ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) ដែលនឹងចុះហត្ថលេខានៅពេលខាងមុខ នឹងដើរតួជានិមិត្តរូបដ៏មានអត្ថន័យ នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងពហុភាគី ដែលមិនត្រឹមតែ នៅក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកផងដែរ។
ការរីកចម្រើននាពេលបច្ចុប្បន្ន នៃការជំរុញឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីដ៏ធំ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូរបស់ខ្លួន ប្រកាន់ខ្ជាប់ នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីបើកចំហ ដែលប្រកបដោយបរិយាប័ន្ន និងផ្អែកលើច្បាប់។
យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ បានឱ្យដឹងថា មេដឹកនាំនៃប្រទេសជាសមាជិក បានស្វាគមន៍ចំពោះការរីកចម្រើន ដែលបានធ្វើសម្រាប់ការបញ្ចប់កិច្ចចរចា RCEP ពេញលេញ ហើយទន្ទឹងរង់ចាំការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ ២០២០ ។
កាលព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋមន្ត្រីសេដ្ឋកិច្ច នៃប្រទេសជាសមាជិកអាស៊ានទាំង១០ ក៏ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងណូវែលសេឡង់ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះនៅឆ្នាំនេះ។
កិច្ចព្រមព្រៀងនេះ នឹងត្រូវបានចុះហត្ថលេខានៅចុងឆ្នាំនេះ ដោយសារការប្តេជ្ញាចិត្តរបស់ប្រទេសដែលចូលរួម។ កិច្ចព្រមព្រៀង RCEP ដែលបានផ្តួចផ្តើមគំនិត ដោយអាស៊ានក្នុងឆ្នាំ២០១២ គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលបានស្នើឡើងរវាងរដ្ឋ ជាសមាជិកទាំង១០ និងដៃគូ FTA ចំនួន៦ របស់ខ្លួនគឺ ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលសេឡង់ និងឥណ្ឌា (ដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ) ។
កិច្ចចុះហត្ថលេខា លើកិច្ចព្រមព្រៀង RCEP នឹងមានអត្ថន័យជាពិសេស ដោយសារបរិបទ ដែលនិយមគាំពារពាណិជ្ជកម្ម បានកើនឡើង ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដែលផ្ទុយនឹងនិន្នាការ នៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសាកលភាវូបនីយកម្ម។ វានឹងដើរតួជាការបង្ហាញ មួយដោយមិនគិតពីការលំបាក និងការអភិវឌ្ឍស្មុគស្មាញនោះទេ ប្រទេសដែលចូលរួម RCEP នៅតែរក្សាជំនឿលើពាណិជ្ជកម្មសេរី ការគាំទ្រ និងដំណើរការ ដោយសុទិដ្ឋិនិយម ហើយការតភ្ជាប់កាន់តែស៊ីជម្រៅ នៅតែជានិន្នាការសំខាន់នៅក្នុងតំបន់ និងពិភពលោក។
ក្នុងនាម ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP នឹងផ្តោតលើរបៀប ដែលវាធ្វើសមកាលកម្ម (synchronize) វឌ្ឍនភាព នៃសមាហរណកម្ម និងការអភិវឌ្ឍនៅអាស៊ីប៉ាស៊ីហ្វិក ដែលជាជំហានឆ្ពោះទៅការបង្កើត តំបន់ពាណិជ្ជកម្មសេរី នៃអាស៊ីប៉ាស៊ីហ្វិក (FTAAP) ។
នៅក្នុងសេចក្តីថ្លែងការណ៍ របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលទើបនឹងចេញថ្មីៗ មេដឹកនាំបានគូសបញ្ជាក់ ពីសារសំខាន់ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដូចជា RCEP ក្នុងការប្រែក្លាយតំបន់នេះ ឱ្យទៅជាអាស៊ានពិភពលោក លើការរួមចំណែក ដល់ការស្ទុះងើបឡើងវិញ ពីជំងឺរាតត្បាត និងក្នុងការបង្កើតបណ្តាញផ្គត់ផ្គង់ ដែលមានភាពធន់។ ដោយមានបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុន ដោយការរីករាលដាល នៃជំងឺរាតត្បាតទីកូវីដ១៩ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ត្រូវបានគេរំពឹងថា នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសចូលរួម និងក្នុងចំណោមប្រទេសដទៃទៀត។
នៅពេល ដែលបានចុះហត្ថលេខារួច កិច្ចព្រមព្រៀង RCEP នឹងក្លាយជាប្លុកពាណិជ្ជកម្មសេរីធំបំផុតរបស់ពិភពលោក ដែលមានចំនួន ៤៥ភាគរយ នៃចំនួនប្រជាជនពិភពលោក និង៤០ភាគរយនៃពាណិជ្ជកម្មពិភពលោក និងប្រហែលមួយភាគបី នៃផលិតផលក្នុងស្រុកសរុប របស់ពិភពលោក។
ទំហំទីផ្សារដ៏ធំរបស់ RCEP និងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដ៏រឹងមាំរវាងអាស៊ាន និងដៃគូសន្ទនាបានលើកឡើងថា ការកាត់បន្ថយរបាំងពាណិជ្ជកម្មតូចតាច ដែលកិច្ចព្រមព្រៀងផ្តោតលើ នឹងបង្កើនផលប្រយោជន៍ពាណិជ្ជកម្ម យ៉ាងសំខាន់។
អត្ថប្រយោជន៍ទាំងនេះ នឹងផ្លាស់ប្តូរទៅជាការបង្កើតចំនួន ការងារកាន់តែច្រើន ដូច្នេះនឹងនាំឱ្យមានការកើនឡើង GDP និងការកាត់បន្ថយភាពក្រីក្រ នៅក្នុងសេដ្ឋកិច្ចអាស៊ាន ដែលកំពុងរីកចម្រើនដូចជាប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។
ដោយសាររបាំងពាណិជ្ជកម្មធ្លាក់ចុះ ហើយការចូលទីផ្សារទំនិញ និងសេវាកម្មត្រូវបានធ្វើឱ្យប្រសើរឡើង អាស៊ាននឹងកាន់តែទាក់ទាញ ដល់ក្រុមហ៊ុនបរទេស ដែលចង់ចូលរួមនៅក្នុងតំបន់ ដែលមានសមាហរណកម្មកាន់តែច្រើន។ នេះនឹងជួយលើកកម្ពស់តម្លាភាព ក្នុងពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាជួយសម្រួល ដល់អាជីវកម្មខ្នាតតូច និងមធ្យមរបស់អាស៊ាន ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សាកល និងតំបន់” ។
តាមរយៈការអនុវត្តរបស់ RCEP អាស៊ានអាចជួយភ្ជាប់បណ្តាញផ្គត់ផ្គង់ ក្នុងតំបន់ និងពិភពលោក ដែលត្រូវបានរំខាន ដោយជំងឺរាតត្បាតកូវីដ១៩ ដែលប្លុកនេះអាចបញ្ជាក់ពីតួនាទីរបស់ខ្លួន នៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក។ នាមជាប្រធានអាស៊ាន ២០២០ និងជាអ្នកតស៊ូមតិយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នោះប្រទេសវៀតណាម ពិតជានឹងទទួលបានផលប្រយោជន៍ពីវា ជាមួយនឹងផលប៉ះពាល់ភ្លាម។
RCEP នឹងផ្តល់ឱ្យសហគ្រាស នៅអាស៊ាននូវឱកាស ដើម្បីជំរុញការនាំចេញចូលរួមក្នុងខ្សែសង្វាក់តម្លៃថ្មី និងទាក់ទាញ ការវិនិយោគបរទេសបន្ថែមទៀត។ ការកាត់បន្ថយពន្ធនាំចូល នឹងបើកឱកាសថ្មី សម្រាប់ផលិតផលពីវិស័យលេចធ្លោ ដូចជាទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន វាយនភណ្ឌ និងស្បែកជើង និងកសិកម្ម។
ការចូលរួម RCEP នឹងជំរុញឱ្យបណ្តាប្រទេសអាស៊ាន បង្កើនការកែទម្រង់ និងការបង្កើតថ្មី ក៏ដូចជាការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម។ លោកក៏បាននិយាយផងដែរថា ប្រទេសចិនបានលេចធ្លោ ជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន និងជាអ្នកដើរតួនាទីយ៉ាងមុតមាំ ក្នុងការជំរុញការចរចា។
រួមគ្នាជាមួយតួនាទីរបស់អាស៊ាន ក្នុងការកសាងមូលដ្ឋានស្ថាប័ន សហប្រតិបត្តិការតួនាទីរបស់ចិន គឺមានសារសំខាន់ណាស់ ក្នុងការចុះហត្ថលេខា និងអនុវត្ត RCEP៕ ប្រភព៖ propertyarea