ភ្នំពេញ ៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងលោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចូលរួមពិធីការ ប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” ដើម្បីរម្លឹកពីកិច្ចខិតខំប្រឹងប្រែង លះបង់ កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃរបស់ សម្តេចក្រឡាហោម ស ខេង និងសម្តេចវិបុលបញ្ញា សុខ អាន ក្នុងការដឹកនាំប្រភេទកីឡាប៊ូល និងប៉េតង់រហូតទទួលបានភាពល្បីល្បាញ ការកោតសរសើរទាំងថ្នាក់ជាតិ និង ពិភពលោកនៅពហុកីឡដ្ឋានជាតិ ។
លោក សូមៃ សុខគា អគ្គលេខាធិការរង នៃសហព័ន្ធបានរាយការណ៍ថា ការប្រកួតខាងលើមាន៨វិញ្ញាសារួមមាន ៖ បុរស(ពាន់ធំ) ៣នាក់ ទល់៣នាក់ (បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២) ។
ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។
លោក ស សុខា បានមានប្រសាសន៍ថា ជាក់ស្តែង នាពេលកន្លងទៅ យើងបានរៀបចំពានរង្វាន់ សម្តេចវិបុលបញ្ញា សុខ អាន បានចំនួន ៧ដង និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង បានចំនួន ១៩ដង រួចមកហើយ ។ ប៉ុន្តែឆ្នាំនេះ យើងមើល ឃើញថា ស្ថានភាពរបស់យើងមិនសូវល្អ ដោយសារជំងឺកូវីដ-១៩ យាយី ក៏អាក់ខានទៅវិញ។ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមាន សកម្មភាពហ្វឹកហាត់ និងប្រកួតឡើងវិញ រូបខ្ញុំផ្ទាល់ និងថ្នាក់ដឹកនាំ របស់សហព័ន្ធ ក៏បានគិតគូរពិភាក្សាគ្នា រហូតដល់ពេលវេលាសមស្រប ដែលអាចរៀបចំពាន រង្វាន់ “គរុគុណ” ឆ្នាំ២០២០ នេះ ។
លោកបានបន្តថា ដ្បិតយើងបានបាត់បង់ស្ថាបនិក សម្តេចវិបុលបញ្ញា សុខ អាន ដែលជាបុគ្គលដ៏ឆ្នើមអស់ រយៈពេល ៣ឆ្នាំមកហើយក្តី ប៉ុន្តែក្នុងនាមអ្នកបន្តវេន និងក្រោមការចង្អុលបង្ហាញ ពីសម្តេចប្រធានកិត្តិយស គឺ សម្តេចក្រឡាហោម ស ខេង ខ្ញុំ និងថ្នាក់ដឹកនាំសហព័ន្ធ នឹងខិតខំប្រឹងប្រែងរួមគ្នាមួយរយភាគ រយឥតងាករេ ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស មានមន្ត្រីអាជ្ញាកណ្តាល ចៅក្រម អ្នកបច្ចេកទេស និងផលិតកីឡាករ-កីឡាការិនី ឲ្យមានគុណភាពបន្ថែមទៀត ដើម្បីចូលរួមប្រកួតដណ្តើម យកមេដាយ ជូន ជាតិមាតុភូមិ។ យើងបានដឹងហើយថា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចវិបុលបញ្ញា សុខ អាន សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានលេចចេញ ជារូបរាងនៅឆ្នាំ១៩៩១ ។ បន្ទាប់ពីដំណើរ២៩ឆ្នាំមកនេះ កីឡាប៉េតង់កម្ពុជាបានសាងស្នាដៃ ជាច្រើនលើឆាកអន្តរជាតិ តាមរយៈការឈ្នះមេដាយមាស រហូតជិត ១០០ មេដាយប្រាក់ និងសំរឹទ្ធជាង ២០០មេដាយ ។
ពានរង្វាន់ «គរុគុណ» លើកទី១ នេះ មាន ក្លិប-សមាគម ចំនួន ៥៨ មកពីរាជធានី ខេត្តមួយចំនួន ក្នុងព្រះរាជាណាចក្រកម្ពុជា និងត្រូវចែកមេដាយអស់ ៧២មេដាយ។ សរុបអ្នកចូលរួម មានចំនួន ៤៩៥ នាក់ ក្នុងនោះគ្រូបង្វឹក -ថ្នាក់ដឹកនាំ ៩៧នាក់ និងអត្តពលិក ៣៩៨នាក់ ដែលត្រូវប្រកួតលើវិញ្ញាសាសរុប ចំនួន ១៣៨វិញ្ញាសា។ អ្វីដែលខ្ញុំកាន់តែសប្បាយចិត្តនៅថ្ងៃនេះ ពេលខ្ញុំបានឃើញ ក្លិប-សមាគម ចំនួន ៣៤ ឯណោះមកពីបណ្តាខេត្តនានា ក្នុងចំណោមក្លិប-សមាគម សរុបទាំង ៥៨ ដែលមានវត្តមាននាឱកាស នេះ។
នេះជាភាពរីកចម្រើនបន្តបន្ទាប់ និងអាចជ្រើសរើសកីឡាករ-កីឡាការិនីល្អៗ ពីខេត្តទាំងនោះ មិន ថា ប្រកួតលើកនេះ ឬទៅថ្ងៃអនាគត ។ ខ្ញុំរំពឹងថា ការរៀបចំពានរង្វាន់នេះ នឹងដំណើរការទៅរលូន ដោយ សារយើងធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំការប្រកួតកីឡាប៉េតង់ ពានរង្វាន់លំដាប់ពិភពលោក កាលពី ចុងឆ្នាំ២០១៩ កន្លងទៅ ដែលមានប្រទេសរហូតដល់ ៤៩ប្រទេស បានចូលរួម និងបានរៀបចំពានក្នុង ស្រុកជាច្រើនរួចមកហើយ ៕