៍ថា ដែនជម្រកសត្វព្រៃកែវសីមា មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទដែលប្រភេទសត្វនិងរុក្ខជាតិ ៧៥ ប្រភេទជាប្រភេទរងការគំរាមកំហែងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
ដែនជម្រកសត្វព្រៃកែវសីមា ដែលជាតំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានបានឃើញវត្តមាន សត្វស្វាកន្ទុយស ជាច្រើននៅក្នុងតំបន់ព្រៃស្រោង។ទាំងនេះបានបង្ហាញពីមោទនភាព ដែលកម្ពុជាសម្បូណ៌ដោយជីវៈចម្រុះគ្រប់ប្រភេទ ដែលក្នុងនោះប្រភេទសត្វកម្រមួយ ចំនួនកំពុងជិតផុតពូជ និងប្រភេទសត្វងាយរងគ្រោះបំផុតរបស់ពិភពលោកត្រូវបានរកឃើញថា មានវត្តមាន នៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា។
យោងតាមរបាយ សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយសដែលមាន វត្តមាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជាង ២០០០០ ក្បាលហើយភាគច្រើនមានវត្តមាន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿង មានចំនួនប្រមាណ ១២០០ក្បាល។
ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា៖ «ការការពារបានព្រៃឈើ មិនត្រឹមការពារបានប្រព័ន្ធអេ កូឡូស៊ីទេ តែយើងអាចលក់ ឥណទានកាបូន ដើម្បីបានថវិកាមកពង្រឹងការងារអភិរក្ស និងអភិរក្សសហគមន៍មូលដ្ឋាន ហើយការថែរក្សាបាននូវសត្វព្រៃគ្រប់ប្រភេទ នឹងផ្តល់ចំណូលតាមរយៈទេសចរណ៍ធម្មជាតិ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧០០០ដុល្លារ សហរដ្ឋអាមេរិកជូនដល់សហគមន៍៕
ប្រភព៖ ក្រសួងបរិស្ថាន