ព្រឹត្តិការណ៍

អ្នកជំនាញ​ព្យាករណ៍​ថា វិស័យ​អចលនទ្រព្យ​កម្ពុជា​ អាច​អូសបន្លាយ​ដល់​ចុងឆ្នាំ២០២១ ទើប​ងើប​ឡើងវិញ

ភ្នំពេញៈ ក្រោម​ឥទ្ធិពល​នៃ​វិបត្តិ​ជំងឺ​សាកល ដែល​កំពុង​ញាំញី​សេដ្ឋកិច្ច​ស្ទើរ​គ្រប់​ប្រទេស​លើ​សាកលលោក​ ឱ្យដាំ​ក្បាល​ធ្លាក់ចុះ​នោះ សម្រាប់តែ​ចរន្ត​ ទីផ្សារ​អចលនទ្រព្យ​កម្ពុជា ត្បិត​ថា​ទទួល​នូវ​ឥទ្ធិពល​អវិជ្ជមាន ​មិនសូវ​ធ្ងន់ធ្ងរ​ដូច​គេ ប៉ុន្តែ​ទម្រាំ​ឱ្យ មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ​ដូច​ឆ្នាំ២០១៩ យ៉ាងហោចណាស់ ​រហូតដល់​ចុងឆ្នាំ២០២១ ។

អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Century21 Fortuna Investment បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ថា បើ​ប្រៀបធៀប​ ទៅនឹង​បណ្តា​ប្រទេស​នានា នៅលើ​សាកលលោក ក៏ដូចជា​ប្រទេស​នៅក្នុង​តំបន់ កម្ពុជា​ហាក់​មាន​ភាពល្អប្រសើរ​ជាងគេ​បន្តិច។ ដោយឡែក​សម្រាប់​វិស័យ​អចលនទ្រព្យ ក៏មាន​ស្ថានភាព​មិនអាក្រក់​ខ្លាំង​នោះដែរ ក្រោយ​សកម្មភាព​ទីផ្សារ​ក្នុង​នៅតែ​បន្ត។

លោក​បន្តថា “មួយរយៈ​ពេល​ចុង​ក្រោយនេះ ស្ថានភាព​នៃ​ចរន្ត​ទីផ្សារ​អចលនទ្រព្យ ទាំង​ការអភិវឌ្ឍ ទាំង​ការវិនិយោគ​ទៅលើ​គម្រោង​ធំ​ គឺ​មិនមាន​នោះទេ លើកលែងតែ​ការសាងសង់​គម្រោង ដែល​បាន​បន្សល់ទុក​តាំងពី​ឆ្នាំ​ចាស់​តែប៉ុណ្ណោះ” ។ លោក​បាន​បន្តថា “ការទិញ​លក់​ពេលនេះ ស្ទើរតែ​មិនមាន​ដោយសារតែ​បញ្ហា នៃ​ការ​រាលដាល​ជំងឺ​ក្នុង​សហគមន៍ ដែល​ធ្វើឱ្យ​មនុស្ស​ភាគច្រើន មិន​ហ៊ាន​ចេញ​ក្រៅ​មើល​គម្រោង​អភិវឌ្ឍន៍ ឬ​ដីធ្លី​ដូច​កាលពី​ពាក់កណ្តាល​ឆ្នាំ២០២០នោះទេ” ។

លោក​គិតថា បើទោះជា​ពេលនេះ​ មាន​បណ្តា​ប្រទេសធំៗ នៅលើ​សាកលលោក​ បានចាប់ផ្តើម​ដាក់ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុង​ត្រៀម​ទិញយក​មកប្រើប្រាស់​នៅក្នុង​ប្រទេស​ក៏ដោយ ក៏​ទីផ្សារ​អចលនទ្រព្យ​មួយ ​នៅ​មិនទាន់​អាច​វិល​ ទៅរក​ភាពល្អប្រសើរ​ដូច​ឆ្នាំ២០១៩ ភ្លាមៗនោះដែរ ពោលគឺ​វា​ត្រូវការ​ពេលវេលា​យូរ​បន្តិច។

ស្រដៀង​នឹង​ការលើកឡើង​ខាងលើនេះ ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា “តម្រូវការ​ទីផ្សារ​អចលនវត្ថុ​ក្នុងស្រុក​គឺ​នៅតែ​បន្ត​មាន​ដដែល ជាពិសេស​ផ្នែក​លំនៅដ្ឋាន ខុន​ដូ​កម្រិត​មធ្យម រួម​នឹង​ការប្រើប្រាស់​ដី សម្រាប់​អភិវឌ្ឍន៍​ក្នុង​ទ្រង់ទ្រាយ​មធ្យម និង​ទ្រង់ទ្រាយ ក្រោម​ការបណ្តាក់ទុន​ពី​អ្នក​ក្នុងស្រុក ប៉ុន្តែ​សម្រាប់​គម្រោងធំៗ ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ គឺ​មិនមាន​នោះទេ” ។

លោក​បាន​បន្តថា ត្បិត​ថា ថ្នាំ​បង្ការ​ជំងឺឆ្លង​អាច នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​នៅត្រឹម​ដើមឆ្នាំ២០២១ ប៉ុន្តែ​មិនមែន​មានន័យថា ទីផ្សារ​អចលនទ្រព្យ​នឹងមាន​ភាពល្អប្រសើរ​ ស្របពេល​នៃ​ការប្រើ​ថ្នាំ​បង្ការ​នោះទេ” ។ លោក​បន្តថា“វា​ត្រូវការ​ពេលវេលា​ ក្នុងការ​ស្រោចស្រង់​ឡើងវិញ លុះត្រាតែ​កំណើន​នៃ​ការព្យាបាល ទទួលបាន​លទ្ធផល​ច្រើន ហើយ​ការចម្លង​ត្រូវបាន​ទប់ស្កាត់ បាន​ដោយ​ជោគជ័យ ដែល​វា​ត្រូវការ​ពេល​យូរ។

លោក​ច្រឹ​ក សុខ​នី​ម បាន​អះអាងថា “តាម​ខ្ញុំ​គិត ត្រូវ​ចំណាយពេល​មិនតិចជាង១ឆ្នាំ ឬ​អាច​លើស​នេះ ទើប​អាចមាន​ភាពល្អ​ប្រសើរឡើង​វិញ គ្រាន់តែ​ថា ចាប់ពី​ពាក់កណ្តាល​ឆ្នាំ២០២១ សកម្មភាព​ដែល​ផ្តើមចេញពី​ក្នុងស្រុក នឹង​ចាប់​កម្រើក​ឡើងវិញ​ជាបណ្តើរៗជំនួស​ភាព​អវត្តមាន​របស់​អ្នកវិនិយោគ​ធំ​មកពី​ក្រៅប្រទេស” ៕ ប្រភព ៖ https://www.propertyarea.asia/

Most Popular

To Top