សំនួរ៖ ចប់ទី១២ ហើយ កូនចង់រៀនអ្វី? មិនមែនចប់ទី១២ហើយ កូនត្រូវតែរៀនមុខជំនាញនេះ ឬមុខជំនាញនោះ ដោយមិនសួរថា តើកូនរបស់អ្នក ស្រលាញ់ជំនាញហ្នឹងដែរទេ ហើយពួកគាត់ចង់រៀនវាដែរអត់?
នាមជាឪពុកម្តាយ គួរតែសួរនាំកូនៗរបស់អ្នក ក៏ដូចជាស្វែងយល់ពីចំណង់ចំណូលចិត្តពួកគេអោយបានច្រើន ជាជាងការសម្រេចចិត្តជំនួស ដែលនាំអោយប៉ះពាល់ដល់អនាគតរបស់ពួកគេ ហើយអ្នកក៏ដូចគ្នា អ្នកគួរតែរៀនស្គាល់ពីខ្លួន និងដឹងថា ខ្លួនពូកែអ្វី ហើយចង់រៀនអ្វី ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន នាពេលអនាគត។ ខាងក្រោមនេះ នឹងប្រាប់អ្នកពីរឿងពិត ដែលអ្នកគួរតែបានដឹង អំពីការជ្រើសរើសមុខវិជ្ជា ដែលត្រូវរៀននៅសាកលវិទ្យាល័យ ៖
១. រៀនអ្វីដែលខ្លួនអត់ស្រលាញ់ រៀនចប់ ធ្វើការមិនកើត ៖ កុំអង្គុយមានមោទនភាព នៅពេលដែលខ្លួនជាមនុស្សដែលពូកែគ្រប់យ៉ាង រៀនអ្វីក៏បាន ពេលរៀននៅថ្នាក់វិទ្យាល័យ ព្រោះពេលដែលអ្នកចូលសាកលវិទ្យាល័យ អ្នកត្រូវរើសមុខវិជ្ជាគោលមួយ មិនមែន ខ្ញុំពូកែ ខ្ញុំរៀនអ្វីក៏បាន ព្រោះមិនចឹងទេ អ្នកប្រាកដជាចំណាយ៤ឆ្នាំចោលទទេ ដោយមិនដឹងថា រៀនដើម្បីអ្វី? រៀនធ្វើអ្វី? រៀនហើយធ្វើការកើតអត់?
២. រៀន ព្រោះតែប៉ាម៉ាក់ អោយរៀន ៖ ជួបហើយ គឺថាអត់ខ្វល់ ព្រោះអាណាព្យាបាលទាំងទ្វេ បានដៅហើយ ត្រូវតែរៀនអាហ្នឹង មិនអាចរៀនអាផ្សេងដាច់ខាត។ អ្នកអាចតាមពួកគាត់ ១ឆ្នាំ ឬ២ឆ្នាំដំបូង ឬបោះបង់ពាក់កណ្តាលទី ព្រោះទ្រាំមិនបាន ឬទៅមុខលែងរួច។ មិនចឹង រៀនដល់ចប់ ដូចគេឯងដែរ តែរកការងារធ្វើអត់បាន ព្រោះរៀនអត់ចេះ រៀនគ្មានគោលដៅ រៀនព្រោះបំពេញបំណងប៉ាម៉ាក់ ចុងក្រោយក៏រត់ទៅធ្វើអ្វី ដែលមិនមែនជាអ្វីដែលខ្លួនបានរៀន ហើយស្រួលមិនស្រួល ធ្វើអ្វីក៏មិនចេញ នៅផ្ទះ។
៣. រៀនមិនចំរៀន ៖ កុំរៀនលំៗ បន្លំៗ អោយដល់ម៉ោងចេញ អាលចេញនឹងគេ ព្រោះបើរៀនបែបហ្នឹង មិនបាច់រៀនទេ ខាតពេល ខាតទឹកចិត្តម៉ែឳដែលខំរកលុយអោយរៀនដោយពិបាក។
៤. រៀនដូចគេ តែគ្មានគោលដៅជីវិត ៖ តេឡេបញ្ជា នៅក្នុងដៃរបស់អ្នក ចុចហើយជ្រើសរើសទៅ ថាគួរតែរៀនអ្វី ដែលខ្លួនស្រលាញ់ និងចូលចិត្ត។ កុំចំណាយពេល បំពេញចំណង់ចិត្តរបស់នរណាម្នាក់ ព្រោះអនាគតរបស់អ្នក គឺអ្នកតែម្នាក់តែអ្នកដែលត្រូវប្រឈមជាមួយវា ៕ sabay