ភ្នំពេញៈ វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (Sanitary and Phytosanitary Certificate-SPS) ជាឯកសារចាំបាច់ សម្រាប់ការនាំចេញផ្លែឈើស្រស់ បន្លែស្រស់ រុក្ខជាតិស្រស់ ត្រី សត្វរស់ និងផលិតផល ផ្សេងទៀត ដែលតម្រូវដោយប្រទេសនាំចូល។
វិញ្ញាបនបត្រនេះបញ្ជាក់ថា ផលិតផលនាំចេញគ្មានផ្ទុកសត្វ ល្អិតបង្កជំងឺ ឬសត្វល្អិតចង្រៃដែលអាចបំផ្លាញផលដំណាំ។ អ្នកនាំចូលត្រូវទទួលខុសត្រូវ ក្នុងការបំពេញទៅតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជាបានឱ្យដឹងថា ដំណើរការស្នើសុំវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យដូចនៅខាងក្រោម៖
ជំហានទី១ ដាក់ពាក្យសុំដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ និងសុំឲ្យមន្ត្រីនាយកដ្ឋានក្សេត្រសាស្ត្រ និងបង្កើនគុណភាពដីកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការត្រួតពិនិត្យទំនិញរបស់លោកអ្នក។
លោកអ្នកត្រូវបង្ហាញបញ្ជីវេចខ្ចប់ វិក្កយបត្រ ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតម្លៃបន្ថែម វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះ ក្នុងបញ្ជីពាណិជ្ជកម្ម និងពាក្យស្នើសុំ។
ជំហានទី២ គោរពតាមការណែនាំបន្ទាប់មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការវាយតម្លៃពីហានិភ័យ ដោយផ្អែកលើហានិភ័យរបស់ផលិតផល ដែលរងការបំផ្លាញពីសត្វល្អិត ប្រវត្តិរបស់ក្រុមហ៊ុន ប្រភពដើមរបស់ផលិតផល។ បន្ទាប់មក ក្រសួងនឹងធ្វើការណែនាំ និងប្រាប់ពីល័ក្ខខ័ណ្ឌនាំចេញផលិតផលទាំងនេះពីប្រទេសកម្ពុជា។
ជំហានទី៣ កំណត់ពីការទាមទារធ្វើអធិការកិច្ច និងការធ្វើតេស្តដោយប្រទេសនាំចូលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងធ្វើការពិនិត្យថា តើប្រទេសនាំចូលទាមទារធ្វើតេស្ត និងអធិការកិច្ចអ្វីខ្លះ។ បន្ទាប់មក ក្រសួងនឹងរៀបចំធ្វើអធិការកិ្ច និងតេស្តទៅតាមការទាមទារទាំងនោះ។
ជំហានទី៤ រៀបចំធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍ ប្រសិនបើចាំបាច់ ក្រសួងនឹងរៀបចំធ្វើត្សេតនៅក្នុងមន្ទីរពិសោធន៍ យ៉ាងហោចណាស់ឲ្យបាន មុនការនាំចេញចំនួន១៥ថ្ងៃ (គិតថ្ងៃធ្វើការប៉ុណ្ណោះ)។ ក្រសួងរៀបចំធ្វើតេស្តដែលចាំបាច់ទាំងអស់ ប៉ុន្តែលោកអ្នកគួរធ្វើការជូនដំណឹងជាមុន។
ជំហានទី៥ ធ្វើធុបទកម្មទំនិញនាំចេញប្រសិនបើចាំបាច់ ក្រសួងនឹងមានរៀបចំធ្វើធូបទកម្ម យ៉ាងហោចណាស់ឲ្យបានមុនការនាំចេញចំនួន១៥ថ្ងៃ(គិតថ្ងៃធ្វើការប៉ុណ្ណោះ)។ ដំណើរការធូបទកម្ម ត្រូវចំណាយពេលចំនួន៩៦ម៉ោង។ ក្រសួងនឹងធ្វើការត្រួតពិនិត្យក្រោយពេលធ្វើធូបទកម្ម ដើម្បីកំណត់ថាតើចាំបាច់ត្រូវធ្វើធូបទកម្មម្តងទៀតដែរឬទេ។
ជំហានទី៦ នាំចេញផលិតផលបន្ទាប់មក ក្រសួងនឹងចេញវិញ្ញាបនបត្រធូបទកម្ម (Fumigation Certificate) វិញ្ញាបនបត្រនេះបញ្ជាក់ពីប្រភេទទំនិញ ការបរិច្ឆេទ និងប្រភេទថ្នាំដែលប្រើនៅពេលធ្វើប្រព្រឹត្តកម្ម។ ក្រោយពីលោកអ្នកទទួលបានវិញ្ញាបនបត្រធូបទកម្ម មានន័យថាទំនិញរបស់លោក អ្នកបានទទួលការពិនិត្យអនាម័យ និងភូតគាមអនាម័យ និងអាចធ្វើការនាំចេញបានហើយ៕ប្រភព៖propertyarea