ព្រឹត្តិការណ៍

ខេត្តរតនៈគិរី​ គ្រោង​បង្កើត​កោះ​សិប្បនិម្មិត ​ទំហំ​ជាង៥ហិកតា​ នៅ​កណ្តាល​បឹង​កន្សែង

រតនៈគីរីៈ កោះ​សិប្បនិម្មិត​ថ្មី​មួយ ដែលមាន​ទំហំ៥,៣១ហិកតា គ្រោង​នឹង​បង្កើតឡើង​នៅ​ចំ​កណ្តាល​ផ្ទៃ​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនៈគីរី ដោយមាន​ការរៀបចំ​ជា​តំបន់​ធម្មជាតិ ជាទី​ជម្រក​សត្វ​ស្លាប ក្នុងនាម​ជា​ផលិតផល​ថ្មី ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំខេត្ត។ នេះ​បើតាម​ការ​បង្ហើប​ប្រាប់​ ពី​រដ្ឋបាលខេត្ត​រតនៈគីរី កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ។

ស្ថិតនៅក្នុង​ផែនការអភិវឌ្ឍន៍ និង​លើកកម្ពស់​សោភ័ណភាព​ក្រុង ដើម្បី​បង្កើន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ រដ្ឋបាលខេត្ត​រតនៈគីរី បានបង្ហាញ​ពី​គម្រោង​រៀបចំ និង​ស្ថាបនា​ទីសាធារណៈ​នានា ជាពិសេស​តំបន់​គោលដៅ ទេសចរណ៍សំខាន់ៗប្រចាំខេត្ត ដែល​ក្នុងនោះ​ ក៏មាន​ការកសាង​កោះ​សិប្បនិម្មិត​លើកដំបូង មិន​ធ្លាប់​មាននៅ​កណ្តាល​ផ្ទៃ​បឹង​កន្សែង ធ្វើជា​ទីជម្រក​សម្រាប់​ប​ណ្តា​សត្វ​ស្លាប បន្ថែម​ពីលើ​សំណង់​អគារ​នានា​ស្ថិតនៅ​ជុំវិញ​បឹង។

អភិបាលខេត្ត​រតនៈគីរី លោក ថង សាវុន បាន​មានប្រសាសន៍​ឱ្យដឹងថា “ការកែប្រែ​មុខមាត់​ថ្មី​របស់​បឹង​កន្សែង នៅក្នុង​ផែនការ​នៃ​ប្លង់​មេ នឹងមាន​ការសាងសង់​អគារ​រដ្ឋបាល អគារ​សារមន្ទីរ អគារ​សាល​តាំងពិព័រណ៍ ទីធ្លា​ចំណតរថយន្ត ផ្លូវ​សម្រាប់​ថ្មើរជើង​នៅ​ជុំវិញ​បឹង សួនច្បារ និង​កោះ​សប្ប​និម្មិត​ជាទី​ជម្រក​សត្វ​ស្លាប​នៅ​កណ្ដាល​បឹង​ផងដែរ” ។

លោក​បាន​បញ្ជាក់ថា បឹង​កន្សែង​មាន​ផ្ទៃ​ទឹក១៨,៨១ហិកតា ស្ថិតនៅ​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង និង​មាន​ដើមឈើ​ដុះ​ស្អេកស្កះ​នៅ​ជុំវិញ​បឹង។ ចំពោះ​អគារ​រដ្ឋបាល អគារ​មហោស្រព​គ្របដណ្ដប់ លើ​ផ្ទៃដី​មាន​ទំហំ១,១៦ហិកតា និង​កោះអណ្តែត៥,៣១ហិត​តា។ លោក​បន្តថា ក្រោយ​ការសាងសង់ និង​រៀបចំ​រួចរាល់ អ្នកទេសចរ​អាច​ជួបជុំគ្នា​ជា​លក្ខណៈ​គ្រួសារ មិត្ត​ភ័ក្តិ អង្គុយ​ទទួលទាន​អាហារ​នៅក្បែរ​មាត់បឹង អម​ជាមួយ​បរិយាកាស​ដ៏​ស្រស់ស្រាយ​របស់​បឹង​កន្សែង។

ប្រធាន​សមាគម​ ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី​ឆាយ ស៊ីវ​លីន បានបង្ហាញ​ពី​ក្ដី​សាទរ​ចំពោះ​គម្រោង និង​ផែនការអភិវឌ្ឍន៍​ខាង​លើ​មួយ​នេះ ដោយ​លោកស្រី​បាន​មានប្រសាសន៍ថា “តាមរយៈ​ផែនការ​នេះ វា​គឺជា​ការបង្កើត​នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ ដែល​មិន​ធ្លាប់មាន​នៅក្នុង​ខេត្ត​មួយ​នេះ” ។

លោកស្រី​បាន​បញ្ជាក់ថា ខេត្ត​រតនៈគីរី ត្រូវបាន​គេ​ស្គាល់​ថា ជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​ដ៏​ល្បីឈ្មោះ ប៉ុន្តែ​អ្វីដែល​សំខាន់បំផុត​នោះ តំបន់​ទេសចរណ៍​ភាគច្រើន​ នៅ​មិនទាន់មាន​ការអភិវឌ្ឍ កែច្នៃ​បន្ថែម​នោះទេ។ មិន​ថា​តំបន់​ទេសចរណ៍​ នៅក្នុង​ខេត្ត​ណា​នោះទេ។ ប្រសិនបើ​មានតែ​រូបភាព និង​ទិដ្ឋភាពដដែលៗ វា​នឹង​ក្លាយជា​ភាពស៊ាំ​របស់​ទេសចរ ដែល​ទៅ​តែម្ដង ​ឬ២ដង​គេ​ណាយចិត្ត​លែង​ចង់ទៅ​ទៀត។

លោកស្រី​ថា “បឹង​កន្លែង​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ក្រុង ដែល​ខេត្ត​ដទៃ​មិនមាន​នោះទេ ប៉ុន្តែ​បច្ចុប្បន្ននេះ ភាព​ទាក់ទាញ​គឺ​នៅមានកម្រិត​បំផុត ដោយសារ​ខ្វះ​ការ​ថែ​រទាំ ខ្វះ​ការរៀបចំ​សណ្តាប់ធ្នាប់​បន្ថែម។ លោក​បន្តថា “ប្រសិនបើ​មានការ​រៀបចំ​ឱ្យបាន​ល្អ ដូច​ទៅនឹង​អ្វីដែល​បានលើកឡើង នៅក្នុង​គម្រោង​ផែនការអភិវឌ្ឍន៍​ខាង​លើ​នេះ ខ្ញុំ​ជឿថា​ភាព​ទាក់ទាញ នៅក្នុង​វិស័យ​ទេសចរណ៍​ក្នុង​ក្រុង​បាន​លុង ក៏ដូចជា​ខេត្ត​រតនៈគីរី​នឹងមាន​ការចាប់អារម្មណ៍​បន្ថែមទៀត” ។

គ្នានេះ លោកស្រី​បាន​ស្ន​ឱ្យមាន​សកម្មភាព​ នៃ​ការរៀបចំ​សណ្ដាប់​ធ្នាក់ រក្សា​អនាម័យ និង​ការកែច្នៃ​បង្កើន​ផលិតផល​ទេសចរណ៍​ថ្មី កើតមាន​ឱ្យបាន​ច្រើន​កន្លែង​បន្ថែមទៀត៕ ប្រភព៖ https://www.propertyarea.asia/

Most Popular

To Top