ភ្នំពេញ៖លោក ឡាច ច័ន្ទដារ៉ា បានមានប្រសាសន៍ថា មរណភាពរបស់លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ ជាការបាត់បង់ឧត្តមជនបញ្ញាញាណ ដ៏ប្រសើរដែលជាធនធានមនុស្ស ដ៏កម្រជាឧត្ដមទីប្រឹក្សា ជាអ្នកដឹកនាំ និងបង្កើតនូវសមាគម និងក្លិប សហព័ន្ធកីឡាការ៉ាតេ និងសូរីនហ្ស៊ិ កាំប៉ូ ព្រមទាំងជាគ្រូបង្វឹក និងអប់រំ ផ្លូវកាយ និងចិត្តដល់អ្នកជំនាន់ក្រោយ ជាមួយជីវិតរបស់លោកគ្រូ ឧត្តមការ៉ាតេចារ្យ។
លោកបានបន្តថា លោកគ្រូឧត្តមការ៉ាតេចារ្យ បានចាប់ផ្តើមហ្វឹកហាត់កីឡាការ៉តេ នៅថ្ងៃទី ០១ ខែឧសភា ឆ្នាំ១៩៧០ ហើយបានទទួលខ្សែក្រវ៉ាត់ខ្មៅ ១ដាន់ នៅឆ្នាំ១៩៧៤, ២ដាន់ នៅឆ្នាំ១៩៩៥, ៣ដាន់ នៅឆ្នាំ១៩៩៦, ៤ដាន់ នៅឆ្នាំ១៩៩៧, ៦ដាន់នៅខែធ្នូឆ្នាំ២០០៤, ៧ដាន់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០៩, ៨ដាន់ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៦ និងខ្សែក្រវ៉ាត់ខ្មៅ ៩ដាន់នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០។ លោកគ្រូ ក៏ធ្លាប់បានទៅហ្វឹកហាត់រយៈពេល ៣ ខែនៅប្រទេសជប៉ុន សម្រាប់ការ៉ាតេ វ៉ាដូរីយូ (Wado-Ryu) នៅឆ្នាំ២០០០ និងជាកម្មសិក្សាការី អាជ្ញាកណ្តាល-ចៅក្រម សហព័ន្ធការ៉ាតេ អាស៊ី នៅ Macau នៅឆ្នាំ២០០៥។
ក្រៅអំពីកីឡាការ៉ាតេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ក៏បានហ្វឹកហាត់កីឡា សូរីនហ្ស៊ិ កាំប៉ូ ដោយទទួលបានខ្សែក្រវ៉ាត់ខ្មៅ ៣ដាន់ នៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០១៨។ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ ជាសមាជិកពេញសិទ្ធ USA Nihon Koden Shindo Ryu Federation នៅឆ្នាំ២០០២ ដោយទទួលខុសត្រូវតំបន់អាស៊ីអាគ្នេយ៍។
លោកគ្រូក៏បានទទួលគោរមងារជា “ឧត្តមការ៉ាតេចារ្យ និងជាទីប្រឹក្សាជាន់ខ្ពស់ របស់សហព័ន្ធការ៉ាតេកម្ពុជា” នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
ក្នុងឆ្នាំ ២០១១ បណ្តាប្រទេសក្នុងតំបន់ អាស៊ីអាគេ្នយ៍ ទាំង១១ប្រទេស បានរៀបចំពិធីប្រកួត កីឡា អាស៊ីអាគេ្នយ៍ (Sea Games) លើកទី ២៦ នាខែ វិច្ឆិកា ដែលមានប្រទេសឥណ្ឌូនេស៊ី ធើ្វជាម្ចាស់ផ្ទះ កីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORINJI KEMPO ) ត្រូវបានគេបញ្ចូលជា កីឡាស៊ីហេ្គមដែល មានប្រទេស៧ ត្រៀមចូលរួមប្រកួត។ ពេលនោះ ដោយមានតម្រូវការចូលរួមប្រកួតកីឡានេះ លោកគ្រូឧត្តមការ៉ាតេចារ្យ បានដឹកនាំកីឡាករ កីឡាការិនី ការ៉ាតេ-ដូ ចំនួន ១២រូប ហ្វឹកហាត់ កីឡាសូរីនហ្ស៊ិកាំប៉ូ ( SHORINJI KEMPO ) និងបានដឹកនាំប្រតិភូ កីឡាកម្ពុជាទៅចូលរួមប្រកួត ដែលទទួលបានស្នាដៃគួរជាទីមោទន ហើយសហព័ន្ធកីឡាសូរីនហ្ស៊ិ កាំប៉ូ កម្ពុជា ក៏ត្រូវបានបង្កើត និងដឹកនាំដោយលោកគ្រូ ឧត្តមការ៉ាតេចារ្យ ចាប់ពីពេលនោះមក។
លោកបន្ថែមថា លោកគ្រូ ឧត្តមការ៉ាតេចារ្យ ធ្លាប់បានដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតថ្នាក់អន្តរជាតិជាច្រើន ដូចជា AUKO លើកទី២ នៅប្រទេសហ្វីលីពីន នៅឆ្នាំ១៩៩៥, ទិវាកីឡា នៅលួងព្រះបាង ប្រទេសឡាវនៅឆ្នាំ១៩៩៧, ស៊ីហ្គែមលើកទី១៩ នៅឥណ្ឌូណេស៊ី ឆ្នាំ១៩៩៧, កីឡាអាស៊ីលើកទី ១៣ នៅប្រទេសថៃនៅឆ្នាំ១៩៩៨, ស៊ីហ្គែមលើកទី២០ នៅប្រទេសប្រ៊ុយណេ ដារូសាឡឹម នៅឆ្នាំ១៩៩៩, ស៊ីហ្គែមលើកទី២១ នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០១, ស៊ីហ្គែមលើកទី២២ នៅប្រទេសវៀតណាមនៅឆ្នាំ២០០៣, ស៊ីហ្គែមលើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នៅឆ្នាំ២០១១ និងកីឡាស៊ីហ្គែមលើកទី២៧ នៅប្រទេសមីយ៉ានម៉ា (ភូមា) នៅឆ្នាំ២០១៣។
លោកគ្រូ ឧត្តមការ៉ាតេចារ្យ ធ្លាប់ជាកីឡាករឆ្នើម លោកគ្រូ និងជាអតីតនិស្សិតឆ្នើម ដោយទទួលបានប្រកាសនីយ៍ប័ត្រជាន់ខ្ពស់ (BST) ផ្នែកផែនការសេដ្ឋកិច្ច ក្នុងសម័យរដ្ឋកម្ពុជា និងធ្លាប់បានកាន់មុខតំណែង ជាអគ្គនាយកចំការកៅស៊ូ នៅខេត្តកំពង់ចាម នាសម័យនោះ ហើយដោយនិស្ស័យស្រឡាញ់ កីឡាប្រយុទ្ធជាពិសេស កីឡាការ៉ាតេ លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានលាឈប់ពីមុខតំណែងដ៏សំខាន់នេះ និងបានវិលត្រឡប់មកបណ្តុះបណ្តាល និងបង្វឹកដល់កីឡាករ-កីឡាការិនី ការ៉ាតេ នៅរាជធានីភ្នំពេញវិញ។
លោកគ្រូ ឧត្តមការ៉ាតេចារ្យ បានចំណាយពេលមួយជីវិតរបស់លោកគ្រូ ជាមួយនឹងកីឡាជាពិសេស គឺកីឡាប្រយុទ្ធដែលរួមមាន ការ៉ាតេ និងសូរីនហ្ស៊ិ កាំប៉ូ ដែលនេះគឺជាការលះបង់ដ៏ធំធេងរបស់លោកគ្រូ ដែលបានបោះបង់នូវឱកាស សម្រាប់ការមានបានផ្នែកហិរញ្ញវត្ថុ ដើម្បីតែបុព្វហេតុ កីឡា។ លោកគ្រូ ឧត្តមការ៉ាតេចារ្យ ឡាច ច័ន្ទ សុវណ្ណ បានប្រសូត្រ នៅថ្ងៃទី ០១ ខែមករា ឆ្នាំ១៩៥៣ និងបានទទួលអនិច្ចកម្ម នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៧វស្សា ដោយរោគាពាធ៕
ដោយ៖លី ភីលីព